ព្រឹទ្ធសភាអាម៉េរិក បានអនុម័តច្បាប់ដ៏ទូលំទូលាយកាលពីយប់ថ្ងៃអង្គារ ដោយតម្រូវឱ្យក្រុមហ៊ុន ByteDance ដកប្រតិបត្តិការ TikTok ចេញពីទឹកដីអាម៉េរិកក្នុងពេល២៧០ថ្ងៃ ឬស្មើនឹង៩ ខែ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក បៃដិន បានចុះហត្ថលេខាចូលជាធរមានកាលពីថ្ងៃពុធ។ កម្មវិធិវីដេអូខ្លីៗដ៏ពេញនិយម TikTok នេះ នឹងត្រូវដកខ្លួនចេញពីកម្មវិធីអេបទាំងអស់នៅក្នុងទឹកដីអាម៉េរិក ហើយនឹងត្រូវបានរារាំងដោយអ្នកផ្តល់អ៊ីនធឺណិតទូទាំងប្រទេសនេះ ប្រសិនបើក្រុមហ៊ុននេះមិនបានលក់ចេញតាមកាលកំណត់ទេនោះ។
នាឡិកាសម្រាប់រាប់រយៈពេល២៧០ថ្ងៃ បានចាប់ផ្តើមហើយបន្ទាប់ពីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់នេះ ហើយកាលបរិច្ឆេទនេះ ត្រូវបានគេរំពឹងថា នឹងផុតកំណត់នៅចុងខែមករា ឆ្នាំ២០២៥ ដែលស្របនឹងការសម្ពោធប្រធានាធិបតីថ្មីរបស់អាម៉េរិកផងដែរ។ ច្បាប់នេះអាចអនុញ្ញាតឱ្យបន្តពន្យារពេល៣ខែទៀតតាមការសម្រេចចិត្តរបស់លោក បៃដិន ឬក៏បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។
ប្រធានក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេ ByteDance មិនបានឆ្លើយបំភ្លឺជុំវិញករណីនេះទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក ស៊ូ ហ្ស៊ី ឆូ (Shou Zi Chew) បាននិយាយថា ក្រុមហ៊ុនរបស់លោករំពឹងថា នឹងឈ្នះការប្រឈមផ្នែកច្បាប់ណាមួយប្រឆាំងនឹងច្បាប់នេះ។
លោក ស៊ូ ហ្ស៊ី ឆូ បាននិយាយក្នុងវីដេអូមួយដែលបានបង្ហោះភ្លាមៗបន្ទាប់ពីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់នេះហើយថា លោកសុំបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងមិនទៅណាទេ ហើយថា អង្គហេតុ និងរដ្ឋធម្មនុញ្ញ គឺស្ថិតនៅខាងក្រុមហ៊ុននេះ ដូច្នេះហើយក្រុមហ៊ុននេះរំពឹងថា នឹងទទួលបានយុត្តិធម៌ម្តងទៀត៕
អត្ថបទ៖ សុខ មង្គល