លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក ដែលរងការស៊ើបអង្កេតបទព្រហ្មទណ្ឌពាក់ព័ន្ធគម្រោងជួសជុលការិយាល័យកណ្តាលបានអះអាងថា លោកតែងតែគោរពនីតិរដ្ឋ និងនីតិវិធីត្រួតពិនិត្យរបស់សភា ប៉ុន្តែបានចាត់ទុកចំណាត់ការរបស់ក្រសួងយុត្តិធម៌ក្នុងការស៊ើបអង្កេតលើរូបលោកនេះថា ជាចំណាត់ការដែលមិនធ្លាប់មានពីមុនមក និងធ្វើឡើងដោយសារហេតុផលនយោបាយ។ ទោះជាយ៉ាងណា ភ្លាមៗសេតវិមានមិនបានឆ្លើយតបចំពោះសំណើរបស់សារព័ត៌មាន Fox News Digital ដែលសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Jerome Powell បានកើនឡើងកម្ដៅកាន់តែខ្លាំងដោយសារតែការសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិក ជុំវិញអត្រាការប្រាក់ និងគោលនយោបាយរូបិយវត្ថុ។ លោក ដូណាល់ ត្រាំ បានណែនាំធនាគារកណ្តាលអាម៉េរិក ឱ្យបញ្ចុះអត្រាការប្រាក់ ដែលលោកនិយាយថា អាចជួយឱ្យសហរដ្ឋអាម៉េរិក ចំណេញលុយបានរាប់រយពាន់លានដុល្លារ។
លោក Jerome Powell បានរក្សាអត្រាការប្រាក់គោលឱ្យនៅចន្លោះពី៤,២៥% ទៅ៤,៥០% ខណៈដែលធនាគារកណ្តាលអាម៉េរិក បានប្រើវិធីសាស្រ្តរង់ចាំមើលស្ថានការណ៍ដើម្បីវាយតម្លៃផលប៉ះពាល់នៃពន្ធគយដ៏ទូលំទូលាយរបស់លោក ដូណាល់ ត្រាំ។ ខណៈដែលធនាគារ
កណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ ការវាយប្រហាររបស់លោក ដូណាល់ ត្រាំ ទៅលើលោក Jerome Powell ដែលលោកជាអ្នកជ្រើសតាំងដោយផ្ទាល់ក្នុងឆ្នាំ២០១៧ គឺបានក្លាយទៅជារឿងផ្ទាល់ខ្លួនកាន់តែខ្លាំងឡើង។ ទំនាក់ទំនងដ៏តានតឹងរវាងលោក ដូណាល់ ត្រាំ និងលោក Jerome Powell បានរីករាលដាលកាន់តែខ្លាំងឡើងហួសពីគោលនយោបាយរូបិយវត្ថុ។
សូមបញ្ជាក់ថា ការជួសជុលអគារការិយាល័យដ៏សំខាន់ពីររបស់ធនាគារកណ្តាលអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ២,៥ ពាន់លានដុល្លារ ហើយធនាគារកណ្ដាលអាម៉េរិក ជាអ្នករ៉ាប់រងការចំណាយនេះដោយខ្លួនឯង គឺមិនមែនប្រើលុយរបស់អ្នកបង់ពន្ធនោះទេ៕
ដោយ: តែម សុខុម