ការធ្វើប្រតិបត្តិការយោធារបស់ចិននេះ គឺធ្វើឡើងនៅក្រោយពេលមានដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ដ្បិតចិនចោទប្រកាន់អាមេរិកថា បានបំពានអធិបតេយ្យភាពរបស់ខ្លួនហើយនាពេលនេះ។
ទាហានជាង ៥ ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរីបានចូលរួមនៅក្នុងសមយុទ្ធរួមគ្នាសម្រាប់ឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីសមយុទ្ធនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩មក។
ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីហ្សាកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងអន្តរប្រតិបត្តិការ សមត្ថភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ឧត្តមសេនីយលោក Charles Flynn អគ្គបញ្ជាការនៃកងទ័ពអាមេរិកប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា វាជានិមិត្តសញ្ញានៃចំណងអាមេរិក-ឥណ្ឌូនេស៊ី និងទំនាក់ទំនងដែលចេះតែកើនឡើងរវាងកងកម្លាំងជើងគោកនៅក្នុងតំបន់នេះ ដោយសារតែកម្លាំងជើងគោក គឺការរួមសាមគ្គីគ្នាយ៉ាងស្អិតល្មួតសម្រាប់ការកសាងសន្តិសុខរបស់តំបន់នេះរួមគ្នា។
លោក Flynn និងមេបញ្ជាការយោធាឥណ្ឌូនេស៊ីលោក Andika Perkasa បានបើកសមយុទ្ធរួមគ្នានេះជាមួយពិធីមួយនៅព្រឹកថ្ងៃពុធនេះនៅទីក្រុង Baturaja ដែលជាទីក្រុងឆ្នេរសមុទ្រនៅខេត្តស៊ូម៉ាត្រាខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ សមយុទ្ធនេះនឹងមានរយៈពេលដល់ថ្ងៃទី១៤ ខែសីហា ដែលរួមមានសមយុទ្ធកងទ័ពជើងទឹក ទ័ពអាកាស និងសមយុទ្ធផ្លូវសមុទ្រផងដែរ។
សមយុទ្ធដែលគ្រោងនឹងធ្វើរយៈពេល២សប្តាហ៍នេះបានចាប់ផ្ដើមឡើងបន្ទាប់ពីក្រសួងការពារជាតិចិនបាននិយាយពីយប់ថ្ងៃអង្គារថា ចិននឹងធ្វើប្រតិបត្តិការយោធាតាមគោលដៅជាបន្តបន្ទាប់ដើម្បីការពារអធិបតេយ្យភាពជាតិ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយកន្លងមកចិនក៏បានព្រមានខ្លាំងៗទៅអាមេរិកផងដែរ ថាកុំប្រលែងលេងជាមួយភ្លើងឲ្យសោះ ជុំវិញសំណុំរឿងកោះតៃវ៉ាន់នេះ៕
អត្ថបទ៖ សុខ ជា