ការបរិច្ចាគវ៉ាក់សាំងបន្ថែមរបស់សហរដ្ឋអាមេរិកនេះ នឹងធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកបរិច្ចាគសរុបនឹងកើនដល់ជាង ១ពាន់១រយលានដូស។ ប៉ុន្តែការបរិច្ចាគតែម្នាក់ឯងនេះ គឺមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ប្រទេសក្រីក្រនោះទេ ខណៈដែលអ្នកជំនាញសុខភាពពិភពលោកបានឱ្យដឹងថាប្រទេសក្រីក្រត្រូវការវ៉ាក់សាំងជាង ៥ ពាន់ ទៅ ៦ ពាន់លានដូសឯណោះ។
ទន្ទឹមនេះ នៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលរួមមានមេដឹកនាំមកពី អង់គ្លេស កាណាដា ឥណ្ឌូនេស៊ី និងអាហ្វ្រិកខាងត្បូង ក៏ដូចជាប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា“ ដើម្បីយកឈ្នះជំងឺរាតត្បាតនេះ គឺយើងត្រូវកម្ចាត់វានៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក” ។ ដូចនេះហើយ វាជារឿងចាំបាច់ដែលប្រទេសអ្នកមានទាំងអស់គួរតែចូលរួមបរិច្ចាគវ៉ាក់សាំងដល់ប្រទេសក្រីក្រដែលកំពុងខ្វះវ៉ាក់សាំង។
សូមរំឮកថា អង្គការសហប្រជាជាតិក៏ធ្លាប់បានព្រមានដល់ប្រទេសអ្នកមានណា ដែលមិនបញ្ចេញវ៉ាក់សាំងចែកចាយដល់ប្រទេសក្រីក្រ ជាពិសេសនៅតំបន់អាហ្វ្រិកផងដែរ។ ដោយហេតុថា ការបរិច្ចាគរបស់ប្រទេសអ្នកមានទាំងនោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ជាក់ស្ដែង សហរដ្ឋអាមេរិកក៏ត្រូវបានរិះគន់ផងដែរ ទាន់ទងទៅនឹងការរៀបចំផែនការចាក់ដូសជំរុញសម្រាប់ពលរដ្ឋអាមេរិក ស្របពេលដែលប្រទេសក្រីក្រជាច្រើនទៀត មិនមានលទ្ធភាពទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ។
សូមជម្រាបដែរថា នៅរយៈពេលចុងក្រោយនេះ ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកមានការហក់ឡើងខ្ពស់ ប្រការនេះហើយ លោកបៃដិនបានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពរបស់គាត់គឺការចាក់វ៉ាក់សាំងជូនជនជាតិអាមេរិក។
ជាមួយគ្នានេះ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីឌែលតា និងអតុល្យភាពលើការចែកចាយវ៉ាក់សាំង ក៏បាននិងកំពុងដាក់សម្ពាធដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងផែនការការបរិច្ចាគបន្តទៀតផងដែរ។
អត្ថបទ៖ ស៊ើង និមល់