ទោះយ៉ាងណា ការប្រកាន់ និងក្ដីបារម្ភទាំងនេះ ក៏ត្រូវបាននាយកក្រុមហ៊ុន TikTok ពន្យល់បកស្រាយទៅវិញដែរ ប៉ុន្ដែ វានៅតែមានភាពស្រពិចស្រពិល ថាតើ ចុងក្រោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងមានការសម្រេចបែបណាចំពោះ TikTok ? ឲ្យបន្ដប្រើប្រាស់ដែលស្ថិតនៅក្រោមការឃ្លាំមើលរឹតត្បិតខ្លះៗ? ឬក៏ត្រូវហាមឃាត់ លែងឲ្យប្រើប្រាស់នៅអាមេរិកជាស្ថាពរតែម្ដងនោះ?
នៅអំឡុងពេលផ្ដល់សក្ខីកម្មជាងប្រាំម៉ោងទៅកាន់សភាអាមេរិក លោក Shou Zi Chew ប្រធានប្រតិបត្តិ TikTok បានធ្វើការបដិសេធជាច្រើនដង ចំពោះបទចោទដែលថាទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិកមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ហើយលោកបានប្រកែកថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់អាមេរិកទាំង ១៥០ លាននាក់។
លោក Chew បានបន្ថែមថា អស់រយៈពេលជាង ២ ឆ្នាំហើយក្រុមហ៊ុន TikTok បាននិងកំពុងកសាងរបាំងដើម្បីបិទ និងការពារទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកពីប្រព័ន្ធចារកម្ម និងការលួចទិន្នន័យជាដើម។ លោកបានសង្កត់ធ្ងន់ថា «ទិន្នន័យអាមេរិកត្រូវបានរក្សាទុកនៅលើទឹកដីអាមរិក ដោយក្រុមហ៊ុនអាមេរិក និងគ្រប់គ្រងដោយជនជាតិអាមេរិក»។
បើទោះបីជាមានការបកស្រាយយ៉ាងណាក៏ដោយ នៅក្នុងការចោទសួរនោះ គេមិនឃើញមានសមាជិកសភាអាមេរិកណាម្នាក់ ផ្តល់ការគាំទ្រចំពោះការលើកឡើងរបស់ប្រធានក្រុមហ៊ុន TikTok នេះទេ។ ផ្ទុយទៅវិញ ពួកគេទាំងនោះបែរជាលើកឡើងពីការបកស្រាយរបស់លោក ឈូ ថាគឺជាលេស និងសំដែងពីការព្រួយបារម្ភចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រទេសចិន និងប៉ះពាល់ទៅលើកុមារអាមេរិក។ ដោយឡែក អ្នកផ្សេងទៀតបានចោទប្រកាន់ TikTok ពីការផ្សព្វផ្សាយខ្លឹមសារដែលលើកទឹកចិត្តដល់បញ្ហានៃការហូបចុកក្នុងចំណោមកុមារ ការលក់គ្រឿងញៀនខុសច្បាប់ និងការកេងប្រវ័ញ្ចផ្លូវភេទផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ការបង្ខំឱ្យ TikTok លក់ភាគហ៊ុននៅខ្លួនពីអាមេរិក នឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគមកពីជុំវិញពិភពលោក រួមទាំងប្រទេសចិនផងដែរ ក្នុងការបណ្តាក់ទុននៅសហរដ្ឋអាមេរិក» ហើយ ប្រទេសចិននឹងប្រឆាំងនឹងការលក់ភាគហ៊ុនរបស់ TikTok ដាច់ខាតតែម្ដង។ បើតាមកាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងគេថា អាជ្ញាធរអាមេរិកកំពុងពិចារណាហាមឃាត់ TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance មិនលក់ភាគហ៊ុនរបស់ខ្លួនចេញពីក្រុមហ៊ុនដែលគ្រប់គ្រងដោយប្រទេសចិននេះទេនោះ។
យ៉ាងណាក៏ដោយចុះ មានអ្នកវិភាគមួយចំនួនបានលើកឡើងថា បើទោះបីជា សហរដ្ឋអាមេរិក អាចនឹងសម្រេចហាមឃាត់ការប្រើប្រាស់ TikTok ទាំងស្រុងក៏ដោយ ប៉ុន្ដែ ផ្អែកទៅលើលទ្ធភាពជាក់ស្ដែង និងបទពិសោធន៍កន្លងមក ការចូលជាធរមាននៃវិធានការនេះ គឺនឹងមិនអាចអនុវត្តបានឆាប់ៗនោះឡើយ៕