ការផ្ដួចផ្ដើមនូវគំនិតអភិវឌ្ឍបណ្ដាញ 6G ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ពិភពលោក ពីសំណាក់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ គឺធ្វើឡើងបន្ទាប់ពីមានជំនួបកំពូលមួយ រវាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ជាមួយនឹងលោក យូហ្ស៊ីហ៊ីដេ សូហ្គា នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងទីក្រុងវ៉ាស៊ិនតោននាពេលថ្មីៗនេះ។ តាមរយៈកិច្ចសហការនេះ ប្រទេសទាំងពីរនឹងវិនិយោគទៅលើការស្រាវជ្រាវ អភិវឌ្ឍ ការសាកល្បង និងការដាក់ពង្រាយបណ្ដាញសុវត្ថិភាព រួមទាំងបច្ចេកវិទ្យាព័ត៌មានជឿនលឿន ដែលបម្រើដល់ការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យាដ៏ទំនើប គឺ 6G។
ក្នុងនោះដែរ សហរដ្ឋអាមេរិក បានយល់ព្រមនឹងចូលរួមផ្ដល់ថវិកាវិនិយោគ ២ពាន់៥រយលានដុល្លារ ខណៈដែលខាងភាគីជប៉ុននឹងផ្ដល់២ពាន់លានដុល្លារអាមេរិក។
ជុំវិញនឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា 5G នាពេលកន្លងមកនេះដែរ សហរដ្ឋអាមេរិក និងជប៉ុន ត្រូវបានគេមើលឃើញថា ហាក់បីដូចជាដើរក្រោយគេបន្តិច បើប្រៀបធៀបនឹងចិន។ ជាក់ស្ដែង ក្រុមហ៊ុនចិន Huawei និង ZTE បានកាន់កាប់ចំណែកដល់ទៅ ៤០% នៃស្ថានីយមូលដ្ឋានសម្រាប់បណ្ដាញបច្ចេកវិទ្យា 5Gនេះ។ រីឯ ក្រុមហ៊ុនអឺរ៉ុប Eriksson និង Nokia ក៏ដូចជាក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងវិញ សរុបបញ្ចូលគ្នាមានចំណែកទីផ្សារដល់ទៅ ៩០% ឯណោះ។
បើនិយាយពីអាជ្ញាបណ្ណ និង បណ្ណបាតង់ 5G ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Qualcomm វិញមានប្រហែល ១០% ប្រហាក់ប្រហែលទៅនឹងក្រុមហ៊ុនចិន Huawei ដែរ ប៉ុន្ដែក្រុមហ៊ុនជប៉ុន NTT Docomo មានអាជ្ញាបណ្ណ និង បាតង់ 5G ត្រឹមតែ៥% ប៉ុណ្ណោះ។
សម្រាប់ប្រទេសចិន កំពុងមានទំនុកចិត្តលើការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យានេះកាន់តែខ្លាំងឡើង បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការលើបណ្ដា 5G នេះជាមួយបណ្ដាប្រទេសជឿនលឿនផ្សេងទៀត ហើយចិនក៏បានប្តេជ្ញាក្នុងការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យា 6G ឲ្យបានជោគជ័យផងដែរ។ ជាក់ស្ដែង នៅក្នុងផែនការមេសម្រាប់រយៈពេល៥ឆ្នាំថ្មី របស់រដ្ឋាភិបាលចិន ដែលបានអនុម័តកាលពីខែមីនាកន្លងទៅនេះ ក៏មានបញ្ចូលនូវការអភិវឌ្ឍបណ្ដាញ 6G នេះដែរ។
បើតាមសារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលជប៉ុន មានការយឺតយ៉ាវក្នុងការចាប់ផ្ដើមប្រណាំងប្រជែងទាក់ទងនឹងបណ្ដាញ 5G ហើយបើទោះបីជា ជប៉ុនមានបច្ចេកវិទ្យាប្រសើរជាងគេក៏ដោយ ប៉ុន្ដែ នៅតែមិនអាចប្រជែងបានចំណែកទីផ្សារនេះដដែល។
ដើម្បីកុំឲ្យខកខានដូចលើកមុន សម្រាប់លើកនេះ ជប៉ុនបានប្តេជ្ញាក្នុងការប្រណាំងប្រជែងលើឆាកអន្តរជាតិ ក្នុងការអភិវឌ្ឍបណ្ដាញ 6G ឲ្យបានមុនគេ និងមានគោលដៅបង្កើនចំណែកនៃការទទួលបានអាជ្ញាបណ្ណ ឬបាតង់ 6Gនេះ ឲ្យបានដល់ ១0% នៅពេលខាងមុខ៕