
អ្នកវិនិយោគបានសម្រុកទិញចូលភាគហ៊ុនរបស់ Nvidia ដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះហក់ឡើងខ្លាំង ធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងឈានដល់៣,៨៩ទ្រីលានដុល្លារអាម៉េរិក គួរឱ្យភ្ញាក់ផ្អើល។
ទិន្នន័យបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើង១,៣% ផ្សារហ៊ុន S&P 500 បានហក់ឡើង០,៨៣% និងផ្សារហ៊ុន Nasdaq បានហក់ឡើង១,០២% ផ្សារហ៊ុន Dow Jones បានហក់ឡើង០,៧៧%។ ការហក់ឡើងនៃផ្សារហ៊ុនរបស់សហរដ្ឋអាម៉េរិកនេះ កើតមានឡើង ក្រោយពីសហរដ្ឋអាម៉េរិក បានបញ្ចេរបាយការណ៍ស្ដីពីទីផ្សារការងារថា អត្រាមានការងារធ្វើបានកើនឡើង១៤៧.០០០កន្លែង កាលពីអំឡុងខែមិថុនា ខណៈដែលអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម៤,១% ដែលប្រសើរជាការព្យាករមុននេះ។
ទោះបីជាផ្សារការងារប្រសើរឡើងដែលធ្វើឱ្យផ្សារហ៊ុនអាម៉េរិក ហក់ឡើងខ្លាំងបែបនេះក្ដី ក៏បណ្ដាអ្នកវិនិយោគមិនរំពឹងថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់អំឡុងខែកក្កដា នេះឡើយ ដោយពួកគេរំពឹងថា ការបញ្ចុះអត្រាការប្រាក់អាចនឹងធ្វើឡើងនៅខែកញ្ញា ខាងមុខ៕
ដោយ: តែម សុខុម