បើតាមការបង្ហើបឱ្យដឹងខ្លះៗ ការិយាល័យរបស់តំណាងពាណិជ្ជកម្មរងសហរដ្ឋអាមេរិកលោកស្រី សារា បេនឈី(Sarah Bianchi) នឹងជួបជាមួយអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កោះតៃវ៉ាន់ គឺលោក ចន ដេង(John Deng) ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើម ស្តីពីពាណិជ្ជកម្មសតវត្សទី២១។
គេនៅចាំបានថា គំនិតផ្តួចផ្តើមពាណិជ្ជកម្មរវាងអាមេរិក និងតៃវ៉ាន់ ត្រូវបានរដ្ឋបាលក្រុងវ៉ាស៊ីនតោនប្រកាសឱ្យដឹងមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋបាលរបស់លោកចូ បៃឌិន បានប្រកាសជាផ្លូវការនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកកាលពីខែមុន ប៉ុន្ដែមិនបានរាប់បញ្ចូលកោះតៃវ៉ាន់ដែលជាដៃគូដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់ ចូលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ចនេះនោះទេ។
លោក ចន ដេងអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កោះតៃវ៉ាន់ប្រាប់រ៉យទ័រថា ទោះមិនបានចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក តែតៃវ៉ាន់នៅតែសង្ឃឹមថា អាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ក្នុងលក្ខណទ្វេភាគី។
ប្រការនេះជារឿងល្អសម្រាប់ភាគីទាំងពីរ ពិសេសអាមេរិក ដែលអាចបង្កើនការរកស៊ីជាមួយកោះតៃវ៉ាន់ ដែលជាអ្នកផលិតបន្ទះឈីបដ៏សំខាន់សម្រាប់ទីផ្សារសកល។ យ៉ាងណាមិញ ប្រទេសចិនបានសម្តែងការប្រឆាំងដាច់ខាតចំពោះគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មថ្មីរវាងអាមេរិកនិងកោះតៃវ៉ាន់នេះ ក៏ដោយសារតែទីក្រុងប៉េកាំងចាត់ទុកថា វាគឺជាផែនការមួយរបស់អាមេរិកក្នុងការឈានទៅទទួលស្គាល់កោះតៃវ៉ាន់ ហើយដែលវាផ្ទុយនឹងអ្វីដែលចិនតែងទាមទារឲ្យមានការគោរពគោលនយោបាយចិនតែមួយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កៅ ហ្វឹង (Gao Feng) ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកគួរតែគិតគូរពីរឿងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត ជៀសវាងការយល់ខុស ដែលជំរុញឲ្យតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។
ទីក្រុងប៉េកាំងថែមទាំងបានសម្តែងការប្រឆាំងគ្រប់ទម្រង់ទាំងអស់ ចំពោះទំនាក់ទំនងផ្លូវការរវាងតៃវ៉ាន់ និងប្រទេសដទៃទៀតរួមបញ្ចូលទាំងការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មនានា។
សូមជម្រាថា កោះតៃវ៉ាន់មានតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ពិសេសគឺគ្រឿងបង្គុំ បន្ទះឈីប ដែលជាវត្ថុធាតុដើមសំខាន់ សម្រាប់ឧបករណ៍អេលេត្រូនិកផ្សេងៗ។ ចំណុចនេះហើយ បានធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងច្បាស់ថា អាមេរិកត្រូវតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក បើទោះបីជាត្រូវប្រឈមមុខ នឹងទីក្រុងប៉េកាំងក៏ដោយ៕