អាវុធនុយក្លេអ៊ែ

អាម៉េរិកទម្លាយភស្តុតាងថ្មីជុំវិញការសង្ស័យថា ចិនលួចលាក់សាកល្បងអាវុធនុយក្លេអ៊ែក្រោមដី


មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារ សប្តាហ៍នេះ អំពីព័ត៌មានលម្អិតថ្មី ពាក់ព័ន្ធនឹងការបំផ្ទុះសាកល្បងនុយក្លេអ៊ែក្រោមដី ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ថា បានលួចធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
អាវុធនុយក្លេអ៊ែ
ដោយ

លោក បណ្ឌិត គ្រីស្តូហ្វ៊ើ យីវ (Christopher Yeaw) ជំនួយការរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន ហាត់សាន់ (Hudson Institute) ក្នុងទីក្រុងវ៉ាស៊ីនតោនថា ស្ថានីយវាស់ស្ទង់រញ្ជួយដីរយៈចម្ងាយឆ្ងាយមួយនៅក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់បាននូវសញ្ញាផ្ទុះ កម្រិត២,៧៥រ៉ិចទ័រ ដែលមានប្រភពចេញពីទីលានសាកល្បងមួយនៅភាគខាងលិចប្រទេសចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ អតីតអ្នកវិភាគចារកម្ម និងជាអ្នកជំនាញផ្នែកវិស្វកម្មនុយក្លេអ៊ែររូបនេះបានអះអាងថា តាមរយៈការពិនិត្យទិន្នន័យបន្ថែម វាមិនអាចជាអ្វីផ្សេងក្រៅពីការផ្ទុះនោះឡើយ។ វាជាការបំផ្ទុះតែមួយដងគត់ ហើយក៏មិនមែនជាការបំផ្ទុះក្នុងគោលបំណងរុករករ៉ែ ឬជាបាតុភូតរញ្ជួយដីធម្មជាតិដែរ ប៉ុន្តែវាគឺជាសញ្ញានៃការសាកល្បងគ្រាប់បែកនុយក្លេអ៊ែ។

អ្នកជំនាញរូបនេះបានបន្ថែមថា ប្រទេសចិនបានព្យាយាមលាក់បាំងសកម្មភាពនេះ ដោយប្រើបច្ចេកទេសញែកបំណែក ដែលជាការបំផ្ទុះឧបករណ៍នៅក្នុងបន្ទប់ក្រោមដីដ៏ធំសម្បើម ដើម្បីកាត់បន្ថយរលកបោកទង្គិចដែលបញ្ជូនតាមផ្ទាំងថ្ម សំដៅគេចចេញពីការចាប់សញ្ញារបស់ឧបករណ៍វាស់ស្ទង់អន្តរជាតិ។

ទោះជាយ៉ាងណា អង្គការសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែទូលំទូលាយ ដែលជាស្ថាប័នត្រួតពិនិត្យការបំផ្ទុះនុយក្លេអ៊ែសកលបានបញ្ជាក់ថា ខ្លួនមិនទាន់មានទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការចោទប្រកាន់របស់លោក យីវ បាននៅឡើយទេ។ ចំណែកឯស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់មានប្រតិកម្មតបភ្លាមៗចំពោះរឿងនេះដែរ។

យោងតាមរបាយការណ៍ពីក្រសួងការពារជាតិអាម៉េរិក បច្ចុប្បន្នប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែ ដែលអាចប្រើការបានជាង៦០០គ្រាប់ ហើយកំពុងពង្រីកសក្តានុពលនុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងឆាប់រហ័ស ដែលអាចនឹងកើនឡើងដល់ជាង១,០០០គ្រាប់នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ហ្វីលីពីន រិះគន់ចិនថា បានប្រើពាក្យពេចន៍មានចរិតបង្ខិតបង្ខំ ជុំវិញវិវាទនៅសមុទ្រចិនខាងត្បូង

ភាពរកាំរកូស នៃជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង បានឡើងកម្តៅជាថ្មី ក្រោយស្ថានទូតចិន បានរិះគន់ទីក្រុងម៉ានីសថា ជម្លោះការទូតរវាងប្រទេសទាំងពីរ…

មិត្តហ្វូន 17 ឆ្នាំនៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ