ការទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃសភាតំណាងរាស្ត្រអាមេរិកនេះ គឺបានធ្វើឡើងនៅចំពេលដែលចំនួនពលរដ្ឋអាមេរិកដែលបានស្លាប់ដោយមេរោគកូវីដ-១៩ បាន កើនឡើងលើសកន្លះលាននាក់ហើយ ខណៈដែលពលរដ្ឋជាច្រើនលាននាក់ផ្សេងទៀតបានបាត់បង់ការងារធ្វើ ដោយសារតែបញ្ហាមេរោគរាតត្បាតនេះ។
ច្បាប់កញ្ចប់ថវិកាជិត២ទ្រីលានដុល្លារអាមេរិកនេះ គឺនឹងប្រើប្រាស់លើគោលបំណងជំរុញសេដ្ឋកិច្ចអាមេរិក និងអនុវត្តតាមសំណើររបស់ប្រធានាធិបតីអាមេរិក ក្នុងការផ្ដល់ថវិកាបន្ថែមសម្រាប់ការទិញថ្នាំវ៉ាក់សាំង និងឧបករណ៍សម្ភារសុខាភិបាលផ្សេងៗទៀត។
អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «យើងត្រូវមានសកម្មភាពបត់បែន ដើម្បីបញ្ចប់ការរាតត្បាតនៃមេរោគនេះ ហើយដើម្បីទប់ស្កាត់ការរកទុក្ខលើមនុស្សជាច្រើនលាននាក់ទៀត»។
ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បាននិយាយថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សេតវិមាន និងព្រឹត្តិសភា បានជួយរក្សាច្បាប់ថវិកានេះ ដើម្បីឲ្យឈានដល់ការអនុម័តដោយសភាទាំងពី និងបញ្ជូនទៅឲ្យលោក បៃឌិនចុះហត្ថលេខាឲ្យបានមុនថ្ងៃទី ១៤ ខែមីនាខាងមុខនេះ។
ក្រុមគណៈបក្សសាធារណរដ្ឋឯណោះវិញប្រឆាំងនឹងវិធានការនេះ ដោយលើកឡើងថា វាជាការចំណាយច្រើនហួស និងនិយាយថា គោលនយោបាយរបស់ច្បាប់ថវិកានេះត្រូវការ ការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក។
ទោះយ៉ាងណា លោកចូបៃឌិន និងក្រុមរបស់លោកចង់ឲ្យគម្រោងកញ្ចប់ថវិកានេះ ត្រូវបានឆ្លងការអនុម័តឆាប់ៗ ដើម្បីពន្លឿនការចំណាយដោយផ្ទាល់ទៅកាន់គ្រួសារពលរដ្ឋអាមេរិក ក៏ដូចជាពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើ ការជួយដល់រដ្ឋ និងថ្នាក់មូលដ្ឋានជាដើម។
សូមបញ្ជាក់ថា កញ្ចប់ថវិកាជិត២ទ្រីលានដុល្លារអាមេរិក មិនត្រឹមតែជាក្ដីសង្ឃឹមក្នុងការស្ដារសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែ ពិភពលោកទាំងមូលក៏កំពុងទន្ទឹងរង់ចាំមើលកញ្ចប់ថវិកានេះដែរ ព្រោះបើអាមេរិកដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារអាមេរិកនេះមែន នោះវានឹងជួយឲ្យសេដ្ឋកិច្ចពិភពលោកនឹងស្ទុះងើបឡើងវិញ ឬអាចនិយាយបានថាអាចងើបធូរស្រាលពីវិបត្តិកូវីដ-១៩ បានលឿនជាងមុន ដ្បិតថាអាមេរិកជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក៕