យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្អែកលើការស្ទង់មតិអ្នកបានបោះឆ្នោតរួច ដែលធ្វើឡើងដោយក្រុមហ៊ុន SSRS សម្រាប់សម្ព័ន្ធសារព័ត៌មានអាម៉េរិក រួមមានបណ្ដាញទូរទស្សន៍ធំៗ និងសារព័ត៌មាន Associated Press បានបង្ហាញថា អ្នកបោះឆ្នោតជិត ៩នាក់ក្នុងចំណោម ១០នាក់ ចាត់ទុកបញ្ហាថ្លៃរស់នៅជាកត្តាសំខាន់ ឬសំខាន់ខ្លាំងក្នុងការសម្រេចចិត្តបោះឆ្នោត។
ក្នុងនោះ អ្នកបោះឆ្នោតជិតពីរភាគបីបានទម្លាក់ការទទួលខុសត្រូវលើលោក ត្រាំ ចំពោះការឡើងថ្លៃទំនិញ ខណៈប្រមាណបីភាគបួនបង្ហាញការខឹងសម្បារ ឬមិនពេញចិត្តចំពោះទិសដៅដែលប្រទេសកំពុងដើរទៅ។
មិនតែប៉ុណ្ណោះ អ្នកបោះឆ្នោតភាគច្រើនយល់ថា គោលនយោបាយរបស់លោក ត្រាំ រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ និងការដាក់ពន្ធលើទំនិញនាំចូលពីបរទេស បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកកាន់តែអាក្រក់។
អ្នកបោះឆ្នោតជាច្រើនក៏បានលើកឡើងថា ស្ថានភាពជីវភាពរបស់ពួកគេបច្ចុប្បន្នអាក្រក់ជាងកាលពីពីរឆ្នាំមុន ខណៈបញ្ហាអំពើពុករលួយក្នុងរដ្ឋាភិបាលក៏ជាក្តីបារម្ភមួយផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រមាណ ៧នាក់ក្នុងចំណោម ១០នាក់ចង់ឱ្យសភាអាម៉េរិកបង្កើនការត្រួតពិនិត្យ និងតុល្យភាពអំណាចលើប្រធានាធិបតី។ ចំណែកអ្នកដែលមិនពេញចិត្តនឹងការបំពេញការងាររបស់លោក ត្រាំ មានដល់ទៅ ៦២% ដែលជាកម្រិតមិនពេញចិត្តខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបរបស់អាម៉េរិក។
បើតាមប្រភពព័ត៌មានរ៉យទ័របានបញ្ជាក់ទៀតថា ក្រៅពីការមិនពេញចិត្តលើស្ថានភាពសេដ្ឋកិច្ច សម្ព័ន្ធអ្នកគាំទ្រដែលបានជួយឱ្យលោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤ ក៏កំពុងបង្ហាញសញ្ញាធ្លាក់ចុះផងដែរ។
ទិន្នន័យស្ទង់មតិដំបូងបង្ហាញថា ការគាំទ្រគណបក្សសាធារណរដ្ឋបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមបុរសស្បែកខ្មៅ ប្រជាជនដើមកំណើតអាម៉េរិកឡាទីន យុវជន គ្រិស្តសាសនិកនិកាយអេវ៉ង់ហ្គេលីក និងអ្នកបោះឆ្នោតដែលមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។
ជាក់ស្ដែង ក្នុងចំណោមអ្នកបោះឆ្នោតវ័យ ១៨ ដល់ ២៩ឆ្នាំ ការគាំទ្រគណបក្សសាធារណរដ្ឋបានធ្លាក់ពីជាង ៤០% នៅឆ្នាំ២០២៤ មកនៅត្រឹម ២៥% ក្នុងការបោះឆ្នោតលើកនេះ។
ចំណែកក្នុងចំណោមប្រជាជនដើមកំណើតអាម៉េរិកឡាទីន ការគាំទ្របានធ្លាក់ពីជិតពាក់កណ្ដាលមកនៅប្រហែលមួយភាគបី។ រីឯការគាំទ្រពីបុរសស្បែកខ្មៅបានធ្លាក់ពី ២១% មកនៅត្រឹម ១៣%ប៉ុណ្ណោះ។
ទោះបីជាលទ្ធផលស្ទង់មតិដំបូងមិនទាន់អាចតំណាងឱ្យលទ្ធផលបោះឆ្នោតចុងក្រោយទាំងស្រុងក៏ដោយ ប៉ុន្តែទិន្នន័យទាំងនេះបង្ហាញពីបញ្ហាប្រឈមធំៗសម្រាប់លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ មិនត្រឹមតែក្នុងការដឹកនាំប្រទេសនៅអាណត្តិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨ ខាងមុខផងដែរ។