ប៉ុន្ដែ ការអញ្ជើញនេះ ក៏ត្រូវបានគេមើលឃើញថា គឺធ្វើឡើងចំពេលមានក្ដីបារម្ភអំពីឥទ្ធិពលនៃវត្តមានយោធាចិននៅក្នុងតំបន់នេះ។ ដ្បិតថា ថ្មីៗនេះ ទីក្រុងប៉េកាំង និងកោះសូឡូម៉ុង ទើបតែបានចុះអនុស្សរណៈយោគយល់គ្នា ពាក់ព័ន្ធនឹងការពារសន្ដិសុខ។
លោក Campbell បាននិយាយនៅក្នុងវីដេអូពីចម្ងាយនៃកិច្ចប្រជុំកំពូលធុរកិច្ចអាមេរិកនិងនូវែលហ្សេឡង់ថា សហរដ្ឋអាមេរិកមានបំណងនឹងអញ្ជើញក្រុមមេដឹកនាំនៅបណ្ដាប្រទេសនៅជាប់សមុទ្រប៉ាស៊ីហ្វិកឱ្យទៅចូលរួមកិច្ចប្រជុំកំពូលនៅសេតវិមាន ដើម្បីរឹតបន្តឹងចំណងការទូតជាមួយពួកគេ។
ការបញ្ជាក់របស់មន្ត្រីរូបនេះ បានធ្វើឡើងនៅចំពេលមានកង្វល់កើនឡើងកាន់តែខ្លាំងអំពីផលប៉ះពាល់ផ្នែកសន្តិសុខ ដោយសារតែការពង្រីកវត្តមានរបស់ចិននៅក្នុងតំបន់ ដូចដែលបានបង្ហាញតាមរយៈកតិកាសញ្ញាទីក្រុងប៉េកាំង ដែលទើបតែបានចុះហត្ថលេខាជាមួយប្រទេសកោះសូឡូម៉ុន (Solomon) កាលពីខែមុននេះឯង។
លោក ខេមបែល បាននិយាយថា ដើម្បីឱ្យនយោបាយបរទេសរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដូច្នេះហើយអាមេរិកត្រូវតែធ្វើកិច្ចការបន្ថែមទៀតលើវិស័យមួយចំនួនដែលចាំបាច់និងមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមប្រទេសស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិក។
លោកបានបន្តទៀតថា រដ្ឋបាលរបស់លោក Biden ក៏នឹងធ្វើការងារជាមួយទីភ្នាក់ងារផ្ដល់ជំនួយរបស់អាមេរិកUSAID និងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់មូលនិធិដល់គម្រោងនានានៅក្នុងតំបន់ក៏ដូចជាការស្ដារនិងពង្រីកទីភ្នាក់ងារអ្នកស្មគ្រចិត្តអភិវឌ្ឍន៍អន្តរជាតិ Peace Corps ឱ្យបានច្រើននៅក្នុងតំបន់នេះ ហើយក៏នឹងបង្កើនការគាំទ្រសម្រាប់ការចូលរួមពហុភាគីតាមរយៈវេទិកាប្រជុំកោះប៉ាស៊ីហ្វិកផងដែរ។
លោក Campbell បានបន្ថែមទៀតថា សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះអនាគតនៃវេទិកានេះ ហើយនឹងដាក់ក្រុមការងាររបស់ខ្លួន ដើម្បីធ្វើជាតំណាងគាំទ្រវេទិកានេះនៅក្នុងពេលខាងមុខនេះ ហើយអាមេរិកនឹងធ្វើការជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកដើម្បីធ្វើការងារឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយប្រទេសនូវែលសេឡង់ អូស្ត្រាលី ជប៉ុន អង់គ្លេស បារាំង និងប្រទេសផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ជេស៊ីនដា អាដើន (Jacinda Ardern) បាននិយាយនៅព្រឹកថ្ងៃចន្ទនេះនៅក្នុងសន្និសីទធុរកិច្ចមួយថា កម្រិតនៃភាពក្អេងក្អាង និងការឈ្លានពាននៅក្នុងតំបន់កំពុងតែកើនឡើងយ៉ាងខ្លាំង ប៉ុន្តែលោកស្រីមិនបង្ហាញពីប្រភពនៃភាពតានតឹងនេះ ថាជាប្រទេសណានោះទេ។
លោកស្រីបានបន្ថែមថា លោកស្រីគិតថា នូវែលហ្សេឡង់និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនមែនចង់បង្ហាញពីអំនួតរបស់ខ្លួនពាក់ព័ន្ធនឹងការរៀបចំសន្តិសុខសម្រាប់ប្រទេសនូវែលសេឡង់នោះទេប៉ុន្តែគ្រាន់តែចង់បង្ហាញថា ប្រទេសនេះមានភាពជាដៃគូនិងទំនាក់ទំនងដ៏រឹងមាំ ហើយប្រទេសនេះក៏បានឃើញមានការចូលរួមកាន់តែកើនឡើងនៅក្នុងតំបន់នេះផងដែរ៕
អត្ថបទ៖ សុខ ជា