វិស័យថាមពល

អាម៉េរិក ដោះដៃចេញពីគម្រោងជួយឥណ្ឌូណេស៊ី និងវៀតណាម ក្នុងការផ្លាស់ប្តូរប្រភពថាមពល


ក្រោមការដឹកនាំរបស់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក ទំនងជាព្យាយាមដកខ្លួនឲ្យឆ្ងាយពីកិច្ចសន្យានានា ដែលសហរដ្ឋអាម៉េរិក បានធ្វើនៅក្រោមការដឹកនាំដោយរដ្ឋបាលមុនៗ។ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងសំខាន់ៗរួចមក នៅពេលនេះសូម្បីតែគម្រោង ដែលសហរដ្ឋអាម៉េរិកសន្យាជួយដល់ឥណ្ឌូនេស៊ី និងវៀតណាម លើការរំដោះខ្លួនចេញពីប្រភពថាមពលធ្យូងថ្មទៅរកថាមពលស្អាត ក៏ទំនងជាត្រូវដោះដៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យថាមពល
ដោយ

ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានអះអាងកាលពីថ្ងៃទី៦ ខែមីនា ថា សហរដ្ឋអាម៉េរិក កំពុងដកខ្លួនចេញពីភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដែលជាកិច្ចសហការរវាងប្រទេសអ្នកមាន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ​ផ្លាស់ប្តូរពីធ្យូងថ្មទៅជាថាមពលស្អាតជាងមុន។ ជាក់ស្តែងរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសឹន (Scott Bessent) បានដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀង នេះជាមួយប្រទេសផ្សេងៗ ដោយរួមទាំងអាហ្វ្រិកខាងត្បូង ឥណ្ឌូនេស៊ី និងវៀតណាម រួចហើយ។

រដ្ឋមន្ត្រីរូបនេះ អះអាងថា ការដកខ្លួននេះធ្វើឡើងតាមបទបញ្ជាប្រតិបត្តិ ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីពេលថ្មីៗ ហើយថា ការចូលរួមគំនិតផ្តួចផ្តើមពីមុនរបស់សហរដ្ឋអាម៉េរិក មិនបានឆ្លុះបញ្ចាំងពីតម្លៃរបស់អាម៉េរិក ឬការរួមចំណែករបស់អាម៉េរិកក្នុងការស្វែងរកគោលដៅសេដ្ឋកិច្ច និងបរិស្ថាននោះឡើយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នេះ មានប្រទេសម្ចាស់ជំនួយ១០បានចូលរួម ដោយរួមទាំងសហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រមនៅក្នុងកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នាឆ្នាំ២០២១។

តាមគម្រោងអាហ្រ្វិកខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម និងសេណេហ្គាល់ ត្រូវបានប្រកាសជាបន្តបន្ទាប់ថា ជាអ្នកទទួលផលដំបូងតាមរយៈប្រាក់កម្ចី ការធានាហិរញ្ញវត្ថុ និងជំនួយឥតសំណង ដើម្បីជួយប្រទេសទាំងនេះឱ្យផ្លាស់ប្តូរពីប្រភពថាមពលដើរដោយធ្យូងថ្មទៅរកប្រភពថាមពលស្អាត។ ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលកំពុងដំណើរការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ថាមពលពីធ្យូងថ្មទៅរកប្រភពថាមពលស្អាត ដែលមានតម្លៃរហូតដល់ប្រមាណ៣ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ពន្យារពេលអនុវត្តការយកពន្ធ២៥% លើទំនិញរបស់កាណាដា និងម៉ិកស៊ិក រហូតដល់ដើមខែមេសា

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ថ្ងៃទី២ ខ…

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ