គម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត

រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត


រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ត្រូវស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្តវិញ ខណៈដែលគម្រោងមានទុនវិនិយោគចាប់ពី៥លានដុល្លារឡើងទៅ គឺត្រូវស្ថិតក្រោមយន្ដការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ទិដ្ឋភាពទីក្រុងភ្នំពេញ រូបភាព៖ ខេមបូណូមីស អេង ថារិទ្ធ

ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អនុក្រឹត្យ​មួយ កាលពី​ទី​២០​មិថុនា ដែល​ក្នុង អនុក្រឹត្យ​នោះ​នោះ រាជរដ្ឋាភិបាល បាន​បង្កើត អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត ដើម្បី​ជា​យន្តការ​ក្នុង​ការ​ពិនិត្យ​សម្រេច​លើ​ការ​វិនិយោគឯកជន និង​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​។ តើ​អនុក្រឹត្យ​បង្កើត​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​និង​សារៈសំខាន់​យ៉ាងណា​ដល់​គម្រោង​វិនិយោគ​នៅ​កម្ពុជា?

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ បាន​សម្រេច​បង្កើត​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត ដើម្បី​ជា​យន្តការ​ក្នុង​ការ​ពិនិត្យ​សម្រេច​លើ​ការ​វិនិយោគឯកជន និង​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​។

អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត មាន​តួនាទី និង​ភារកិច្ច​ពិនិត្យ និង​សម្រេច​លើ​ការ​ចុះបញ្ជី ការ​ផ្តល់​ការ​លើកទឹកចិត្ត ការ​ធានា​ការ​ទិញ ការ​លក់ ការ​រួម​បញ្ចូល​គ្នា ការ​លុប និង​ការ​ដោះស្រាយ​វិវាទ​នានា​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគឯកជន ដែល​មាន​ទុន​វិនិយោគ​សម​មូល​នឹង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ចុះ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី ខេត្ត​សាមី​នីមួយ​ៗ ស្រប​តាម​នីតិវិធី​ដែល​កំណត់​ដោយ​អនុក្រឹត្យ​ដោយឡែក និង​ស្រប​តាម​ច្បាប់​វិនិយោគ​នៃ​កម្ពុជា​។

ជុំវិញ​ការ​បង្កើត​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត នេះ​ត្រូវ​បាន​លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ការ​សាទរ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយ​លោក​បាន​គូសបញ្ជាក់​ថា វា​នឹង​កាន់តែ​បង្ក​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគ​ផ្ទាល់ ពិសេស​នឹង​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ងាយស្រួល​ក្នុង​ការ​ទទួល​បាន​នូវ​ឱកាស​ការងារ ដោយ​ពុំ​ចាំបាច់​ចំណាកស្រុក​មក​ភ្នំពេញ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នោះ​ទេ​។ ឧកញ៉ា លឹ​ម ហេង បាន​យល់​ឃើញ​ថា អនុក្រឹត្យ​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ខេត្ត​នីមួយ​ៗ ទាក់ទាញ​វិនិយោគិន ទៅ​តាម​បណ្តា​ខេត្ត​របស់​ខ្លួន ដើម្បី​បង្ខិត​រោងចក្រ​ទៅ​តាម​ខេត្ត​នីមួយ​ៗ ដែល​ជា​ការ​ជួយ​កាត់​បន្ថយ​ចំណាកស្រុក​ពី​ខេត្ត​មក​រាជធានី ឬ​ទៅ​ក្រៅប្រទេស​។ ជាមួយ​គ្នា​នេះ ក៏​នឹង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ការ​ប្រមូល​ទិញ​វត្ថុធាតុដើម នៅ​តាម​ច្រកព្រំដែន ឬ​ប្រមូល​ទិញ​វត្ថុធាតុដើម​ពី​ក្នុង​ខេត្ត​របស់​ខ្លួន ដើម្បី​កែ​ច្នៃ និង​ការ​នាំ​ចេញ ដែល​រួមចំណែក​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។

ដោយឡែក​នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នេះ​ដែរ បាន​កំណត់​ថា គម្រោង​វិនិយោគ ដែល​មិន​ឆ្លង​ការ​ពិនិត្យ​សម្រេច ក្នុង​ការ​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់ អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត ហើយ​ត្រូវ​ឆ្លងកាត់​យន្ដការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះ រួម​មាន គម្រោង​វិនិយោគ​ដែល​មាន​ទុន​វិនិយោគ ចាប់ពី​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​, គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត ក្នុង​ដែន​សមត្ថកិច្ច​របស់​រាជធានី​-​ខេត្ត ចាប់ពី​២​ឡើង​ទៅ​, គម្រោង​វិនិយោគ​ដែល​ស្ថិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​, គម្រោង​វិនិយោគ​ស្ថិត​ក្រោម​ច្បាប់ ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​, គម្រោង​វិនិយោគ​ដែល​មាន​វេទយិតភាព​ខាង​នយោបាយ ឬ​អាច​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ប៉ះពាល់​ដល់​ការងារ​អភិរក្ស និង​ការពារ​ជីវៈចម្រុះ ធនធានធម្មជាតិ និង​សម្បត្តិ​វប្បធម៌​ជាតិ​, គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​ការ​រុករក និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ធនធានធម្មជាតិ គម្រោង​វិនិយោគ​ពាក់ព័ន្ធ​វិស័យ​ថាមពល និង​គម្រោង​វិនិយោគ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​អវិជ្ជមាន ដែល​នៅ​ជា​ធរមាន​។

សូម​បញ្ជាក់​ថា នៅ​រយៈពេល ៥​ខែ ដំបូង​ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ៗ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ចំនួន ៨០​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ២​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា រហូត​ជិត​៦​ម៉ឺន​កន្លែង​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវៀតណាមមានលក្ខណៈពិសេសអ្វីខ្លះ ក្នុងភាពជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់កម្ពុជា?

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេសក្បែរខាងគ្នា និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយគ្នា ក្នុងនោះ វៀតណាម គឺជាទីផ្សារដ៏ធំមួយសម្រាប់…

ទីបំផុតអ៊ីស្រាអែល និងបោះឆ្នោតរំលាយសភានៅសប្ដាហ៍ក្រោយនេះ ខណៈតំណែងនាយករដ្ឋមន្ត្រីក៏នឹងត្រូវផ្លាស់ប្ដូរដែរ

ព័ត៌មាន
សមាជិកសភាប្រទេសអ៊ីស្រាអែលនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយនេះដើម្បីរំលាយសភាដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតលើកទី៥របស់ប្រទេសនេះ ក្នុងរយៈពេល៣ឆ្នាំប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ