ប្រទេសចិន - អាមេរិក

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបង្ហាញជំហរសម្រុះសម្រួលនិងចរចាជាមួយប្រទេសចិន


នៅពេលដែលនំនាក់ទំនងរវាងប្រទេសទាំងពីរតានតឹងកាន់តែខ្លាំង លោកស្រី ចាណេត យ៉េឡេន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញជំហរថា ប្រទេសលោកស្រីចង់បានការប្រកួតប្រជែងជាមួយប្រទេសចិនដោយត្រឹមត្រឹម ហើយលោកស្រីមានបំណងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចរចាជាមួយសមភាគីចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រើយធឺ។
អាមេរិកបង្ហាញជំហរសម្រុះសម្រួលនិងចរចាជាមួយប្រទេសចិន

សហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្ត្រថ្មី ដើម្បីប្រកួតប្រជែងមួយជាមួយនឹងចិន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យ៉េឡេន (Janet Yellen) ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាលេខមួយនៅលើពិភពលោកនេះ ចង់បាន«ការប្រកួតប្រជែងដ៏ប្រសើរមួយ' ជាមួយនឹងប្រទេសចិន ហើយលោកស្រីក៏កំពុងសម្លឹងរកឱកាសធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងផងដែរ។

លោកស្រីបានអះអាងថា សហរដ្ឋអាមេរិកព្យាយាមបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងន័យ ស្ថាបនា និងប្រកបដោយយុត្តិធម៌ ជាមួយប្រទេសចិន ប៉ុន្តែនឹងការពារផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក។ លោកស្រី យ៉េឡេន បានថ្លែងទៀតថា ប្រទេសលោកស្រីក៏នឹងបន្តប្រឆាំងនឹងសកម្មភាពរបស់ចិនដែលប៉ុនប៉ងគ្រប់គ្រងដៃគូប្រកួតប្រជែងបរទេសនានា។

តាមរយៈបាឋកថានៅឯមហាវិទ្យាល័យសិក្សាអន្តរជាតិជាន់ខ្ពស់នៃសាកលវិទ្យាល័យ ចន ហប់ឃីន ( Johns Hopkins) លោកស្រី យ៉េឡេន បានលើកឡើងពីកម្មវត្ថុចម្បងៗរបស់រដ្ឋបាលលោក បៃដិន។ នោះជាអ្វីដែលលោកស្រីហៅថាទំនាក់ទំនងសេដ្ឋកិច្ច"ដ៏សំខាន់" រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ខណៈដែលប្រទេសចិនបានប្រកាន់ជំហរប្រឈមមុខគ្នាចំពោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក។

លោកស្រីបាននិយាយថា៖ "ច្បាស់ណាស់ ទំនាក់ទំនងរបស់យើងគឺស្ថិតក្នុងឱកាសដ៏តានតឹង" ហើយបានបន្តថា៖ "គោលដៅរបស់ខ្ញុំគឺត្រូវធ្វើឱ្យច្បាស់និងស្មោះត្រង់ ផ្ដោតលើបញ្ហាស្នូល ហើយនិយាយអំពីទំនាក់ទំនងដ៏សំខាន់នេះ ដោយផ្អែកលើការពិតជាក់លាក់"។

លោកស្រីបាននិយាយថា លោកស្រីមានបំណងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅពេលវេលាសមស្របណាមួយ ដើម្បីជួបជាមួយសមភាគីចិនថ្មី ដើម្បីជួយចាត់ចែងប្រកបដោយការទទួលសុខាត្រូវលើទំនាក់ទំនងនោះ ប៉ុន្តែស្ថាប័នសេដ្ឋកិច្ចរបស់អាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃការធ្វើដំណើរនោះទេ។

លោកស្រី យ៉េឡេន បានធ្វើការកត់សម្គាល់បែបនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង និងចំពេលមានទុទិដ្ឋិនិយមក្នុងទំនាក់ទំនងអាមេរិក-ចិន ជុំវិញបញ្ហាសន្តិសុខជាតិ រួមទាំងបញ្ហាតៃវ៉ាន់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ការរឹតត្បិតកាន់តែខ្លាំងចំពោះការនាំចេញបច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋចិន។

ជុំវិញយុទ្ធសាស្រ្តអាមេរិកដែលបង្ហើបខាងលើនេះ លោក ស្កុត កេណឺឌី ( Scott Kennedy) អ្នកជំនាញសិក្សាអំពីចិននៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ ប្រចាំនៅវ៉ាស៊ីនតោន បាននិយាយថា អត្ថាធិប្បាយរបស់លោកស្រី យ៉េឡេន គឺការបញ្ចេញមតិគ្រប់ជ្រុងជ្រោយអំពីយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក បៃដិន ចំពោះប្រទេសចិន។ បើតាមលោក កេណឺឌី វាបង្ហាញពីការផ្លាស់ប្តូររូបភាពពីការបណ្ដោយតាមវាសនា និងការប្រកួតប្រជែងរវាងមហាអំណាច ទៅជាការស្វែងរកការសម្រុះសម្រួល និងការដោះស្រាយបញ្ហាវិញ។

នេះគឺជាសញ្ញវិជ្ជមានមួយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក កេណឺឌី បាននិយាយថា សហរដ្ឋអាមេរិកទំនងជាមិនអាចវិលត្រឡប់ទៅរកការអនុវត្តគោលនយោបាយទំនាក់ទំនងឥតលក្ខខណ្ឌជាមួយចិនដូចពីមុនបានឡើយ៕




អត្ថបទបន្ទាប់


ប្រមុខណាតូថ្លែងថា បើបញ្ចូលអ៊ុយក្រែនក្នុងសម្ព័ន្ធភាពនេះ គឺចំកន្លែងល្អ

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន, លោក ចេន ស្តូលថេនប៊ើក អគ្គលេខាធិការអង្គការសន្ធិសញ្ញាសម្ព័ន្ធភាពអាត្លង់ទិកខាងជើ…

នៅចំពោះមុខការចាប់ផ្ដើមនៃសករាជ្យរថយន្តអគ្គីសនីចិន តើរថយន្តប្រើប្រេងឥន្ធនៈជិតអស់ផ្លូវហើយ ឬយ៉ាងណា?

គេរំពឹងថា រថយន្តអគ្គីសនីចិននឹងជំនួសរថយន្តប្រើប្រេងឥន្ធនៈនាពេលខាងមុខ ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនខ្លាំង ជាពិសេសនៅក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ