កិច្ចប្រជុំកំពូលអាស៊ាន

លោក ចូ បៃដិន ទំនងជាមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែកញ្ញាខាងមុខ


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទំនងជាមិនចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាការតានៅខែក្រោយនេះទេ ។ ប្រភពជាច្រើនបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អវត្តមានរបស់លោក នឹងបង្កើតសំណួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញគោលនយោបាយប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិន។
ប្រធានាធិបតីអាមេរិកទំនងជាមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាថ្មី
ដោយ

លោក ចូ បៃដិន ទំនងជាមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ៤ ដល់ ថ្ងៃទី០៧ ខែ កញ្ញា ខាងមុខនេះទេ ប៉ុន្តែលោកគ្រោងនឹងចូលរួមកិច្ចប្រជុំ G 20 នៅឥណ្ឌា ដែលនឹងរៀបចំពីថ្ងៃទី៩ ដល់ ថ្ងៃទី ១០ ខែ ដដែលហើយនៅក្នុងដំណើរនេះ លោកក៏នឹងអាចឈាងចូលបំពេញទស្សនៈកិច្ចរយៈពេលខ្លីមួយនៅវៀតណាម ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ខាងសេតវិមាននៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយគ្រាន់តែបានអះអាងថា មន្រ្តីជំនាញកំពុងតែធ្វើការងារនេះ ហើយរំពឹងថា នឹងមានព័ត៌មានថ្មីនៅពេលឆាប់ៗ ។
ប្រភពបាននិយាយថា នៅក្នុងករណីលោក បៃដិន ខកខាន លោក នឹងបញ្ជូន លោកស្រី ខាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតី មានដើមកំណើតអាស៊ី-អាមេរិក ហើយក៏ជាអ្នកដែលធ្វើការងារការទូតលើអាស៊ី មកជំនួស ។
ប្រសិនបើព័ត៌មាននេះគឺជារឿងពិត អ្នកការទូតអាស៊ានជាច្រើនបាននិយាយថា វានឹងក្លាយជាការខកចិត្តដ៏សំខាន់មួយ ពីព្រោះវត្តមានរបស់លោកមានសារៈសំខាន់ណាស់បញ្ជាក់អំពីសារនយោបាយការទូតអាមេរិកមកតំបន់ ។
អ្នកការទូតម្នាក់ដែលមិនបញ្ចេញឈ្មោះបានអះអាងថា តាមធម្មតាកិច្ចប្រជុំកំពូលអាស៊ាន គ្រោងនឹងរៀបចំនៅខែវិច្ឆិកា ប៉ុន្តែដើម្បីឲ្យលោក បៃដិន អាចចូលរួម ម្ចាស់ផ្ទះ បានសម្រេចមករៀបចំនៅខែកញ្ញា ដើម្បីសម្របសម្រួលនឹងកម្មវិធី G20 ។

ជុំវិញគោលនយោបាយការបរទេសអាមេរិកចំពោះអាស៊ាន លោក ចូណាថាន់ ហ្វីណ័ អនុទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន បានថ្លែងកាលពីថ្ងៃអង្គារ៍ថ្មីៗនេះថា មជ្ឈភាពរបស់អាស៊ាន គឺជាបេះដូងនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដោយឡែក លោក មូរ៉េ ហ៊ីប័រ( Murray Hiebert) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រសិនបើលោក បៃដិន មិនមកចូលរួមកិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ីទេ វាជាសញ្ញានៃការធ្លាក់ចុះមួយ ពីព្រោះអាស៊ីអាគ្នេយ៍ត្រូវបានគេចាប់អារម្មណ៍ថា ជាតំបន់សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ។
លោកបានអះអាងថា អវត្តមានរបស់លោកនៅឥណ្ឌូនេស៊ី តែបង្ហាញវត្តមាននៅឥណ្ឌា និង វៀតណាម នឹងធ្វើឲ្យសាធារណៈមតិឆ្ងល់ ។
លោក ថេត អូសឹស ( Ted Osius) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាននិយាយថា អវត្តមានលោក បៃដិន ទំនងជានឹងបង្កឲ្យមានការខកចិត្តខ្លះ ទោះបីជាលោកបានសង្កត់ធ្ងន់លើការកើនឡើងយ៉ាងខ្លាំងនៃទំនាក់ទំនងរបស់រដ្ឋបាលលោក បៃដិន ជាមួយអាស៊ានក៏ដោយ ។
នៅមុន លោក បៃដិន កាន់កាប់សេតវិមាន ប្រជាជាតិអាស៊ានធ្លាប់មិនសប្បាយចិត្តម្តងហើយ នៅពេលអាមេរិកស្ថិតក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈដែល លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកដែលយកចិត្តទុកដាក់បំផុតជាមួយនឹងអាស៊ាន និង អាស៊ីបូព៌ា ចន្លោះពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៣៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង២៧ពាន់លានដុល្លារធ្លាក់ចុះ១៥% នៅ៧ខែឆ្នាំនេះ

ស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ។ ជាក់ស្តែងន…

បើសមាជិកសភាគណបក្សឆ្ពោះទៅមុខគាំទ្រគណបក្សភឿថៃនោះការបង្កើតរដ្ឋាភិបាលថៃថ្មីនឹងលែងរាំងស្ទះហើយ

គណបក្សភឿថៃ ដែលកំពុងតែប្រឹងប្រែងធ្វើជាក្បាលម៉ាស៊ីនបង្កើតរដ្ឋាភិបាល គឺត្រូវការចាំបាច់ដោយខានមិនបានពីសមាជិកសភាគណបក្សឆ្ពោះទៅមុខ ឫ ពីព្រឹទ្ធសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ