ស្របពេលជាមួយគ្នានេះ លោក ហ្វើឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ក៏នឹងត្រៀមជួបលោក ស៊ី ជិនពីង នៅអំឡុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដើម្បីបន្សាបភាពភាពតានតឹងរវាងប្រទេសទាំងពីរជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។
យោងតាមការប្រកាសដោយការិយាល័យប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ការសម្រេចជួយនេះកើតឡើងបន្ទាបពីក្រុមហ៊ុនថាមពលអាម៉េរិក USNC បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Manila Electric ឬដែលគេស្គាល់ថា Meralco អំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
ក្រោយចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Meralco របស់ហ្វីលីពីន បាននិយាយសាទរការជួយរបស់អាម៉េ រិកនេះថា ជាជំហានមួយដ៏សំខាន់សម្រាប់ហ្វីលីពីន ក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត និងជម្រើសថាមពលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស។ បើតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនទាំងពីរនឹងធ្វើការសិក្សាជាមុនអំពីលទ្ធភាពក្នុងការប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូច ក្នុងការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថាន ចំនួនវិនិយោគ និងការចំណាយប្រតិបត្តិការជាមុន។ ហើយក្រុមហ៊ុនMeralco នឹងត្រូវពិនិត្យមើលការដំឡើងរ៉េអាក់ទ័រនៅក្នុងតំបន់ណាមួយក្នុងប្រទេសហ្វីលីពីន ដែលខ្វះខាតថាមពលអគ្គិសនី។
ទន្ទឹមគ្នានេះ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ដែលកំពុងមានវត្តមាននៅសហរដ្ឋអាម៉េរិក បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងជួបជាមួយសមភាគីចិន លោកស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដើម្បីពិភាក្សាអំពីភាពតានតឹង និងបង្កើតផ្លូវឆ្ពោះទៅមុខនៅសមុទ្រចិនខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា ផ្លូវឆ្ពោះទៅមុខរួមគ្នានេះ គឺដើម្បីរក្សាឱ្យបានសន្តិភាពនៅសមុទ្រហ្វីលីពីនខាងលិច ឬសមុទ្រខាងចិនខាងត្បូងនោះឯង។ ការជួបនេះធ្វើឡើងក្រោយពេលដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល បានកើនឡើងកម្តៅខ្លាំងនៅរយៈចុងក្រោយជុំវិញជម្លោះនៅសមុទ្រចិន។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានប្តេជ្ញាជាថ្មី ក្នុងការបន្តបេសកកម្មផ្គត់ផ្គង់ជំនួយនិងស្បឿងដល់កងទ័ព និងអ្នកនេសាទរបស់ខ្លួនដែលកំពុងធ្វើប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះជាមួយចិន ហើយថា ហ្វីលីពីនមិនចាំបាច់ជូនដំណឹងជាមុនដល់ប្រទេសចិននោះទេ។ ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសហ្វីលីពីន ក៏បានអំពាវនាវឱ្យប្រទេសចិន ដកសំណង់ខុសច្បាប់ទាំងអស់ ដែលខ្លួនបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ព្រមទាំងបញ្ឈប់ការរុះរើឡើងវិញនៅក្នុងតំបន់ទាំងនោះ និងទទួលខុសត្រូវចំពោះការខូចខាតនៃសកម្មភាពដែលបានបង្កឡើងកន្លងទៅផងដែរ៕