ថ្នាំហ្វេនថេនីល

អាម៉េរិកដកទណ្ឌកម្មពីវិទ្យាស្ថានមួយរបស់ចិន ដើម្បីទប់ស្កាត់ការនាំចូលថ្នាំហ្វេនថេនីល


រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈរបស់ចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយ នៃការប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យទីក្រុងប៉េកាំង ធ្វើការងារបន្ថែមទៀត ដើម្បីបញ្ឈប់រំហូរថ្នាំហ្វេនថេនីល (fentanyl) សំយោគចូលទៅក្នុងសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជម្លោះមជ្ឈិមបូព៌ា
ដោយ

ទីក្រុងវ៉ាស៊ីនតោន បានដាក់វិទ្យាស្ថាននីតិសាស្ត្ររបស់ចិន នៅក្នុងបញ្ជីខ្មៅរបស់អាម៉េរិក នៅឆ្នាំ២០២០ ជុំវិញការរំលោភបំពានសិទ្ធិរបស់ជនជាតិភាគតិច អ៊ុយហ្គឺ និងក្រុមជនជាតិភាគតិចផ្សេងទៀតដោយបានរារាំងវិទ្យាស្ថាននេះមិនឱ្យទទួលបានទំនិញភាគច្រើនពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាម៉េរិក។

អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាម៉េរិក លោក ឈីន ហ្គាង (Qin Gang) កាលពីឆ្នាំមុនបាននិយាយថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលអាម៉េរិក បានខកចិត្តចំពោះការខ្វះកិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំង ចំពោះថ្នាំហ្វេនថេនីល (fentanyl) ប៉ុន្តែអាម៉េរិកបែរជាដាក់ទណ្ឌកម្មលើវិទ្យាស្ថាន ​ដែលដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងគ្រឿងញៀនទៅវិញ។

ហ្វេនថេនីល គឺជាថ្នាំអាភៀនសំយោគម្យ៉ាង ដែលត្រូវបានអនុម័តឱ្យប្រើសម្រាប់បំបាត់ការឈឺចុកចាប់ខ្លាំង ហើយជាធម្មតាថ្នាំនេះ ត្រូវបានប្រើភាគច្រើនសម្រាប់បំបាត់ការឈឺចាប់របស់អ្នកជំងឺមហារីកកម្រិតធ្ងន់ធ្ងរ។

ប៉ុន្តែថ្មីៗនេះរដ្ឋបាលរបស់លោក បៃដិន បានសម្រេចដកវិទ្យាស្ថាននីតិសាស្ត្រនេះចេញពីទណ្ឌកម្មពាណិជ្ជវិញហើយ ក្នុងបំណងជំរុញឱ្យក្រុងប៉េកាំងជួយទប់ស្កាត់កុំឱ្យថ្នាំហ្វេនថេនីលចូលទៅក្នុងទឹកដីសហ​រដ្ឋអាម៉េរិកច្រើនពេក។

គួរបញ្ជាក់ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្មរបស់អាម៉េ​រិក ខណៈដែលលោក បៃដិន បានស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីទីក្រុងប៉េកាំង ទៅលើថ្នាំហ្វេនថេនីលនៅពេលលោកបានជួបប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារលើកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ ហើយប្រទេសចិនបានសន្យាថា នឹងទប់ស្កាត់ការនាំចេញគ្រឿងញៀនណាកូទិចដ៏សាហាវនេះ។

ការដកទណ្ឌកម្មចេញពីវិទ្យាស្ថានរបស់ចិននេះ បានរងការរិះគន់ពីក្រុមសកម្មជនសិទ្ធិមនុស្ស និងគណបក្សសាធារណរដ្ឋរបស់អាម៉េរិក ដោយពួកគេបានចោទប្រកាន់រដ្ឋបាលលោក បៃដិន ថាបានបន្ទន់ជំហរចំពោះទីក្រុងប៉េកាំង ជុំវិញការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិអ៊ុយហ្គឺ។

ការទប់ស្កាត់សារធាតុគីមីហ្វេនថេនីល​ គឺជាអាទិភាពដ៏សំខាន់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រាមរណៈបណ្ដាលមកពីការប្រើថ្នាំហ្វេនថេនីល លើសកម្រិតបានកើនឡើង៣ដងនៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ នេះបើយោងតាមមជ្ឈមណ្ឌលទប់ស្កាត់និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC)៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វិនិយោគិនចិនឈរកំពូលតារាងវិនិយោគនៅឡាវ ជាមួយទុនវិនិយោគជាង១៣ពាន់លានដុល្លារ

ក្រុមហ៊ុនចិន កំពុងវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាង៩រយគម្រោងនៅក្នុងប្រទេសឡាវ ជាមួយទុនវិនិយោគសរុបជាង១៣ពាន់លានដុល្លារ។ សារព័ត៌មាន Vientiane…

ប្រមុខការពារជាតិអាស៊ានអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅតំបន់ហ្គាហ្សា

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបានល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ