
ដោយមើលឃើញពីស្ថានភាពប្រឈមនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅក្នុងតំបន់កំពុងស្វែងរកយុទ្ធសាស្រ្តតាមគ្រប់យន្តការទាំងពហុភាគី និងទ្វេភាគី ដើម្បីសម្រាលផលប៉ះពាល់ ប្រសិនបើលោក ត្រាំ ប្រកាសកំណត់ពន្ធមកលើខ្លួន ក្រោយកំណត់ពន្ធ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីចិនរួចហើយនោះ។
ចាប់ពីប្រទេសប្រុយណេ កម្ពុជា ដែលមានទីផ្សារតូចរហូតដល់ឥណ្ឌូនេស៊ី មានតែសិង្ហបុរីមួយទេ ដែលសហរដ្ឋអាម៉េរិក មានអតិរេកពាណិជ្ជកម្ម ដូច្នេះហើយអ្នកវិភាគបានលើកឡើងថា អ្នកជំនាញការសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននៅពេលនេះកំពុងស្វែងរកសេណារីយូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីត្រៀមខ្លួនទប់ទល់នឹងសម្ពាធពន្ធនៅក្នុងករណីលោក ដូណាល់ ត្រាំ ប្រកាសកំណត់ពន្ធឡើង។
តាមស្តិតិដែលកត់ត្រាដោយវេបសាយ www.census.gov/ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ បានឲ្យដឹងថា អាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសប្រុយណេជាង១១៨លានដុល្លារ ជាមួយនឹងកម្ពុជា ជាង១១ពាន់លានដុល្លារ ឥណ្ឌូនេស៊ី ជាង១៦ពាន់លានដុល្លារ ម៉ាឡេស៊ី ជាង២២ពាន់លានដុល្លារ ថៃ ជាង៤១ពាន់លានដុល្លារ និងវៀតណាមជាង១១៣ពាន់លានដុល្លារ។ ដោយឡែក សិង្ហបុរី មានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ជិត៣ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះ លោក ជេយ៉ាន មេនុន (Jayant Menon) អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅវិទ្យាស្ថាន ISEAS-Yusof Ishak បានសរសេរបទអន្តរាគមន៍មួយកាលពីពេលថ្មីៗនេះថា វាពិបាកនៅក្នុងការស្ទាបស្ទង់ការសម្រេចចិត្តរបស់លោក ត្រាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេដឹងថា អាស៊ាននៅពេលនេះជាតួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មមួយដ៏ចម្បងរបស់ពិភពលោក។ ដោយឡែក អ្នកវិភាគមួយរូបទៀតបានឲ្យដឹងថា អាស៊ាន-អាម៉េរិក និងអាស៊ាន-ចិន នៅពេលនេះក៏ជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សម្បើមផងដែរ ហើយបើចិនមានសម្ពាធ ចង់ឬមិនចង់វានឹងទទួលឥទ្ធិពលតាមនោះដែរ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះ លោក ភូថាម វិឆាយ៉ាឆៃ (Phumtham Vechayachai) ឧបនាយករដ្ឋមន្រ្តីថៃ បានអះអាងថា សម្រាប់ថៃ បានគិតគិតអំពីបញ្ហានេះតាំងពីមុនពេលលោក ត្រាំ ចូលកាន់តំណែងមកម្ល៉េះ។
លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thiraveja) ប្រធានការិយាល័យគោលនយោបាយសារពើពន្ធថៃបានអះអាងថា ការត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយអន្តរជាតិ បន្ទាប់ពីការចូលកាន់តំណែងជាផ្លូវការរបស់លោក ត្រាំ បានដាក់ចេញហើយ។ លោកបានបន្តថា រដ្ឋាភិបាលថៃ កំពុងដាក់ចេញផែនការពង្រីកទីផ្សារនាំចេញដោយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាម៉េរិក និងចិន តាមរយៈការបង្កើនការយកចិត្តទុកដាក់លើអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី។ ជាមួយគ្នានេះ ថៃ ក៏កំពុងលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្មដោយបង្កើនជំនាញក្នុងបច្ចេកវិទ្យាទំនើប និងផលិតកម្មស្វ័យប្រវត្តិ។
ដោយឡែក ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមរបស់ម៉ាឡេស៊ី លោក ឈិន ជេសុង (Chin Chee Seong) បាននិយាយថា ផ្នត់គំនិតសាកលភាវូបនីយកម្ម និងគោលនយោបាយពាណិជ្ជកម្មបើកចំហរបស់ម៉ាឡេស៊ី ធ្វើឱ្យវាមានភាពទាក់ទាញ ទោះបីជាមានបញ្ហាប្រឈមរឿងពន្ធរបស់សហរដ្ឋអាម៉េរិកក៏ដោយ។ លោកបានអះអាងថា ម៉ាឡេស៊ី មានភាពទាក់ទាញ ជាពិសេសចំពោះក្រុមហ៊ុនចិន ព្រោះវាស្របតាមតម្រូវការរបស់ប្រទេសចិន ដើម្បីធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងការប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលកំពុងឡើងកម្តៅ។ លោកបានបន្តថា ម៉ាឡេស៊ីប្រកាន់យកគោលនយោបាយពាណិជ្ជកម្មសេរី ដែលធ្វើឲ្យអ្នករាល់គ្នាងាយស្រួលធ្វើពាណិជ្ជកម្មជាមួយនឹងខ្លួន៕
ដោយៈ សរ សុជាតិ