
តាមរយៈលិខិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានផ្ញើដាច់ដោយឡែកទៅកាន់ប្រទេសចំនួន១៤ កាលពីថ្ងៃទី៧ ខែកក្កដា បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែសីហា តទៅរាល់ទំនិញនាំចេញរបស់ថៃ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនឹងរងគំនាបពន្ធបដិការចំនួន៣៦% ដែលជាកម្រិតមួយត្រូវបានអ្នកវិភាគចាត់ទុកថា វាល្មមនឹងធ្វើឲ្យសមត្ថភាពនៃការប្រកួតប្រជែងរបស់ថៃ ធ្លាក់ចុះ ស្របពេលដែលវៀតណាម ដែលជាដៃគូប្រជែងដ៏ស្រួចស្រាវរបស់ថៃ នៅក្នុងតំបន់ រងគំនាបពន្ធនេះត្រឹមតែ២០%។
អ្នកវិភាគបានអះអាងថា វិធានការពន្ធនេះ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍សេដ្ឋកិច្ចរបស់ថៃ អំពីការប្រកួតប្រជែង និងការទាក់ទាញការវិនិយោគរបស់ប្រទេសនេះ។ លោកបណ្ឌិត ភីយ៉ាសាក់ ម៉ាណាសាន់ (Piyasak Manasant) ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅក្រុមហ៊ុនសិក្សាស្រាវជ្រាវដ៏ធំមួយបានព្យាករថា តាមរយៈវិធានការនេះ វានឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃ ឱ្យធ្លាក់ចុះមកនៅត្រឹម១,១% នៅឆ្នាំនេះ ដោយសារអាម៉េរិក ជាទីផ្សារដ៏សំខាន់របស់ថៃ ហើយការដាក់ពន្ធជាសកលវានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយ និងទេសចរណ៍ ដូច្នេះហើយវាអាចនឹងទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចជារួម។
ដើម្បីស្តារស្ថានការណ៍កុំឱ្យធ្លាក់ចុះដូចការព្រួយបារម្ភនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ជំរុញឱ្យរដ្ឋាភិបាលថៃ អន្តរាគមន៍លើគោលនយោបាយជាបន្ទាន់ តាមរយៈការឱ្យធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់០,២៥% មុនខែសីហា ក៏ដូចជាពន្លឿនការបញ្ចេញថវិកាជំរុញសេដ្ឋកិច្ច ដែលមានតម្លៃសរុបប្រមាណជិត៣៤ពាន់លានដុល្លាររបស់រដ្ឋាភិបាលឲ្យបានឆាប់។
ដោយឡែកលោក អាមុនថេប ចាវឡា (Amonthep Chawla) អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai បានសង្កត់ធ្ងន់ថា អត្រាពន្ធ៣៦% វានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្ត និងបរិយាកាសវិនិយោគរបស់ថៃ។ លោកបានចាត់ទុកអត្រាពន្ធនេះ ជាកម្រិតមួយខ្ពស់បើប្រៀបធៀបនឹងប្រទេសប្រកួតប្រជែងដូចជាវៀតណាម ដែលសហរដ្ឋអាម៉េរិក បានទម្លាក់ពន្ធមកនៅត្រឹម២០% សម្រាប់ទំនិញទូទៅ។ លោកបានអះអាងថា ភាពខុសគ្នានេះនឹងធ្វើឱ្យប្រទេសថៃ មានគុណវិបត្តិយ៉ាងសំខាន់ ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិក៕
ដោយៈ សរ សុជាតិ