ប្រទេសចិន

នៅចំពោះមុខការចាប់ផ្ដើមនៃសករាជ្យរថយន្តអគ្គីសនីចិន តើរថយន្តប្រើប្រេងឥន្ធនៈជិតអស់ផ្លូវហើយ ឬយ៉ាងណា?


គេរំពឹងថា រថយន្តអគ្គីសនីចិននឹងជំនួសរថយន្តប្រើប្រេងឥន្ធនៈនាពេលខាងមុខ ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនខ្លាំង ជាពិសេសនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិនបានគាំទ្រពេញទំហឹងចំពោះនិន្នាការថ្មីនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះផ្សេងៗ។
តើប្រទេសចិនអាចនិងឈប់ប្រើរថយន្តចាក់ប្រេងឥន្ធនៈដែលឬយ៉ាងណា?

ទន្ទឹមនឹងនេះ ការនាំចេញរថយន្តអគ្គិសនីដោយក្រុមហ៊ុនចិនកាន់តែច្រើនឡើងៗ ទៅទីផ្សារពិភពលោក ត្រូវបានអ្នកជំនាញយល់ឃើញថា ជាការចាប់ផ្ដើមនៃសករាជ្យរថយន្តអគ្គិសនី ដែលគ្របដណ្ដប់ដោយផលិតផលចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលផ្សាយបន្ដដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia។

ក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចទី ២ ហើយមានប្រជាពលរដ្ឋច្រើនជាងគេ បូកផ្សំនិងគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាលផង ប្រទេសចិនបានផលិតរថយន្តអគ្គិសនីឈានមុខគេ និងជាទីផ្សារសម្រាប់យានជំនិះប្រភេទនេះធំជាងគេបំផុតដែរ។ អ្នកឯកទេសមួយចំនួនបានរំពឹងថា ទីផ្សាររថយន្តអគ្គីសនីអាចនឹងជំនួសទីផ្សាររថយន្តប្រើប្រេងឥន្ធនៈបាននៅពេលខាងមុខ។ ទស្សនៈវិស័យដ៏វិជ្ជមានចំពោះបរិស្ថាននេះត្រូវបានបង្ហាញនៅក្នុងពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំនេះ។

អ្នកវិភាគនានា និងអ្នកធ្វើការនៅក្នុងឧស្សាហកម្មរថយន្ត បាននិយាយថា ពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៣ នេះ បានបង្ហាញពីការបញ្ចប់នៃយុគសម័យម៉ាស៊ីនប្រើប្រេងឥន្ធនៈនៅក្នុងប្រទេសចិន ខណៈដែលម៉ាករថយន្តអគ្គិសនីជាច្រើនក្នុងស្រុក ជំរុញឱ្យមានការផ្លាស់ប្តូរនៅទូទាំងប្រទេស ហើយធ្វើឱ្យក្រុមហ៊ុនរថយន្តបរទេសដេញហិតធូលីក្រុមហ៊ុនចិន នៅលើវិថីនៃការប្រកួតប្រជែង។

ប្រភពដដែលបានបន្តថា ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់រថយន្តអគ្គីសនី និងកំណើននៃការចាប់អារម្មណ៍ក្នុងចំណោមអ្នកប្រើប្រាស់លើទីផ្សារដ៏ធំទូលាយក្នុងប្រទេសចិន បានធានានូវការគ្របដណ្ដប់របស់ក្រុមហ៊ុនចិនលើចំណែកទីផ្សារនៅក្នុងប្រទេស ដែលជាចំណែកដ៏ធំបំផុតរបស់ពិភពលោកដែរ។

ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនកាន់តែច្រើនឡើងៗ កំពុងផ្តោតលើគោលដៅនៅក្រៅប្រទេសថែមទៀត។ ក្រុមហ៊ុនដ៏ធំបំផុតរបស់ចិន គឺក្រុមហ៊ុន ប៊ីអាយឌី (BYD) ដែលបានបើកហាងរថយន្តនៅក្នុងប្រទេសន័រវេស ហើយបានពង្រីកថែមជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀតរបស់ចិន កំពុងធ្វើតាម។

លោក ស្ពីរ៉ូស ហ្វូទីណូ (Spiros Fotinos) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្ស៊ីក (Zeekr) ប្រចាំទ្វីបអឺរ៉ុប បានប្រាប់ថា ភាពទំនើបផ្នែកបច្ចេកវិទ្យានៃរថយន្តអគ្គិសនី ផលិតនៅប្រទេសចិន កំពុងប្រជែងនឹងប្រភេទរថយន្តប្រពៃណី លើផ្នែកគុណភាព ដែលអតិថិជនបរទេសអាចទុកចិត្តបាន។

ទោះបីជាយ៉ាងនេះក្ដី លោក អេលៀត រីឆាត (Elliot Richards) អ្នកឯកទេសរថយន្តអគ្គីសនីជនជាតិអាល្លឺម៉ង់ បាននិយាយថា ភាពជោគជ័យរបស់ក្រុមហ៊ុនផលិតរថយន្តចិននៅបស្ចិមលោក មិនមែនចេញពី"ការប្រកួតប្រជែងចប់សព្វគ្រប់ទេ" ព្រោះថាពួកគេនឹងត្រូវសម្របខ្លួនទៅនឹងទីផ្សារនៅបរទេស។

ជាក់ស្ដែង លោក រីឆាត បានលើកឡើងថា៖ «ជាឧទាហរណ៍, ម៉ាស៊ីនខារ៉ាអូខេក្នុងរថយន្តគឺពេញនិយមនៅប្រទេសចិន តែមិនសូវពេញនិយមនៅអឺរ៉ុបទេ»។

អ្នកឯកទេសរថយន្តអគ្គីសនីជនជាតិអាល្លឺម៉ង់រូបនេះ បានអះអាងថា ពិពណ៌នៅសៀងហៃ បានបង្ហាញថា រថយន្តម៉ាកយីហោរបស់ចិន «អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះផ្សេងៗទៀតគ្រប់បែបយ៉ាង ទាំងរូបរាង គុណភាព ផាសុកភាព ពោលគឺមិនមានអ្វីដែលពួកគេមិនអាចធ្វើបាននោះទេ នៅពេលនេះ»។

លោក អេលៀត រីឆាត បានបន្ថែមថា៖ «ខ្ញុំគិតថា ពិពណ៌នេះជាការបញ្ចប់នៃយុគសម័យរថយន្តដែលមានម៉ាស៊ីនចំហេះនៅខាងក្នុង និងការចាប់ផ្តើមនៃសករាជ្យរថយន្តអគ្គីសនី»។

ទន្ទឹមនឹងនេះ លោក វីលៀម លី ( William Li ) នាយកប្រតិបត្តិក្រុមហ៊ុន នីអូ (NIO) ដែលគេនិយមហៅថា ក្រុមហ៊ុនតេស្លាចិន បានថ្លែងក្នុងសម្ដីផ្ទាល់ថា៖ «យើងចាត់ទុករថយន្តប្រើប្រេងឥន្ធនៈប្រណីតៗ ដូចជា BMW, Mercedes Benz និង Audi ជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់យើង»។

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន ទីផ្សារយានយន្តអគ្គិសនីមានទំហំ ១ ភាគ ៤ នៃការលក់រថយន្តនៅក្នុងប្រទេសកាលពីឆ្នាំ ២០២២ ពោលគឺកើនឡើង ៩៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។

ទោះបីជាទីផ្សាររថយន្តធ្លាក់ចុះនៅលើពិភពលោកក៏ដោយ ក៏លោក វីលៀម លី បាននិយាយថា ចំណែកទីផ្សាររបស់រថយន្តអគ្គីសនីនៅចិនអាចនឹងកើនឡើងដល់ជាង ៤០ ភាគរយនៅឆ្នាំ ២០២៣ នេះ។

លោក ម៉ាយ ចនស្តុន ( Mike Johnstone) នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តប្រណីតអង់គ្លេស ឡូធើស (Lotus) បានអះអាងថា អនាគតនៃទីផ្សាររថយន្តគឺលេចរូបរាងកាន់តែច្បាស់នៅទីនេះ។ លោកបានបន្តថា មានការរីកសាយភាយនៃផលិតផលដើរដោយអគ្គិសនីជាច្រើន នៅក្នុងប្រទេសចិន ហើយវាកំពុងផ្លាស់ប្តូរទីផ្សារទាំងមូល។

ជុំវិញបញ្ហានេះ លោក អេលៀត រីឆាត បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនចិនគេចពីការអភិវឌ្ឍម៉ាស៊ីនប្រើប្រេងឥន្ធនៈ ពីព្រោះពួកគេមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗទៀតក្នុងពិភពលោកទេ។ ដូច្នេះ ពួកគេគិតថា វិនិយោគលើរថយន្តអគ្គីសនីគឺពួកគេអាចនាំមុខក្រុមហ៊ុនឯទៀតៗបាន។

ប្រទេសចិនបានចាប់ផ្ដើមវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងរថយន្តអគ្គីសនីតាំងដើមទសវត្សរ៍ឆ្នាំ ២០០០ មកម្ល៉េះ។ រដ្ឋាភិបាលមជ្ឈិម និងរដ្ឋាភិបាលមូលដ្ឋាន បានចាក់បង្ហូរប្រាក់រាប់ពាន់លានដុល្លារ ចូលទៅក្នុងគោលនយោបាយឧបត្ថម្ភធន និងបន្ធូរបន្ថយពន្ធ ព្រមទាំងបានអនុញ្ញាតឱ្យសេវាដឹកជញ្ជូនសាធារណៈធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយានយន្តអគ្គិសនីថែមទៀត។

ហេដ្ឋារចនាសម្ព័ន្ធនានាដែលគាំទ្រចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ក៏ត្រូវបានសាងសង់ឡើង ដោយរដ្ឋាភិបាលចិននិយាយថា បច្ចុប្បន្ននេះមានទីតាំងសាកអាគុយជាង ៥,៨ លាននៅក្នុងប្រទេសចិន។ សារព័ត៌មានសេដ្ឋកិច្ច ប្លូមប៊ើក (Bloomberg) រាយការណ៍ថា គ្រាន់តខេត្ត គ័ងដុង ( Guangdong) មួយ មានធុងសាកសាធារណៈប្រហែល ៣ ដងច្រើនជាងនៅទូទាំងសហរដ្ឋអាមេរិកទៅទៀត។

លោក វីលៀម លី នៅក្រុមហ៊ុនតេស្លាចិន បាននិយាយថា «ជាទូទៅ នៅតែមានគោលការណ៍អនុគ្រោះជាច្រើន ... សម្រាប់ការផលិត និងលក់រថយន្តអគ្គិសនី» ជាក់ស្ដែង នៅតាមទីក្រុងមួយចំនួន អាជ្ញាធរបានកាត់បន្ថយតម្លៃធ្វើស្លាកលេខដែលធម្មតាមានតម្លៃខ្ពស់ណាស់។

គោលនយោបាយទាំងនោះក៏អនុវត្តបានចំពោះក្រុមហ៊ុនបរទេសផងដែរ។ យុទ្ធសាស្ត្រទាំងនោះបានជួយទាក់ទាញក្រុមហ៊ុន តេស្លា (Tesla) ដែលនាំមុខគេក្នុងឧស្សាហកម្មរថយយន្ត ឱ្យមកបណ្ដាក់ទុននៅប្រទេសចិន ដោយជំរុញផ្នែករថយន្តអគ្គិសនីកាន់តែមានកេរ្តិ៍ឈ្មោះ និងជំរុញឱ្យមានការប្រកួតប្រជែងបន្ថែមទៀត។

បច្ចុប្បន្ននេះ អ្នកផលិតរថយន្តជាង ៩៤ ក្រុមហ៊ុន ផ្តល់ជម្រើសរថយន្តជាង ៣០០ ម៉ូដែល នៅក្នុងទីផ្សារប្រទេសចិន។ នេះជាអ្វីដែលក្រុមហ៊ុនស្រាវជ្រាវ ខោនធើផ័ញ (Counterpoint Research) ហៅថា"ភាពរស់រវើកបំផុតនៅទូទាំងពិភពលោក"។

អ្នកខ្លះកំពុងចាយលុយលែងស្ដាយ ដើម្បីទិញរថយន្តអគ្គិសនី ក្នុងតម្លៃខ្ពស់ជាងការចំណាយមធ្យមរបស់អ្នកប្រើប្រាស់។ ប្រភេទរថយន្តអគ្គិសនីថោកជាងគេអាចមានតម្លៃប្រហែល ៥ ពាន់ ៨ រយដុល្លារអាមេរិក។ នៅពេលអនាគត បច្ចេកវិទ្យាផលិតក្នុងប្រទេសចិនអាចជំរុញឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះបន្ថែមទៀត៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបង្ហាញជំហរសម្រុះសម្រួលនិងចរចាជាមួយប្រទេសចិន

ព័ត៌មាន
នៅពេលដែលនំនាក់ទំនងរវាងប្រទេសទាំងពីរតានតឹងកាន់តែខ្លាំង លោកស្រី ចាណេត យ៉េឡេន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញជំហរថា ប្រ…

តើពាណិជ្ជកម្មរវាងកម្ពុជាជាមួយអាស៊ាននៅត្រីមាសទី១ឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាន មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ១៦% បើធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ