
លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា ការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក រហូតដល់ប្រមាណ៣លានដុល្លារ ក្នុងកប៉ាល់មួយគ្រឿងនេះ ប្រាកដណាស់វា នឹងធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិកនឹងមានការកើនឡើង។ កត្តានេះចង់ ឬមិនចង់វានឹងជំរុញឱ្យការចំណាយរបស់អ្នកប្រើប្រាស់សេវាដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូន មានការកើនឡើង។
ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស យល់ឃើញថា ប្រសិនបើសហរដ្ឋអាម៉េរិក ពិតជាដំឡើងថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក មែននោះ ចង់ ឬមិនចង់ វានឹងជះឥទ្ធិពលមួយចំនួនទៅដល់ការដឹកជញ្ជូន និងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ជាក់ជាមិនខាន។ ការវាយតម្លៃបែបនេះ ក៏ដោយសារសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជា ហើយការនាំចេញទំនិញកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ទៀតសោត ភាគច្រើនបានប្រើប្រាស់កប៉ាល់របស់ប្រទេសចិន។ តែយ៉ាងណា ចំពោះផលប៉ះពាល់នៅក្នុងកម្រិតណានោះ ឧកញ៉ា ស៊ិន ចន្ធី នៅមិនទាន់អាចវាយតម្លៃបាននោះទេ ហើយកម្ពុជា គួរគេចចេញពីការប្រើប្រាស់កប៉ាល់របស់ចិន ឬយ៉ាងណានោះ វាអាស្រ័យលើស្ថានភាពជាក់ស្តែង។
ដោយឡែក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានវាយតម្លៃថា ទោះបីមានការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញរបស់ចិន ពីអាម៉េរិកក្តី តែវាទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា នោះទេ ដោយសារកម្ពុជា នៅមានជម្រើសប្រើប្រាស់កប៉ាល់របស់បណ្តាប្រទេសផ្សេងទៀត។ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន ដ្បិតត្រូវប្រកួតប្រជែងជាមួយនឹងបណ្តាក្រុមហ៊ុនដឹកជញ្ជូននៃប្រទេសដទៃ។ បើតាមប្រធានសមាគមរូបនេះ ទោះបីជាក្រុមហ៊ុនដឹកជញ្ជូនទំនិញនោះជារបស់ចិន ក៏ពិតមែន ប៉ុន្តែមិនមែនកប៉ាល់ទាំងអស់របស់ក្រុមហ៊ុននោះមានសញ្ជាតិចិន ទាំងអស់នោះទេ។
គួរជម្រាបថា ដើម្បីទប់ទល់ឥទ្ធិពលរបស់មហាយក្សចិន ដែលឈានមុខគេផ្នែកផលិតកប៉ាល់ដឹកទំនិញកុងតឺន័រ និងភស្តុភារកម្មទូទាំងពិភពលោក និងដើម្បីស្ដារឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាម៉េរិក ឡើងវិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក រហូតដល់ទៅ៣លានដុល្លារក្នុងកប៉ាល់មួយគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន៕