លោក Joseph Felter ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិកសម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានសរសេរលិខិតមករដ្ឋមន្រ្តីការពារជាតិកម្ពុជា គឺលោក ទៀ បាញ់ កាលពីពេលថ្មីៗនេះ ដើម្បី«ស្នើសុំការពន្យល់លម្អិត» និងការពន្យល់ថា ហេតុអ្វីបដិសេធជំនួយអាមេរិកដើម្បីជួសជុលកន្លែងហ្វឹកហ្វឺននិងកន្លែងសំចតសម្រាប់ជួសជុលទូក ដែលភាគីកម្ពុជាបានស្នើសុំឲ្យអាមេរិកជួយកាលពីខែមករា។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយដូច្នេះថា ៖ «ពាក់ព័ន្ធនឹងលិខិតរបស់ឧបការីរង ក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ។»
អត្ថបទទាក់ទង ៖ អង្គការសហប្រជាជាតិត្រូវបានស្នើឲ្យស៊ើបអង្កេតការចោទប្រកាន់អំពី"មូលដ្ឋានយោធាចិននៅកោះកុង"
យោងតាមលិខិតរបស់លោក Joseph Felter លោកបានអះអាងថា លោកបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីស្វែករកជំនួយនៅទីក្រុងវ៉ាស៊ិនតោន ដើម្បីជួយកម្ពុជា ហើយទីចុងបញ្ចប់ក៏ទទួលបានចម្លើយវិជ្ជមាននៅខែមេសា ស្រាប់តែលោកបានទទួលលិខិតពីក្រសួងការពារជាតិកម្ពុជា នៅខែមិថុនា បដិសេធជំនួយថវិកាអាមេរិក ដោយអះអាងថា វា«មិនចាំបាច់ទៀតទេ»។
លោក Joseph Felter បានសរសេរទៅលោក ទៀ បាញ់ ស្នើសុំការពន្យល់លម្អិតបន្ថែមទៀត អំពីមូលហេតុអ្វីដែលការជួសជុលទាំងនេះ - ដែលភាគីកម្ពុជាបានស្នើ - លែងចាំបាច់ទៅវិញ ហើយក៏បានសុំសួរព័ត៌មានអំពីផែនការទៅអនាគត ទាក់ទងនឹងទីកន្លែងដែលបានកសាងដោយថវិកាសហរដ្ឋអាមេរិក ផងដែរ។
លិខិតដដែលនោះ ក៏បាននិយាយផងដែរថា ការផ្លាស់ប្តូរគោលនយោបាយនេះ កំពុងតែជំរុញឱ្យមានការគិតថា កម្ពុជាអាចនឹងមានវត្តមានយោធាចិននៅមូលដ្ឋាន រាម។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធថា ក្រសួងការពារជាតិពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។
លោកអះអាងថា អគារហ្វឹកហ្វឺន និងផ្ទុកសម្ភារ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យមូលដ្ឋានកងទ័ពជើងទឹក រាម ទេ ប៉ុន្តែ ជាអគាររបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ មានទីតាំងបណ្តោះអាសន្ន នៅមូលដ្ឋានកងទ័ពជើងទឹក រាម ដែលនឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ហើយមិនទាន់មានភាពចាំបាច់ ក្នុងការជួសជុលនោះទេ៕