ជំនួបរវាងប្រមុខការពារជាតិចិននិងអាមេរិកគ្រោងកើតឡើងសាជាថ្មី!

ទណ្ឌកម្មអាមេរិកលើប្រមុខការពារជាតិចិនអាចជាឧបសគ្គ សម្រាប់ការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ


ការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្ត្រីការពារជាតិចិន លោក លី ស៊ាងហ្វូ បានលេចចេញជាឧបសគ្គមួយនៅចំពោះមុខឱកាសសម្រាប់ឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនាផ្នែកការពារជាតិ នៅពេលដែលប្រទេសទាំងពីរកំពុងរកច្រកស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន នីកេ អាស៊ា និងទីភ្នាក់ងារសារព័ត៌មានរើយធឺ។
ជំនួបរវាងប្រមុខការពារជាតិចិននិងអាមេរិកគ្រោងកើតឡើងសាជាថ្មី!

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំសន្តិសុខ សាងគ្រីឡា នៅប្រទេសសិង្ហបុរី ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមិថុនា។ លោក លី ស៊ាងហ្វូ ក៏អាចមានវត្តមានផងដែរ ដោយសារប្រទេសចិនជាធម្មតាត្រូវបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅវេទិកានោះដែរ។

ប្រសិនបើមានជំនួបមែន នោះវានឹងក្លាយជាការពិភាក្សាលើកដំបូងរវាងប្រមុខការពារជាតិអាមេរិកនិងប្រមុខការពារជាតិចិន បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ និងជាលើកដំបូងចាប់តាំងពីលោក លី ចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិចិនក្នុងខែមីនា។ លោក អូស្ទីន បានព្យាយាមទូរស័ព្ទទៅសមភាគីចិនជាច្រើនដង​បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់អ្វីដែលសង្ស័យថាជាបាឡុងចារកម្មចិនកាលពីខែកុម្ភៈ ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធ។

ទោះយ៉ាងណា លោក លី នៅតែស្ថិតក្រោមទណ្ឌកម្មដែលបានដាក់ចេញក្នុងឆ្នាំ ២០១៨ ដោយរដ្ឋបាលលោក ដូណាល ត្រាំ ជុំវិញការទិញយន្តហោះយោធា និងបរិក្ខារប្រព័ន្ធកាំជ្រួចពីរុស្ស៊ី។ យោងតាមប្រភពដែលដឹងអំពីការពិភាក្សារវាងប្រទេសទាំងពីរ ប្រទេសចិនកំពុងជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងនេះចេញនៅមុនកិច្ចប្រជុំ សាងគ្រីឡា នៅសិង្ហបុរី។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានប្រាប់កាសែត នីកេ កាលពីថ្ងៃពុធថា «រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកអាចចូលរួមក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន លី ស៊ាងហ្វូ ទោះបីជាមានការដាក់ទណ្ឌកម្មលើលោក​ លី ក៏ដោយ»។ អ្នកនាំពាក្យរូបនេះបាននិយាយថា «វាគឺជាការសម្រេចចិត្តរបស់ចិនទេ ក្នុងការមិនអើពើ បដិសេធ ឬលុបចោលសំណើជាច្រើនដងរបស់សហរដ្ឋអាមេរិក សម្រាប់ការទាក់ទងកម្រិតខ្ពស់នេះ»។ អ្នកនាំពាក្យបានបន្តថា «យើងសង្ឃឹមថា ប្រទេសចិននឹងទទួលស្គាល់សារៈសំខាន់នៃការបើកបណ្តាញទំនាក់ទំនងទាំងនោះ»។

ចំពោះលោក​ លីល ម័ររីស ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលវិភាគកិច្ចការចិននៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា ទណ្ឌកម្មគួរតែដកចេញ។ ប៉ុន្តែ​លោក​បាន​បន្ត​ថា​៖ «​ការ​ដក​ទណ្ឌកម្ម​អាច​នឹង​មាន​ការ​ចូល​រួម​​ធ្វើ​អន្តរាគមន៍​ពី​សភា​ដែល​មាន​ភាពតឹងតែង​ចំពោះ​ប្រទេស​ចិន​។ ដូច្នេះ​វា​នឹង​មាន​ការ​លំបាកនិង​ជា​រឿង​នយោបាយ»។

ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកបានធ្លាក់ចុះខ្លាំងនៅមួយរយៈចុងក្រោយនេះ រហូតដល់ផ្អាកជំនួបនានា ដោយសាររឿងជាច្រើន ចាប់ពីរឿងបាញ់ទម្លាក់បាឡុងចិន រឿងតៃវ៉ាន់ រឿងសន្តិសុខ ដល់រឿងសេដ្ឋកិច្ច ប៉ុន្តែភាគីទាំងពីរហាក់ដូចជាមានចេតនាធ្វើឱ្យជំនួបទ្វេភាគីកើតមានឡើងវិញ។ ជាក់ស្ដែង ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ចេក ស៊ូល្លីវ៉ាន និងអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី បានពិភាក្សាគ្នាអស់រយៈពេល ៨ ម៉ោង នៅឯទីក្រុងវីយែនកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។

មន្ត្រីសហរដ្ឋអាមេរិក ដែលបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា លោក ស៊ូល្លីវ៉ាន និងលោក វ៉ាង បានយល់ព្រមរក្សាបណ្តាញទំនាក់ទំនងទៅវិញទៅមក ហើយថា លោក ស៊ូល្លីវ៉ាន បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកជម្លោះឬការប្រឈមមុខដាក់គ្នានោះទេ។ បើតាមមន្ត្រីដដែល លោក ស៊ូល្លីវ៉ាន់ និងលោក វ៉ាង មិនបានពិភាក្សាអំពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដែលបានកំណត់ធ្វើឡើងវិញសម្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្លីងឃិន ទេ ដោយគ្រាន់តែនិយាយថា សេតវិមានរំពឹងថាភាគីទាំងពីរនឹងបន្តការទាក់ទងគ្នាថែមទៀត។

លើសពីនេះទៅទៀត បេសកជនទទួលបន្ទុកអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក ចន ឃើរី បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសចិនបានអញ្ជើញគាត់ឱ្យទៅធ្វើទស្សនកិច្ច «ក្នុងរយៈពេលដ៏ខ្លី» ហើយថាលោក បៃឌិន បានអនុញ្ញាតឱ្យលោកធ្វើដំណើរទៅចិន៕




អត្ថបទបន្ទាប់


គម្រោងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅពាក់កណ្តាលឆ្នាំនេះ ត្រូវបានលើកពេលជាថ្មីទៀតហើយ!

តាមផែនការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងនឹងដាក់ឲ្យដំណើរការហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់ពីបានពន្យារពេលជាបន្ត…

នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា អាស៊ានគឺជា«ក្បូនជីវិត»សម្រាប់ប្រទេសក្នុងតំបន់ នៅពេលពិភពលោកកាន់តែលំបាក

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសឥណ្ឌូនេស៊ីថា នៅក្នុងពិភពលោកដែលមានបញ្ហាកាន់តែខ្លាំង សមាគមអាស៊ាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ