ការនាំចូលដែកកើនឡើង

ការនាំចូលដែកកើនឡើង ប៉ុន្ដែបញ្ហាដែកឡើងថ្លៃកំពុងបង្កក្តីបារម្ភដល់ក្រុមហ៊ុនម៉ៅការសាងសង់


របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ការនាំចូលដែក និងដែកថែបរបស់កម្ពុជាមានការកើនឡើងជិត២០% នៅ៥ខែឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាពិសេសវិស័យសំណង់តែម្តង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតម្លៃដែក និងដែកថែបនៅកម្ពុជានៅតែមានតម្លៃខ្ពស់ ដែលបញ្ហានេះកំពុងបង្កក្តីបារម្ភដល់ក្រុមហ៊ុនរកស៊ីម៉ៅការសាងសង់នៅកម្ពុជា ព្រោះបញ្ហាដែក និងគ្រឿងសំណងឡើងថ្លៃ បានទាញទម្លាក់ប្រាក់ចំណេញរបស់ពួកគេ។
ដែក
ដោយ

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនម៉ៅការសាងសង់ បច្ចុប្បន្នដែកមួយតោនទិញចូលក្នុងតម្លៃជាង៩០០ដុល្លារអាមេរិក ខណៈពីមុនមានតម្លៃពីជាង៦០០ទៅ៧០០ដុល្លារប៉ុណ្ណោះ។

ក្រោយពិភពលោករួមទាំងកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងសង្កេតឃើញថា តម្លៃដែកនៅកម្ពុជារួមទាំងប្រទេសក្នុងតំបន់បានហក់ឡើងជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនជួបការលំបាកក្នុងការនាំចូលដែក និងវត្ថុធាតុដើម ដោយសារការរឹតបន្តឹងវិធានការកូវីដ-១៩ របស់បណ្តាប្រទេសមួយចំនួន។ បញ្ហាដែលឡើងថ្លៃនេះបាននិងកំពុងបង្កក្តីដល់ក្រុមហ៊ុនម៉ៅការសាងសង់គេហដ្ឋាន និងសំណង់អគារផ្សេងៗ និងបានទាញទម្លាក់ការលក់របស់ដេប៉ូលក់គ្រឿងសំណង់មួយចំនួនផងដែរ។

លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជាបានគូសបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ទីផ្សារដែកនៅកម្ពុជាមិនទាន់បង្ហាញពីសញ្ញាថយចុះនៅឡើយទេ។ លោកអះអាងថា ដែកបច្ចុប្បន្នក្រុមហ៊ុនទិញចូល១តោនមានតម្លៃជាង៩០០ដុល្លារ មានការកើនឡើងពី២០%ទៅ៣០% បើធៀបនឹងតម្លៃដែកកាលពីមុន ដែលមានត្រឹមតែជាង៧០០ដុល្លារក្នុង១តោន។ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការរូបនេះ កត់សម្គាល់ឃើញថា កត្តាដែលជំរុញឲ្យតម្លៃដែកមានការកើនឡើង គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន គួបផ្សំវិបត្តិជំងឺកូវីដ-១៩។

ពាក់ព័ន្ធបញ្ហាតម្លៃដែកនេះម្ចាស់ដេប៉ូលក់ដែកនិងគ្រឿងសំណង់មួយចំនួនបានលើកឡើងស្រដៀងគ្នាថា តម្លៃដែកបច្ចុប្បន្នមិនមានការប្រែប្រួលនោះទេ។ ទោះយ៉ាងណា ក្រុមម្ចាស់ដេប៉ូលក់ដែក អះអាងថា ការលក់ដែកនិងគ្រឿងសំណង់របស់ពួកគេនៅតែមានការធ្លាក់ចុះចន្លោះពី២០%ទៅ៣០% ដដែល។

គួរបញ្ជាក់ថា នៅ៥ខែឆ្នាំ២០២២ កម្ពុជាបាននាំចូលដែក និងដែលថែបពីក្រៅប្រទេសមានទំហំទឹកប្រាក់ជិត១៥០លានដុល្លារកើនឡើងជិត២០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែជាង ១២៥លានដុល្លារ។ នៅក្នុងខែឧសភា កន្លងទៅ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាមានតម្លៃជាង៣០លានដុល្លារ កើនឡើងជាង២៣% បើធៀបនឹងខែឧសភា កាលពីឆ្នាំ ដែលមានត្រឹមតែជាង២៤លានុដុល្លារ។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានចាត់ទុកកំណើននាំចូលដែកនេះថា វាបានបង្ហាញពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងសំណង់របស់កម្ពុជា។ ឯកឧត្តមអះអាងថា ទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែការអភិវឌ្ឍសំណង់អគារខ្ពស់ៗ ខុនដូ ផ្ទះល្វែងនិងផ្ទះវីឡានៅដំណើរការជាប្រក្រតី។ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អ តាមរយៈការស្រោចវ៉ាក់សាំងលើប្រជាពលរដ្ឋ ដែលមកទល់បច្ចុប្បន្នសម្រេចបានជាង៩០%ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញចេកទៅចិនកើនឡើង១០% ខណៈកម្ពុជានាំចេញចេកធ្លាក់ចុះ១០% នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសចិន នៅតែជាទីផ្សារនាំចេញដ៏ធំសម្រាប់បណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ វៀតណាម និងកម្ពុជា ក្នុងការនាំចេញផលិតផលកសិ…

តៃវ៉ាន់បោះពាក្យថា ពិភពលោកនឹងជួបវិបត្តិខ្លាំងជាងឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែនទៅទៀត «ប្រសិនបើចិនហ៊ានវាយតៃវ៉ាន់មែន»

ព័ត៌មាន
អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់ បានបោះពាក្យសម្ដីព្រមានចំៗថា ប្រសិនបើចិនហ៊ានវាយប្រហារលើកោះតៃវ៉ាន់មែន នោះពិភពលោកនឹងប្រឈមមុខនឹងវិបត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ