ប្រភពច្បាស់ការចំនួនពីរបាននិយាយថា សេតវិមានគ្រោងនឹងប្រកាសពីការរារាំងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ចំពោះកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនដែកជប៉ុន Nippon Steel ជាមួយក្រុមហ៊ុនដែកអាម៉េរិក US Steel ដែលមានតម្លៃជិត១៥ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមហេតុផលព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។
ប៉ុន្តែនៅមុនការប្រកាសរបស់សេតវិមាន ដែលអាចកើតមានឡើងនេះ ក្រុមហ៊ុនដែកអាម៉េរិក US Steel បានព្រមានថា ការធ្វើឱ្យកិច្ចព្រមព្រៀងទិញលក់ជាមួយក្រុមហ៊ុនដែកជប៉ុន Nippon Steel នេះបរាជ័យ អាចនឹងធ្វើឱ្យពលរដ្ឋអាម៉េរិក រាប់ម៉ឺននាក់បាត់បង់ការងារ ហើយរោងចក្រដែកមួយចំនួនត្រូវបិទទ្វារ ហើយក្រុមហ៊ុន US Steel ក៏អាចនឹងរើការិយាល័យកណ្ដាលរបស់ខ្លួនចេញពីរដ្ឋផេនស៊ីលវេនៀ (Pennsylvania) ទៀតផង។
ទោះជាយ៉ាងណា ប្រភពដដែលបានទម្លាយឱ្យដឹងថា ការសម្រេចចុងក្រោយទាក់ទិននឹងផែនការទិញលក់នេះក្រុមហ៊ុនដែកនេះ អាចនឹងត្រូវប្រកាសនៅអំឡុងសប្ដាហ៍នេះ។ ហើយប្រសិនបើកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនដែកអាម៉េរិកនេះត្រូវបានលុបចោលមែននោះ វាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយនឹងប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល