វិស័យដឹកជញ្ជូន

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះច្រកនាំចេញថ្មីកាត់តាមប្រទេសឡាវ ក្នុងការជំរុញការនាំចេញកសិផលខ្មែរទៅចិន?


របត់ថ្មីនៃខ្សែច្រវាក់ភស្តុភារកម្ម និងការនាំចេញរបស់កម្ពុជា បានឈានដល់ជំហានវិជ្ជមានមួយទៀតហើយ បន្ទាប់ពីកម្ពុជា និងឡាវ បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវការដឹកជញ្ជូនកសិផលសាកល្បងចំនួន៦មុខឆ្លងកាត់ទឹកដីឡាវឆ្ពោះទៅកាន់ទីផ្សារចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ក្រសួងកសិកម្ម បានចាត់ទុកសមិទ្ធផលនេះថា ជាឱកាសមាសក្នុងការបើកច្រកសេដ្ឋកិច្ចថ្មី។
វិស័យដឹកជញ្ជូន
ដោយ

យ៉ាងណាមិញក្រុមកសិករ និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនក៏បានបង្ហាញក្តីរំពឹងផងដែរថា តាមរយៈច្រកថ្មីនេះវានឹងជួយជំរុញការការនាំចេញ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កសិផលខ្មែរថែមមួយកម្រិតទៀត។

លោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំចំពោះច្រកនាំចេញកសិផលថ្មីដោយឆ្លងកាត់ប្រទេសឡាវ ក្នុងជួយជំរុញការនាំចេញ បង្កើតភាពប្រកួត និងកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន។ ទោះជាយ៉ាងណា លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធត្រូវតែសិក្សាឱ្យបានហ្មត់ចត់លើជម្រើសមធ្យោបាយដឹកជញ្ជូន ថាតើគួរប្រើប្រាស់រថយន្ត ឬផ្លូវរថភ្លើង ដើម្បីធានាសុវត្ថិភាពទំនិញ កាត់បន្ថយការខូចខាត និងធានាបាននូវតម្លៃទាបសម្រាប់កសិករ។

ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មរំពឹងថា តាមរយៈផ្លូវដឹកជញ្ជូនឆ្លងកាត់ឡាវនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងមានតម្លៃសមរម្យជាងមុន ដោយសារមានភាពស៊ីចង្វាក់គ្នានឹងបណ្តាញដឹកជញ្ជូនទៅកាន់ចិន ដែលវានឹងបង្កើនប្រាក់ចំណេញដល់កសិករមួយកម្រិតទៀត។ តែយ៉ាងណាលោកយល់ថា កសិករត្រូវតែសិក្សាស្វែងយល់ពីនីតិវិធីច្បាប់ និងត្រៀមស្វែងរកយន្តការអន្តរាគមន៍នានានៅពេលជួបបញ្ហាប្រឈម។

ជាមួយគ្នានេះលោក នួន មួន ប្រធានសហគមន៍មៀនរតនមណ្ឌលនៅខេត្តបាត់ដំបង បានសម្តែងក្តីរំភើប និងរំពឹងថា ផ្លែមៀនប៉ៃលិននឹងមានតម្លៃល្អជាងមុន។ ទន្ទឹមនឹងនេះ លោក បានឆ្លៀតសំណូមពរដល់ក្រុមហ៊ុន ឬរោងចក្រចុះកិច្ចសន្យាប្រមូលទិញឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដើម្បីជៀសវាងករណីឆបោកទំនុកចិត្តកសិករដូចបណ្តាឆ្នាំមុនៗ។

ដោយឡែកអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជារំពឹងថា តាមរយៈច្រកដឹកជញ្ជូនថ្មីនេះ វានឹងជួយពាំនាំកសិផលខ្មែរចូលទៅកាន់ទីផ្សារចិនកាន់តែមានភាបងាយស្រួល និងច្រើនបន្ថែមទៀត។ បន្ថែមលើនេះ វានឹងជួយបង្កើនឱកាសឱ្យកសិផលខ្មែរផ្សេងៗក្រៅពីកសិផល៦មុខបច្ចុប្បន្នហក់ចូលទីផ្សារចិនកាន់តែច្រើននាពេលខាងមុខ។

បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈច្រកដឹកជញ្ជូនថ្មីនេះវាអាចជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពី១៥ទៅ២០ថ្ងៃមកនៅត្រឹមប្រមាណ១សប្តាហ៍ ដែលវានឹងជួយបង្កើនភាពប្រកួតប្រជែងរបស់កសិផលខ្មែរនៅក្នុងទីផ្សារឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ កសិផលយុទ្ធសាស្ត្រទាំង៦មុខដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនឆ្លងកាត់នាពេលនេះរួមមានចេកស្រស់, ស្វាយស្រស់, អង្ករ, មៀនប៉ៃលិន, ម្សៅដំឡូងមី និងទុរេន។ មកទល់ពេលនេះទុរេនចំនួន៤ទូកុងតឺន័រហើយ ដែលដឹកទៅកាន់ប្រទេសចិនដោយប្រើប្រាស់ច្រកដឹកជញ្ជូន ដែលទើបបើកសម្ពោធកាលពីថ្ងៃទី២២ ខែមិថុនា នេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ផ្ទៃដីដាំកាហ្វេនៅកម្ពុជា កើនឡើងទ្វេដង តែកសិករបារម្ភបាតុភូតអែលនីណូ វាយប្រហារទិន្នផលក្នុងឆ្នាំនេះ

ទីផ្សារកាហ្វេក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់បានជំរុញឱ្យផ្ទៃដីដាំដុះដំណាំកាហ្វេនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នា…

ធនាគារ ADB អនុម័តកញ្ចប់ថវិកាជាង ៦៣លានដុល្លារ សម្រាប់កម្ពុជា ពន្លឿនការធ្វើ​សមាហរណកម្មថាមពល​កកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់​ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ