វិស័យកាត់ដេរ

GMAC ៖ការអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ នឹងជួយរក្សាការងារកម្មករបានខ្លះ និងលើកម្ពស់ការនាំចេញ


មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)អះអាងថា ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង គឺជាការជួយលើកកម្ពស់ដល់ការនាំចេញ ក្នុងវិស័យកាត់ដេរនៅកម្ពុជា ព្រមទាំងអាចជួយរក្សានូវការងាររបស់កម្មករនិយោជិតក្នុងវិស័យនេះ បានខ្លះៗផងដែរ។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

ការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជានេះ គឺធ្វើឡើង ក្រោយពី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៣ ខែឧសភានេះ ​បាន​ប្រកាសគាំទ្រ និង​លើកទឹកចិត្តឲ្យ​បណ្ដា​​រោងចក្រ​កាត់ដេរ​​ទាំងអស់​នៅកម្ពុជា ចូលរួម​ធ្វើការ​ផលិតម៉ាស​​គ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់​ការពារ​ជំងឺឆ្លង សម្រាប់​បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។

បើតាម​លិខិត​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ បាន​អះអាងថា ការលើកទឹកចិត្ត និងគាំទ្រ​ឲ្យមានការ​ផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ​ និងសម្លៀកពាក់​ការពារ​ជំងឺឆ្លង ដើម្បីផ្គត់ផ្គង់​ក្នុងស្រុក និងនាំចេញ​ទៅលក់​នៅក្រៅប្រទេសនេះ គឺជាការ​ឆ្លើយតប​ទៅនឹងសំណើរ​របស់សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ក្នុងបរិកាណ៍នៃការ​រាតត្បាត​មេរោគ​កូវីដ-១៩  ដែល​កម្ពុជា និងសកលលោក​កំពុង​មានតម្រូវការសម្ភារ​ទាំងនេះ​។ 

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​អះអាងថា ការ​គាំទ្រ និងលើក​ទឹកចិត្ត​​របស់​រាជរដ្ឋាភិបាលនាពេលនេះ គឺជាការគិតគូរ​​ល្អមួយ​ដែលនឹងអាច​ចូលរួមចំណែក​ក្នុងការរក្សា​ការងារខ្លះៗ​សម្រាប់​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ និងជួយលើកកម្ពស់​ការនាំចេញ​ររបស់វិស័យនេះផងដែរ ខណៈដែល​ការបញ្ជា​ទិញសម្លៀកបំពាក់​នាពេល​បច្ចុប្បន្ននេះ បាននិងកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

យ៉ាងណាក៏ដោយចុះ លោក កាំង ម៉ូនីកា គូសបញ្ជាក់ថា មកទល់និងពេលនេះ មិនទាន់មាន​រោងចក្រ​ច្រើនទេ ដែលបាន​ពង្រីក​បន្ថែម​មុខសញ្ញា​ផលិតកម្ម លើមុខទំនិញ​សម្លៀកបំពាក់​ដែលមានស្រាប់ ហើយកិច្ចការនេះ​ពឹងអាស្រ័យ​លើការបញ្ជា​ទិញពីខាងក្រៅផងដែរ។ លើសពីនេះទៅទៀត ជានីតិវិធី ដើម្បីពង្រីក​បន្ថែមមុខ​សញ្ញាផលិតកម្ម រោងចក្រត្រូវបំពេញនីតិវិធីស្នើសុំការអនុញ្ញាតដំបូងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយបន្ទាប់មកមានក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល។ 

លោក កាំង​ ម៉ូនីកា បន្ថែមថា ជាមួយនិងការលើកទឹកចិត្តនេះ សមាគម​រោងចក្រ​កាត់ដេរ សង្ឃឹមថា និតិវិធីស្នើសុំ​ដែលត្រូវបំពេញ​និងចំណាយ​ពេលកាន់តែឆាប់ ដោយមានការសម្រួល​ជាពិសេស​ពីស្ថាប័នពាក់ព័ន្ធ​របស់រដ្ឋ។

សូមបញ្ជាក់ថា បើតាមការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរកម្ពុជា កាលពីទី ១២ ខែឧសភានេះបានឲ្យដឹងថា ចំនួនរោងចក្រដែលបានព្យួរការងារ មានការកើនឡើងដល់ទៅជាង ១៩០ រោងចក្រហើយ និងបានប៉ះពាល់​ដល់ការងារ​កម្មករនិយោជិតជាង ១៣ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម ស្នើទៅរដ្ឋសភាឲ្យលើកលែងពន្ធលើដីកសិកម្ម ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះឲ្យកាន់តែ​ខ្លាំងក្លា

ព័ត៌មាន
ដ្បិតតែវៀតណាម ជាប្រទេសនាំចេញផលិតផលកសិកម្មច្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្ដែ នៅក្នុងប្រទេសនេះ ក៏មានដីស្រែជាច្រើនត្រូវបានគេបោះបង់ចោលដែរ…

ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនរបស់អូស្ត្រាលីមួយដែលមានឈ្មោះថា SUNRISE កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ