
តុលាការពាណិជ្ជកម្មរបស់អាម៉េរិក បានសម្រេចរាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់សហរដ្ឋអាម៉េរិក ដែលដាក់ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ចៅក្រមរបស់តុលាការនេះបានអះអាងថា លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចហួសពីអ្វី ដែលច្បាប់កំណត់ពាក់ព័ន្ធនឹងការដាក់ពន្ធលើការនាំចូលពីដៃគូពាណិជ្ជកម្ម។ តុលាការនេះបានបកស្រាយថា ជាធម្មតារដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក ផ្តល់ឱ្យសភានូវសិទ្ធិអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ ដើម្បីការពារសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។
ចៅក្រម៣រូប ពាក់ព័ន្ធករណីបណ្តឹងរឿងពន្ធបដិការនេះ បានអះអាងថា ការដែលប្រធានាធិបតី ប្រើប្រាស់ពន្ធជារួមមកគ្របដណ្តប់លើការនាំចូលទំនិញផ្សេងៗ ដែលពលរដ្ឋកំពុងមានតម្រូវការ គឺជាការសម្រេចដែលមិនត្រឹមត្រូវ។ ជាមួយគ្នានេះ ចៅក្រម ក៏បានចេញដីកាបង្គាប់ឲ្យរដ្ឋបាលលោក ត្រាំ ចេញបទបញ្ជាថ្មីពាក់ព័ន្ធនឹងបញ្ហាពន្ធបដិការនេះក្នុងរង្វង់១០ថ្ងៃ ក៏ដូចជាប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។ នៅប៉ុន្មាននាទីក្រោយកាសម្រេចរបស់តុលាការនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចេញសេចក្តីជូនដំណឹងពីការប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។
គួរបញ្ជាក់ថា តុលាការពាណិជ្ជកម្មអាម៉េរិក ជាស្ថាប័នឯករាជ្យ ដែលមានមូលដ្ឋាននៅសង្កាត់ មែនហាតាន់ នៅបុរីញូវយ៉ក។ តុលាការនេះ មានតួនាទីដោះស្រាយបញ្ហាទាក់ទងនឹងវិវាទពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាច្បាប់គយ។ ក្រោយការសម្រេចនេះ រដ្ឋបាលលោក ត្រាំ អាចមានសិទ្ធិប្តឹងទៅឧទ្ធរណ៍ ហើយអាចបន្តទៅតុលាការកំពូល។ លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា កំពុងប្រើប្រាស់សម្ពាធពន្ធបដិការ ដើម្បីធ្វើយ៉ាងណាទាក់ទាញយកកម្លាំងផលិតកម្មឲ្យវិលត្រឡប់មកកាន់សហរដ្ឋអាម៉េរិកវិញ ក៏ដូចជាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលមានទំហំប្រមាណ១,២ទ្រីលានដុល្លារ៕
ដោយៈ សរ សុជាតិ