ក្តីបារម្ភអំពីបាឡុងចារកម្មចិនអាចជាបញ្ហាសកល

អាមេរិកថា «បាឡុងចារកម្មចិន» ជាបញ្ហាសកល និងប្រាប់ឲ្យពិភពលោកប្រុងប្រយ័ត្ន ខណៈអង្គការណាតូបង្ហាញក្តីបារម្ភដែរ


សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធទី៨កុម្ភៈថា បាឡុងរបស់ចិនគឺមិនមែនត្រឹមជាបាឡុងធម្មតានោះ តែបាឡុងនេះជាផ្នែកមួយរបស់កងទ័ពជើងអាកាសរបស់ប្រទេសចិន ដែលវាហោះហើរលាតសន្ធឹងលើទ្វីបចំនួនប្រាំ ក្នុងគោលបំណងធ្វើចារកម្ម។ អាមេរិកថា បាឡុងនេះគ្រប់គ្រងដោយយោធារបស់ចិន និងមិនមែនជាបាឡុងស៊ីវិល ដូចការអះអាងរបស់ភាគីចិននោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហរដ្ឋអាមេរិក និងអង្គការណាតូចេញក្តីបារម្ភរួមគ្នាចំពោះបាឡុងចារកម្មចិន

ជុំវិញការអះអាងរបស់វ៉ាស៊ីតោន អង្គការណាតូបានចេញមកបង្ហាញ ក្តីបារម្ភរួមជាមួយអាមេរិក ប្រាប់សមាជិកនិងប្រទេសនៅលើពិភពលោកឱ្យមានការប្រុងប្រយ័ត្នជុំវិញរឿងបារឡុងចារកម្មនេះផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg, រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេនបាបនិយាយថា ឧបទ្ទវហេតុបាឡុងនេះ គឺឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាប្រព័ន្ធ និងយុទ្ធសាស្ត្រដែលចិនបង្ហាញដល់សម្ព័ន្ធមិត្តរបស់យើង មិនមែនត្រឹមតែសហរដ្ឋអាមេរិកឡើយ។ លោក ប្លីនខេនបន្តថា សហរដ្ឋអាមេរិកនិងផ្តល់ទិន្នន័យដែលស្រាវជ្រាវបាន ដល់សម្ព័ន្ធមិត្ត នៅពេលកម្ទេចកម្ទីបាឡុងនោះត្រូវបានរកឃើញទាំងស្រុង។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរូបនេះកត់សម្គាល់ថា អាមេរិកបានចែករំលែកព័ត៌មានជាមួយប្រទេសរាប់សិបរួចហើយនៅជុំវិញពិភពលោក ក្នុងនោះបានជូនដំណឹងផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន និងផ្សេងទៀតតាមរយៈស្ថានទូត។

ថ្លែងក្នុងក្តីព្រួយបារម្ភ លោក ប្លីនខេន បានប្រាប់អ្នកយកព័ត៌មានរួមគ្នាជាមួយប្រធានអង្គការណាតូដោយសង្កត់ធ្ងន់ថា៖ ការដែលអាមេរិកធ្វើដូច្នេះ គឺមិនមែនដើម្បីតែខ្លួនឯងនោះទេ ព្រោះបាឡុងនេះក៏បានហោះរំលោភលើអធិបតេយ្យភាពនៃប្រទេសនានានៅទូទាំងទ្វីបទាំងប្រាំផ្សេងទៀតផងដែរ។

ដោយឡែក លេខាធិការទទួលបន្ទុកផ្នែកសារព័ត៌មានប្រចាំសេតវិមានអ្នកស្រី ការីន ហ្សង់ព្យែរ(Karine Jean-Pierre) បានប្រាប់ឱ្យដឹងថា បាឡុងដែលកងទ័ពអាមេរិកបានបាញ់ទម្លាក់នោះ គឺជាផ្នែកមួយនៃកងនាវាជើងអាកាសរបស់កងទ័ពចិន ដែលត្រូវបានគេប្រទះឃើញមានផ្សេងៗគ្នា នៅជុំវិញពិភពលោកអស់រយៈពេលប្រាំឆ្នាំមកហើយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានបង្ហាញពីក្តីកង្វល់រួមគ្នាជាមួយសហរដ្ឋអាមេរិកថា ប្រទេសជាសមាជិកនៃអង្គការសម្ព័ន្ធណាតូត្រូវតែត្រៀមខ្លួន ដើម្បីការពារខ្លួនពីបាឡុងប្រភេទនេះ នាពេលខាងមុខ។

ប្រធានអង្គការសម្ព័ន្ធយោធារូបនេះចង្អុលបង្ហាញថា បាឡុងរបស់ចិនដែលហោះលើសហរដ្ឋអាមេរិកនេះគឺបញ្ជាក់ពីគំរូនៃអាកប្បកិរិយារបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប៉េកាំងខំបណ្តាក់ទុនយ៉ាងច្រើនក្នុងបច្ចេកវិទ្យាយោធាថ្មីៗ។ លោកបន្ថែមថា ណាតូក៏បានឃើញពីសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិនកើតឡើងនៅក្នុងទ្វីបអឺរ៉ុបដែរ ដោយទីក្រុងប៉េកាំងបានប្រើប្រាស់ប្រព័ន្ធផ្កាយរណប លំហអ៊ីនធឺណែត ដូចនេះហើយគេត្រូវតែប្រុងប្រយ័ត្ន។

កាសែត Washington Post ដែលដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បានរាយការណ៍ថា បាឡុងចារកម្មរបស់ចិនត្រូវបានយោធាអាមេរិកស៊ើបដឹងថា បានហោះចេញពីភាគខាងត្បូងនៃកោះហៃណាននៃប្រទេសចិន។ កាសែតដដែលនេះបានសរសេរទៀតថា បាឡុងប្រភេទនេះក៏អាចនឹងកំពុងប្រើប្រាស់ដោយយោធាចិន ក្នុងការត្រួតពិនិត្យមើលលើមូលដ្ឋាន និងឧបករណ៍យោធាផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុន ឥណ្ឌា និងតៃវ៉ាន់ផងដែរ។

មែនទែនទៅ បាឡុងដែលសហរដ្ឋអាមេរិកសន្មតមិនដាច់ពីមាត់ថាជាឧបករណ៍ចារកម្មនោះ បានហោះចូលក្នុងដែនអាកាសអាមេរិកកាលពីសប្តាហ៍មុខ មុននឹងត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-22 នៅលើដែនអាកាសនៃឆ្នេរសមុទ្រក្នុងរដ្ឋ South Carolina។ ដោយឡែក ប្រទេសចិនបានទទូចម្តងហើយម្តងទៀតថា បាឡុងដែលហោះចូលក្នុងទឹកដីអាមេរិក និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាមេរិកខាងត្បូងនោះ គឺជាបាឡុងស្រាវជ្រាវស៊ីវិល ដែលមានបេសកកម្មពិនិត្យមើលអាកាសធាតុផ្នែកឧតុនិយមប៉ុណ្ណោះ ហើយវាបានហោះចូលដោយភាពចៃដន្យតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


អតិផរណាប្រទេសឡាវកើនឡើងដល់ជាង៤០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំចុងក្រោយ

រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ បានប្រកាសក្នុងសប្តាហ៍នេះថា អតិផរណានៅក្នុងប្រទេសឡាវនៅតែបន្តនិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ ដោយបានឈានដល់ ៤០,៣%ក្…

ការដឹកជញ្ជូនទំនិញតាមកុងតឺន័រពីអាស៊ីទៅអាមេរិកកំពុងគំរាមកំហែងដោយបញ្ហាអតិផរណាខ្ពស់

ការដឹកជញ្ជូនទំនិញតាមមហាសមុទ្រ ពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០២២ ដោយសារអតិផរណាខ្ពស់ ដែលរារាំងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ