ទិន្នន័យពីរដ្ឋាភិបាលចិនបានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងចិន-អូស្ត្រាលីមានការថយចុះយ៉ាងគំហុក ដោយសារតែមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង ហើយបញ្ហានេះនៅតែបន្ដអូសបន្លាយនិងទាន់មានការផ្សះផ្សាគ្នាបាននៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ជាធម្មតាបើតាមទម្លាប់ ប្រទេសអូស្ត្រាលីតែងតែឈរកំពូលតារាង និងជាប្រទេសតែមួយគត់ដែលនាំចេញសាច់គោបង្កកទៅប្រទេសចិន។ ប៉ុន្តែចាប់តាំងពីខែមេសាឆ្នាំនេះមក ការនាំចេញសាច់គោពីអូស្ត្រាលីទៅទីផ្សារចិន បានដាំក្បាលចុះគួរឲ្យកត់សម្គាល់។
តួលេខពីអាជ្ញាធរគយចិនបានបង្ហាញថា ចាប់តាំងពីខែមេសាមក អ្នកនាំចេញសាច់គោបង្កកធំជាងគេចូលក្នុងប្រទេសចិន មិនមែនជាអូស្ត្រាលីតែឯកឯងទៀតនោះទេ ប៉ុន្ដែតំណែងនេះត្រូវបានចូលខ្លួនមកប្រកួតប្រជែង ដោយសហរដ្ឋអាមេរិកផងដែរ។
បើក្រឡេកមើលទិន្នន័យនៅក្នុងខែមេសាឆ្នាំនេះ សហរដ្ឋអាមេរិក បាននាំចេញសាច់គោបង្កកទៅចិន គិតជាទឹកប្រាក់ប្រមាណ ជិត៧០លានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងអូស្ត្រាលីទៅហើយ ដែលបាននាំចូលសាច់គោបង្កកគិតជាទឹកប្រាក់ ៨០លានដុល្លារអាមេរិក។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ទិន្នន័យក្នុងខែឧសភា ដែលអាមេរិកបានវ៉ាដាច់អូស្ត្រាលីដល់ទៅពាក់កណ្តាល ក្នុងការនាំសាច់គោបង្កកចេញទៅប្រទេសចិន។ ជាក់ស្តែងបើតាមទិន្នន័យពីអាជ្ញាធរគយចិនដដែលបានឲ្យដឹងថា នៅខែឧសភាសហរដ្ឋអាមេរិកសម្រេចបានការនាំចេញសាច់គោបង្កកទៅចិនក្នុងទឹកប្រាក់ ៩០លានដុល្លារ ខណៈអូស្ត្រាលីមានតែជាង ៤០លានដុល្លារប៉ុណ្ណោះ។
មិនត្រឹមតែសាច់គោបង្កកមួយមុខនោះទេ
ដែលអាមេរិកបានវ៉ាដាច់អូស្ត្រាលីក្នុងការនាំចេញទៅប្រទេសចិន។ ដោយឡែក
នៅមានទំនិញជាច្រើនប្រភេទផ្សេងទៀត ដែល បន្តិចម្តងៗ
អាមេរិកផ្តើមនាំមុខអូស្ត្រាលី ដូចជា ធ្យូថ្មជាដើម។
កំណើនការនាំចូលមុខទំនិញពីអាមេរិកទៅចិន ជំនួសឲ្យអូស្ត្រាលីនេះ គឺកើតឡើងដោយសារតែជម្លោះពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ដែលបានអូសបន្លាយអស់ពេលជាង១៨ខែមកហើយ ក្រោយចិនផ្តើមបិទការនាំចូលមុខទំនិញសំខាន់ៗពីអូស្ត្រាលីដូចជា កប្បាស ស្រាក្រហម និងធ្យូងថ្មជាដើម ជាការសងសឹកនឹងអូស្ត្រាលីដែលបានហាមឃាត់ក្រុមហ៊ុនចិន Huawei អភិវឌ្ឍបណ្តាញ 5G ក៏ជាបញ្ហាក្នុងសំណុំរឿងប្រភពដើមកូវីដ១៩ផងដែរ។
គួរជម្រាបថា ក្រុមអ្នកសង្កេតការណ៍ពីបញ្ហាចិន-អូស្ត្រាលីបានលើកឡើងថា មែនទែនទៅរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានផ្តល់អាទិភាពចំពោះផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ជាជាងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន បើទោះបីជាអាមេរិកធ្លាប់បានសន្យាម្តងហើយម្តងទៀតថា អាមេរិកនឹងសហការជាមួយអូស្ត្រាលី ដើម្បីប្រឆាំងនឹងការដាក់សម្ពាធសេដ្ឋកិច្ចពីទីក្រុងប៉េកាំង មកលើអូស្ត្រាលីយ៉ាងណាក្តី៕