ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់៩ឆ្នាំជាប់ៗគ្នាដោយទំហំពាណិជ្ជកម្មទ្វេភាគីសរុបបានឡើងដល់ជាង២៧២ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ហើយចំនួននេះបាននាំមុខអាម៉េរិកតែពីរបីរយលានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែនៅត្រីមាសដំបូងឆ្នាំនេះសហរដ្ឋអាម៉េរិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់វិញម្ដង។ទិន្នន័យពីការិយាល័យស្ថិតិរបស់អាល្លឺម៉ង់ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងអាម៉េរិក ទាំងការនាំចេញ និងការនាំចូលមានចំនួនសរុបប្រមាណ៦៨ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ ខណៈទំហំពាណិជ្ជកម្មរវាងអាល្លឺម៉ង់ជាមួយចិន មានតែជាង៦៤ពាន់លានដុល្លារប៉ុណ្ណោះ។
លោក វីនសិន ស្តេមឺ (Vincent Stamer) សេដ្ឋវិទូរបស់ធនាគារ Commerzbank នៅអាល្លឺម៉ង់បាននិយាយថា មូលហេតុដែលជំរុញឱ្យការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់អាម៉េរិកកើនឡើងសម្រាប់ត្រីមាសទី១ឆ្នាំនេះ គឺដោយសារតែសេដ្ឋកិច្ចអាម៉េរិក មានភាពរឹងមាំ ខណៈដែលការនាំចេញ និងនាំចូលពីប្រទេសចិន បានធ្លាក់ចុះ។
លោកបន្តថា ហេតុផលជារចនាសម្ព័ន្ធមួយចំនួនទៀត ក៏ជាកត្តាមួយដែលជំរុញឱ្យធ្លាក់ចុះទំហំពាណិជ្ជកម្មអាល្លឺម៉ង់-ចិនផងដែរ។ លោកបានពន្យល់ថា ប្រទេសចិនបានផ្លាស់ប្តូរខ្សែច្រវាក់តម្លៃ និងកំពុងផលិតទំនិញដែលធ្លាប់តែនាំចូលមកពីប្រទេសអាល្លឺម៉ង់ ដោយខ្លួនឯងកាន់តែច្រើនថែមទៀត។ ម្យ៉ាងទៀត ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន ក៏កំពុងតែបង្កើនការផលិតមុខទំនិញដែលធ្លាប់តែនាំចូលពីចិនដោយខ្លួនឯងផងដែរ។
ហេតុផលមួយទៀត ក៏សំខាន់ណាស់ដែរ គឺប្រទេសអាឡឺម៉ង់ បាននិយាយថា ខ្លួនចង់កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយលើកឡើងពីការខ្វែងគំនិតគ្នាផ្នែកនយោបាយ និងបានចោទប្រកាន់ទីក្រុងប៉េកាំង នៅក្នុងការប្រកាសពាក់ព័ន្ធនឹងប្រទេសចិនលើកដំបូងកាលពីឆ្នាំមុនថា មានការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ទោះយ៉ាងណា ទីក្រុងប៊ែកឡាំងមិនទាន់មានភាពច្បាស់លាស់ពីគោលនយោបាយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនទាំងស្រុងនៅឡើយទេ៕
អត្ថបទ៖ សុខ មង្គល