សម្រាប់មហាសេដ្ឋីរូបនេះ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅពេលនេះ គឺពិតជាផុយស្រួយខ្លាំងណាស់។ ហេតុអ្វីសេដ្ឋីពាន់លានដុល្លារនៅអាម៉េរិក ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ?
លោក បារី ស្តេនលីច បានបង្ហើបប្រាប់សារព័ត៌មាន Foutune ថា ធនាគារនៅអាម៉េរិក អាចនឹងជួបបញ្ហាក្ស័យធនច្រើន ពោលគឺអាចដូលរលំក្នុងមួយសប្តាហ៍មួយស្ថាប័នធនាគារ ប្រសិនបើបញ្ហាអត្រាការប្រាក់នៅតែខ្ពស់ ពីព្រោះប្រាក់កម្ចីអចលនទ្រព្យ គឺស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើងៗហើយពេលនេះ។
សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យយក្សអាម៉េរិក គឺ Starwood Capital Group ដែលមានតម្លៃវិនិយោគ១១៥ពាន់លានដុល្លារ រូបនេះ បានអះអាងថា នៅពេលនេះស្ថានភាពធនាគារក្នុងតំបន់ និងសហគមន៍ជាង ៤ពាន់ នៅទូទាំងសហរដ្ឋអាម៉េរិក កំពុងតែមានបញ្ហាធំពាក់ព័ន្ធនឹងបញ្ហាប្រាក់កម្ចី ដែលផ្តល់ឲ្យឧស្សាហកម្មអចលនទ្រព្យ ដែលកំពុងតស៊ូក្រាញនៀលប្រឆាំងនឹងអត្រាការប្រាក់ខ្ពស់ បញ្ហាលក់មិនដាច់ និងបញ្ហាអតិផរណារវាងការផ្គត់ផ្គង់ និង ការប្រើប្រាស់។
ជាមួយគ្នានេះដែរ មហាសេដ្ឋីអាម៉េរិក រូបនេះ ក៏បានព្រមានអំពីបញ្ហាធ្ងន់ធ្ងរ ដែលបង្កឡើងដោយការកើនឡើងអត្រាការប្រាក់ សម្រាប់វិស័យអចលនទ្រព្យ និងសេវាកម្មធនាគារ ក៏ដូចជាសេដ្ឋកិច្ចអាម៉េរិកទាំងមូលផងដែរ។ មហាសេដ្ឋីរូបនេះជឿជាក់ថា ដរាបណាបញ្ហាអត្រាការប្រាក់នៅតែខ្ពស់ នោះហានិភ័យនៅតែបន្តស្ថិតនៅក្នុងស្ថានភាពដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។
មកដល់ពេលនេះតម្លៃលំនៅស្ថានដែលមានតម្លៃសមរម្យនៅសហរដ្ឋអាម៉េរិកដែលបានធ្លាក់ចុះតាំងពីត្រីមាសទី២នៃឆ្នាំ២០២២ នៅមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ហើយវាក៏នៅតែបន្តធ្លាក់ចុះប្រមាណ២៧% រីឯគម្រោងអចលនទ្រព្យសម្រាប់អគារការិយាល័យ និងពាណិជ្ជកម្ម គឺកំពុងស្ថិតក្នុងស្ថានភាពកាន់តែពិបាកថែមទៀត។
ដោយឡែក លោក ស្កុត រីស្ល័រ ( Scott Rechler) នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ RXR ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា ធនាគារក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាដោយសារអត្រាការប្រាក់ខ្ពស់ ហើយគម្រោងអចលនទ្រព្យលក់មិនចេញ។ លោកបានអះអាងថា ស្ថានភាពនេះអាចនឹងប្រសើរ ប្រសិនបើធនាគារកណ្តាលអាចសម្រួលបញ្ហាអត្រាការប្រាក់បានលឿន៕
ដោយៈ សរ សុជាតិ