ច្រកសមុទ្រហ័រម៉ូស

អាម៉េរិក បង្កើនកញ្ចប់ធានារ៉ាប់រងដល់៤០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រម៉ូស


ដើម្បីឆ្លើយតបនឹងវិបត្តិសន្តិសុខផ្លូវទឹក សហរដ្ឋអាម៉េរិក បានសម្រេចបង្កើនកញ្ចប់ធានារ៉ាប់រងទ្វេដងរហូតដល់៤០ពាន់លានដុល្លារ សម្រាប់នាវាដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ ផែនការនេះ មានការចូលរួមគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងយក្សៗលំដាប់ពិភពលោកដូចជា AIG និង Berkshire Hathaway ជាដើម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times កាលពីថ្ងៃទី៤ ខែមេសា វិធានការនេះធ្វើឡើងដើម្បីស្ដារទំនុកចិត្តឡើងវិញ បន្ទាប់ពីខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកលរងការរអាក់រអួលយ៉ាងខ្លាំង។
ច្រកសមុទ្រហ័រម៉ូស
ដោយ

ស្របពេលដែលអ៊ីរ៉ង់ នៅតែបន្តបិទច្រកសមុទ្រ Hormuz សហរដ្ឋអាម៉េរិកបានដាក់ចេញនូវយុទ្ធសាស្ត្រហិរញ្ញវត្ថុថ្មី ដោយបង្កើនទំហំធានារ៉ាប់រងដល់៤០ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនដឹកជញ្ជូនហ៊ានបញ្ជូននាវាឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះឡើងវិញ។ កម្មវិធីនេះ ដើរតួជាខ្នងបង្អែកការពារហានិភ័យដល់ក្រុមហ៊ុនធានារ៉ាប់រងនានា ដែលហ៊ានចេញមុខធានាលើសុវត្ថិភាពនាវាក្នុងតំបន់ដែលកំពុងមានជម្លោះ។

គោលដៅចម្បងនៃយុទ្ធនាការនេះ គឺដើម្បីបញ្ឈប់វិបត្តិថាមពលសកល។ គួររំលឹកថា ច្រកសមុទ្រ Hormuz គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយផ្ទុកនូវការដឹកជញ្ជូនប្រេងឆៅប្រមាណ២០% និងឧស្ម័នធម្មជាតិរាវ (LNG) ដល់ទៅ៣០% នៃតម្រូវការពិភពលោក។ ការបិទច្រកនេះដោយអ៊ីរ៉ង់ដើម្បីជាការសងសឹកចំពោះការវាយប្រហារពីសំណាក់អាម៉េរិក និងអ៊ីស្រាអែលនេះ បានធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ប្រទេសប្រើប្រាស់ប្រេងធំៗដូចជាឥណ្ឌាជាដើម។

ទោះបីជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងក្រាស់ក្រែលក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនជាច្រើននៅតែបង្ហាញភាពរារែក។ កង្វល់ដ៏ចម្បងមិនមែនត្រឹមតែរឿងលុយកាក់នោះទេ ប៉ុន្តែគឺសុវត្ថិភាពនាវិក និងនាវា។ នាវានៅតែប្រឈមមុខនឹងការវាយប្រហារពីដ្រូនអត្តឃាត មីស៊ីល និងមីនសមុទ្ររបស់អ៊ីរ៉ង់ ខណៈដែលការធានាលើការអមការពារដោយកងទ័ពជើងទឹកអាមេរិកនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

ជារួមបើទោះបីជាសហរដ្ឋអាម៉េរិកខំប្រឹងពង្រឹងខែលហិរញ្ញវត្ថុយ៉ាងណាក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់ ដើម្បីឱ្យចរាចរណ៍នាវាត្រឡប់មកសភាពដើមវិញទាំងស្រុងនោះទេ លុះត្រាតែមានការធានាផ្នែកសន្តិសុខយោធាជាក់ស្ដែងនៅក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ជំរុញឱ្យបណ្ដាប្រទេសមហាអំណាចកុំស្តុកទុកប្រេងក្នុងគ្រាមានសង្គ្រាម ដែលអាចធ្វើឱ្យទីផ្សារថាមពលពិភពលោកក្រឡាប់ចាក់

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញមុខព្រមានយ៉ាងធ្ងន់ៗថា បណ្ដាប្រទេសនានាត្រូវតែបញ្ឈប់សកម្មភាពស្តុកទុកប្រេង និងឥន្ធនៈក្នុងអំឡុងពេល…

កូកា-កូឡា ជួយឱ្យគ្រួសារជួបការលំបាក ជាង ២០០០ គ្រួសារ អាច «ដើរផ្សារមិនអស់លុយ» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦

ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ