
ដើម្បីទប់ទល់នឹងការត្រួតត្រារបស់ចិននៅក្នុងឧស្សាហកម្មផលិតនាវារបស់ពិភពលោក សហរដ្ឋអាម៉េរិកត្រៀមដំឡើងថ្លៃចូលចតកំពង់ផែលើកប៉ាល់ដឹកទំនិញចិននៅឆ្នាំក្រោយ ដែលនឹងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនកំពូលៗទាំង១០របស់ពិភពលោកត្រូវបង្កើនការចំណាយរហូតដល់ទៅប្រមាណ៣,២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។ ការដំឡើងថ្លៃសេវាកំពង់ផែនេះនឹងអនុវត្តចំពោះកប៉ាល់ដឹកទំនិញដែលផលិត គ្រប់គ្រង ឬដំណើរការដោយក្រុមហ៊ុនចិន។ កប៉ាល់ដែលគ្រប់គ្រងដោយចិននឹងត្រូវបង់ថ្លៃ៨០ដុល្លារអាម៉េរិកក្នុងមួយតោន ខណៈដែលក្រុមហ៊ុនប្រតិបត្តិករមិនមែនចិន ប៉ុន្តែប្រើប្រាស់កប៉ាល់ផលិតដោយចិននឹងត្រូវបង់ថ្លៃ២៣ ដុល្លារអាម៉េរិកក្នុងមួយតោន ឬ១៥៤ដុល្លារអាម៉េរិកក្នុងមួយទូកុងតឺន័រ។
តំណាងពាណិជ្ជកម្មអាម៉េរិកបានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនប្រតិបត្តិករកប៉ាល់ដឹកទំនិញជាអ្នកទទួលខុសត្រូវចំពោះការបង់ថ្លៃសេវានេះ ហើយពួកគេត្រូវទូទាត់តាមរយៈប្រព័ន្ធ Pay.gov របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក គឺមិនមែនអាជ្ញាធរគយជាអ្នកអនុវត្តកិច្ចការនេះឡើយ។
បន្ទាប់ពីផ្ទុះប្រតិកម្មពីឧស្សាហកម្មដឹកទំនិញតាមកប៉ាល់ តំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ចុះថ្លៃសេវា ដែលបានស្នើឡើងនេះ ដោយលើកលែងក្រុមហ៊ុនប្រតិបត្តិករអាម៉េរិកជាច្រើន និងពន្យារពេលអនុវត្តការយកថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG ប៉ុន្តែបានពង្រីកវិសាលភាពនេះ ដើម្បីរួមបញ្ចូលកប៉ាល់ដឹកជញ្ជូនរថយន្ត ដែលមិនមែនជាកប៉ាល់របស់សហរដ្ឋអាម៉េរិក។
ជាការកត់សម្គាល់ ក្រុមហ៊ុន Cosco ដែលគ្រប់គ្រងដោយរដ្ឋចិន គឺជាក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយគ្រាន់តែក្រុមហ៊ុននេះមួយប្រឈមនឹងការចំណាយបន្ថែមរហូតដល់ទៅ ជាង១,៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំក្រោយ ដែលស្មើនឹងជិតពាក់កណ្តាលនៃថ្លៃចំណាយបន្ថែមសរុបប្រមាណ៣,២ពាន់លានដុល្លារអាម៉េរិកសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនកំពូលៗទាំង ១០របស់ពិភពលោក។ ចំណាត់ការនេះបានធ្វើឱ្យមហាយក្សចិន ខឹងសម្បារយ៉ាងខ្លាំង ហើយជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្ដេជ្ញាចាត់វិធានការតបតនឹងអ្វី ដែលខ្លួនហៅថា សកម្មភាពរើសអើងសំដៅលើនាវា និងនាវិករបស់ចិន៕
ដោយ: តែម សុខុម