ប្រភពព័ត៌មានចារកម្មអាម៉េរិកដ៏គួរឲ្យទុកចិត្តបានបានទម្លាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ នៅតែមានមូលដ្ឋានអំណាច និងជំហររឹងមាំ និងមិនមានសញ្ញា នៃហានិភ័យដែលអាចឈានដល់ការដួលរលំនៅឡើយទេ បើទោះបីជារងការធ្វើមហាបាតុកម្ម និងការវាយប្រហារឥតឈប់ឈរពីអាម៉េរិក និងអ៊ីស្រាអែលអស់រយៈពេលជិតពីរសប្តាហ៍ក៏ដោយ។ របាយការណ៍ចារកម្មជាច្រើនបានផ្តល់ការវិភាគស្របគ្នាថា របបនេះមិនស្ថិតក្នុងគ្រោះថ្នាក់ នៃការដួលរលំឡើយ ហើយផ្ទុយទៅវិញរបបនេះនៅតែរក្សាការគ្រប់គ្រងលើសាធារណជន និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដ៏រឹងមាំ ដែលទាំងអស់នេះជាអាវក្រោះដ៏មានប្រសិទ្ធភាព ដើម្បីការពារអំណាចរបស់របបបព្វជិតនេះ។
របាយការណ៍ចុងក្រោយបំផុតបានបញ្ជាក់ថា ការស្វែងរកការបញ្ចប់សង្គ្រាម ដែលអាចទទួលយកបានតាមគោលបំណងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចជាការលំបាក ប្រសិនបើរបបនេះនៅតែគ្រប់គ្រងយ៉់ាងរឹងមាំលើកងកម្លាំងឆ្មាំបដិវត្តន៍នៅក្នុងប្រទេស។
របាយការណ៍ស៊ើបការណ៍សម្ងាត់នេះ ក៏បានគូសបញ្ជាក់ពីភាពស៊ីសង្វាក់គ្នា នៃថ្នាក់ដឹកនាំបព្វជិតអ៊ីរ៉ង់ ទោះបីជាមានការសម្លាប់មេដឹកនាំកំពូលលោក អាយ៉ាតូឡា អាលី ខាមេនី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក៏ដោយ។
ស្ថានភាពនេះបានបង្ខំឱ្យអាម៉េរិកត្រូវរិះរកយុទ្ធវិធីថ្មី ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។ តាមប្រភពដដែលខាងលើ វ៉ាស៊ីនតោន កំពុងពិចារណាលើការផ្ដល់ជំនួយ និងការគាំទ្រសព្វាវុធដល់ក្រុមប្រដាប់អាវុធឃឺត ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់។ គោលបំណងធំ នៃយុទ្ធសាស្ត្រនេះ គឺដើម្បីបើកការវាយប្រហារច្រកចេញពីភាគខាងលិច បង្កើតជាសម្ពាធផ្ទួនៗទៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងផ្ដល់ឱកាសឱ្យពលរដ្ឋក្នុងស្រុកងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល។
ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ទាំងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ និងសេតវិមាននៅមិនទាន់ចេញមុខបញ្ជាក់ ឬធ្វើអត្ថាធិប្បាយផ្លូវការជុំវិញរបាយការណ៍នេះនៅឡើយទេ។ អ្នកវិភាគយល់ថា បើអ៊ីរ៉ង់នៅតែអាចរក្សាភាពស្អិតរមួត នៃកងកម្លាំងឆ្មាំបដិវត្តន៍បាន សង្គ្រាមនេះអាចនឹងអូសបន្លាយយូរជាងការរំពឹងទុករបស់លោក ដូណាល់ ត្រាំ៕
ដោយៈ សរ សុជាតិ