ក្រុមហ៊ុន ស៊ឺនីយ៉ា អ៊ីនជីននៀរីង (Serniya Engineering) ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូគឺជាមេកន្ទ្រាញធំជាងគេនៃបណ្តាញបុគ្គល និងក្រុមហ៊ុនលាក់មុខខាងលើនេះ ដែលរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា ក្រុមហ៊ុននេះកំពុងធ្វើប្រតិបត្តិការក្រោមការដឹកនាំរបស់ទីភ្នាក់ងារចារកម្មរបស់រុស្ស៊ី។
ផ្ដើមចេញពីប្រទេសរុស្ស៊ី ក្រុមហ៊ុនទាំងនោះ ក៏មានពង្រីកសាខាចេញទៅខាងក្រៅប្រទេសជាច្រើន ដោយបានរួមបញ្ចូលទាំងមាននៅចក្រភពអង់គ្លេស អេស្បាញ ហ្វាំងឡង់ សិង្ហបុរី ម៉ាល់តា និងបារាំង។ ក្រុមហ៊ុនលាក់មុខទាំងនេះ គឺមានដំណើរការពេញលេញជាមួយនឹងលក្ខណៈនៃអាជីវកម្មស្របច្បាប់ ប៉ុន្ដែពួកគេបម្រើការក្លែងបន្លំ និងលាក់បាំងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់។
សហរដ្ឋអាមេរិកបាននិងកំពុងតាមដានយ៉ាងតឹងតែងលើការនាំចេញទំនិញតាំងពីចាប់ផ្ដើមការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅចុងខែកុម្ភៈមក។ ការរឹតបន្តឹងនេះត្រូវបានធ្វើឡើងលើការហាមឃាត់ការនាំចេញស្ទើរតែដូចគ្នា ដែលកំពុងអនុវត្តរួមគ្នាដោយសហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី កាណាដា នូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង។
ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃព្រហស្បតិ៍ផងដែរទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៤ ដែលបានផ្គត់ផ្គង់យោធារុស្ស៊ីនូវគ្រឿងអេឡិចត្រូនិចតូចៗ ឧបករណ៍រុករក និងកម្មវិធីសូហ្វវែរសម្រាប់ថតរូបភាពផ្កាយរណបផងដែរ។
ក្នុងចំណោមក្រុមហ៊ុនទាំង៤នេះគឺមានក្រុមហ៊ុន Mikron ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។ ក្រុមហ៊ុន Mikron នេះទទួលខុសត្រូវចំពោះបន្ទះឈីបកាតឥណពន្ធនៅក្នុងប្រព័ន្ធទូទាត់ក្នុងស្រុករបស់រុស្ស៊ីគឺប្រព័ន្ធ មៀ (Mir) ដែលគេបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិចកាលពីពេលមុនមក។
សហរដ្ឋអាមេរិកក៏បានកំណត់វិស័យសេដ្ឋកិច្ចរុស្ស៊ីចំនួន ៣ បន្ថែមទៀត គឺវិស័យលំហអាកាស សមុទ្រ និងអេឡិចត្រូនិចថាជាគោលដៅដ៏មានសក្តានុពល សម្រាប់ការដាក់ទណ្ឌកម្មផងដែរព្រោះវិស័យទាំងនេះបានផ្តល់សារៈសំខាន់ជាយុទ្ធសាស្រ្ត តាមផ្នែកចំពោះមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៊ី។
រហូតមកដល់ពេលនេះ វិស័យដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រមិនអាចអត់បានសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែននេះគឺវិស័យសេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ៕
អត្ថបទ៖ សុខ ជា