មហាអំណាចសហរដ្ឋអាមេរិក សម្រេចលក់សព្វាវុធដល់កោះតៃវ៉ាន់

អាមេរិកបញ្ឆេះកំហឹងចិនកាន់តែខ្លាំង ក្រោយយល់ព្រមលក់សព្វាវុធជាង ១ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់


ប្រទេសមហាអំណាចផុតលេខសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២ ខែ កញ្ញា បានប្រកាសអនុម័តលក់កញ្ចប់សព្វាវុធយោធាថ្មីដែលមានតម្លៃជាង ១ ពាន់លានដុល្លារទៅដល់កោះតៃវ៉ាន់ ដោយខ្លួនប្តេជ្ញានឹងបន្តបង្កើនសមត្ថភាពការពារខ្លួនដល់កោះប្រជាធិបតេយ្យមួយនេះ ខណៈដែលប្រទេសចិនឯណោះវិញមានក៏មានការក្តៅក្រហាយកាន់តែខ្លាំងដែរ និងបានព្រមានអាមេរិកចំៗថាពីការចាត់ «វិធានការឆ្លើយតបវិញ»ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មហាអំណាចសហរដ្ឋអាមេរិក សម្រេចលក់សព្វាវុធដល់កោះតៃវ៉ាន់
ដោយ

កញ្ចប់យោធាដ៏ក្រាសក្រែលនេះបានសម្រេចធ្វើឡើង ក្រោយពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកមួយខែមុនទៅកាន់ដែនកោះនេះ ហើយវត្តមានរបស់មន្ត្រីកំពូលរបស់អាមេរិករូបនេះ ក៏បានធ្វើឲ្យចិនបានសម្ញែងសាច់ដុំយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជុំវិញកោះតៃវ៉ាន់ផងដែរ។

មែនទែនទៅ ក្រោមរដ្ឋបាលលោក ចូ បៃឌិន កញ្ចប់យោធានេះ គឺមានទម្រង់ធំជាងរដ្ឋការមុនៗរបស់អាមេរិក ដោយក្នុងនោះរួមមានទឹកប្រាក់ ៦៦៥ លានដុល្លារសម្រាប់ជំនួយថែរក្សាផ្នែកសន្តិសុខ និងការធ្វើទំនើបកម្មប្រព័ន្ធរ៉ាដា រាយថឹម (Raytheon) ដែលអាចផ្ដល់ដំណឹងប្រាប់តៃវ៉ាន់ ឲ្យដឹងពីការវាយប្រហារណាមួយជាមុនផងដែរ។

តៃវ៉ាន់ក៏នឹងចំណាយប្រហែល ៣៥៥ លានដុល្លារដើម្បីទិញមីស៊ីល ហាពូន (Harpoon Block II) ចំនួន ៦០ ដើម ដែលវាមានសមត្ថភាពក្នុងការតាមដាន និងបាញ់ពន្លិចនាវាចម្បាំងដែលចូលដែនដីតៃវ៉ាន់ ប្រសិនបើចិនបើកការវាយលុកតាមផ្លូវទឹកមែននោះ។

កញ្ចប់សព្វាវុធនេះក៏រួមបញ្ចូលផងដែរ នូវទឹកប្រាក់ចំនួនជាង ៨៥ លានដុល្លារ សម្រាប់ទិញមីស៊ីលសាយវីនដើ (Sidewinder) ជាង ១០០ ដើម ដែលជាអាវុធសំខាន់មួយរបស់យោធាលោកខាងលិចសម្រាប់បាញ់ទៅលើយន្តហោះចម្បាំងជាពិសេស។

គួរជម្រាបដែរថា ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកងទ័ពតៃវ៉ាន់បានបាញ់ទម្លាក់យន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណមួយ ដែលត្រូវគេប៉ាន់ប្រមាណថា ជារបស់យោធាចិន ដែលបានហោះចូលដែនកោះតៃវ៉ាន់។

លោកលូ ពេងយ៉ូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖ «សកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាការលើកទឹកចិត្តដល់ «ក្រុមបំបែកខ្លួនចង់ប្រកាសឯករាជ្យតៃវ៉ាន់» និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអាមេរិក និងចិន ព្រមទាំងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់យ៉ាងពិតប្រាកដ។

លោកបានបន្តថា៖ «ប្រទេសចិននឹងចាត់វិធានការប្រឆាំងស្របច្បាប់ និងម៉ឺងម៉ាត់បំផុតចំពោះការវិវត្តន៍នៃស្ថានការណាមួយរបស់តៃវ៉ាន់»។

ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក ដែលបានអនុម័តការលក់នេះ បាននិយាយថា កញ្ចប់យោធានេះគឺ «ចាំបាច់ណាស់សម្រាប់សន្តិសុខរបស់តៃវ៉ាន់» ដោយបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកនឹងនៅតែទទួលស្គាល់តែទីក្រុងប៉េកាំង មិនមែនតៃប៉ិនោះឡើយ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «អាមេរិកនៅតែជំរុញឲ្យទីក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសម្ពាធសេដ្ឋកិច្ចនានាប្រឆាំងនឹងកោះតៃវ៉ាន់ ដោយជំនួសមកវិញនូវការសន្ទនាប្រកបដោយអត្ថន័យ និងសន្តិវិធីជាមួយដែនកោះមួយនេះ»។

យ៉ាងណាក៏ដោយចុះ ទង្វើឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបង្កើនសំណួរកាន់តែច្បាស់ថា តើចិនអាចធ្វើតាមរុស្សីដាក់តៃវ៉ាន់ដែរឬទេ និងថាតើកោះនេះមានសមត្ថភាពការពារខ្លួនឯងដល់កម្រិតណានោះ។

ជុំវិញរឿងរ៉ាវនេះដែរ កាលពីខែកក្កដាកន្លងទៅ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) លោក Bill Burns បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping នៅតែប្តេជ្ញាចិត្តក្នុងការក្រសោបយកកោះតៃវ៉ាន់ឲ្យបាន ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនប្រហែលធ្វើឲ្យទីក្រុងប៉េកាំងសញ្ជឹងគិតម្តងទៀត និងបង្កើនសមត្ថភាពយោធាបន្ថែមទៀត មុននឹងធ្វើសកម្មភាពណាមួយទៅលើតៃវ៉ាន់៕




អត្ថបទបន្ទាប់


អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ប្រឈមនឹងការចាប់ខ្លួន ក្រោយវិលត្រឡប់ចូលប្រទេសវិញ

ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញពីតំណែងដោយកម្លាំងមហាជន លោក Gotabaya Rajapaksa កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួនលោក កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ