អតិផរណានៅសហរដ្ឋអាម៉េរិក បានកើនឡើងខ្លាំងជាងការរំពឹងទុកទៅទៀតនៅក្នុងខែកុម្ភៈ ដែលជាការបន្តកើនឡើងមិនចេះឈប់ឈរ ចាប់ពីខែមករា ឆ្នាំ២០២៤ ហើយការកើនឡើងនេះបានបញ្ជូនសញ្ញាគួរឱ្យព្រួយបារម្ភពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិកដែលជិតមកដល់ហើយ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើងជាង ៣.២ % ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកើនខ្ពស់ជាងបន្តិចបើធៀបនឹងខែមករា ដែលមានអត្រា ៣.១% និងបានកើនខ្ពស់ជាងការព្យាករដែលថានឹងមាន ៣.១%។
ដោយមិនរាប់បញ្ចូលសមាសធាតុ ដូចជា ថាមពល និងអាហារ អត្រាអតិផរណាស្នូលបានឈានដល់៣.៨% ជារៀងរាល់ឆ្នាំ ហើយបើទោះជាវាមានការថយចុះតិចតួចពីខែមករា ដែលមានអត្រា ៣.៩%ក៏ដោយ ប៉ុន្តែវានៅតែកើនខ្ពស់ជាងការរំពឹងទុកថានឹងមានអត្រា៣.៧%។ អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិក នៅតែខ្ពស់ជាងការកំណត់គោលដៅ២% របស់ធនាគារកណ្តាលអាម៉េរិកសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។
ធនាគារកណ្តាលអាម៉េរិកគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ខ្លួនក្នុងពេលមួយសប្តាហ៍ទៀត។ បើគ្មានការផ្លាស់ប្ដូរចំពោះអត្រាការប្រាក់ទេ តាមការរំពឹងទុក ក្រុមវិនិយោគិន នឹងវិភាគយ៉ាងដិតដល់ពីការព្យាករសេដ្ឋកិច្ចដែលបានកែសម្រួលឡើងវិញរបស់ធនាគារកណ្ដាលអាម៉េរិក។
ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាល បានប៉ាន់ប្រមាណថា អតិផរណាជាមធ្យមនឹងមានកម្រិត២.៤%នៅឆ្នាំ២០២៤ ហើយនឹងធ្លាក់ចុះមកនៅត្រឹមតែ២.១% នៅឆ្នាំ២០២៥ ហើយទីបំផុតនឹងសម្រេចបានតាមគោលដៅ២% នៅឆ្នាំ២០២៦។ ដើម្បីសម្រេចបានតាមការព្យាករនេះ ធនាគារកណ្តាលអាម៉េរិក បានបង្ហាញពីលទ្ធភាពកាត់បន្ថយអត្រាការប្រាក់៣លើក នៅឆ្នាំ២០២៤ បួនលើកនៅឆ្នាំ២០២៥ និងពីរលើកទៀត នៅឆ្នាំ២០២៦ខាងមុខ។ក៏ប៉ុន្តែធនាគារកណ្ដាលនេះ អាចនឹងកែតម្រូវការព្យាកររបស់ខ្លួនឡើងវិញដោយសារតែបញ្ហាប្រឈមចំពោះការមិនទាន់អាចទាញកម្រិតអតិផរណាទៅរកអត្រា ២% តាមការកំណត់របស់ខ្លួនបានឡើយ៕
អត្ថបទ៖ សុខ ជា