យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២ខែឧសភា ដោយបានចាត់ទុកទណ្ឌកម្មរបស់អាម៉េរិក ដែលបានដាក់លើរោងចក្រចម្រាញ់ប្រេងរបស់ចិនថា ជាសកម្មភាពខុសច្បាប់ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលចិនបានសម្រេចចេញបទបញ្ជារារាំង ដែលមានន័យថា ចិននឹងមិនទទួលស្គាល់ឬអនុវត្តតាមទណ្ឌកម្មឯកតោភាគីរបស់អាម៉េរិកឡើយ។ ក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់ថា នេះគឺជាការអនុវត្ត ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ដែលតែងតែប្រឆាំងនឹងទណ្ឌកម្មឯកតោភាគី ដែលគ្មានការអនុម័តពីអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងធំៗចំនួន៥របស់ចិនដោយក្នុងនោះរោងចក្រ Hengli ត្រូវបានគេចាត់ទុកថា ជាអតិថិជនលំដាប់កំពូលរបស់ទីក្រុងតេអេរ៉ង់។ អាម៉េរិក បានចោទប្រកាន់ថារោងចក្រទាំងនេះបានផ្ដល់ចំណូលរាប់រយលានដុល្លារដល់កងទ័ពអ៊ីរ៉ង់តាមរយៈការបញ្ជាទិញប្រេងឆៅក្នុងបរិមាណដ៏មហាសាល។
រោងចក្រចម្រាញ់ប្រេងទាំងនេះមានសារៈសំខាន់ខ្លាំងបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការធានាសន្តិសុខផ្នែកថាមពលរបស់ខ្លួនដោយទទួលបានផលប្រយោជន៍ពីប្រេងឆៅតម្លៃថោកៗ ដែលលក់ដោយប្រទេសរងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដូចជាអ៊ីរ៉ង់ រុស្ស៊ី និងវេណេស៊ុយអេឡាជាដើម។ ទោះជាយ៉ាងណា ទណ្ឌកម្មថ្មីនេះបានបង្កជាឧបសគ្គយ៉ាងធំដល់ក្រុមហ៊ុនចិន មិនត្រឹមតែក្នុងការទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការលំបាកក្នុងការលក់ផលិតផលសម្រេចចេញទៅក្រៅប្រទេស ក្រោមស្លាកសញ្ញាបញ្ជាក់ប្រភពដើមផងដែរ។
យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ ចិន បានក្លាយជាទីផ្សារធំបំផុតដោយបានបញ្ជាទិញប្រេងឆៅរហូតដល់ជាង៨០% នៃបរិមាណនាំចេញសរុបរបស់ប្រទេសអ៊ីរ៉ង់៕
អត្ថបទៈ សួន ឡង់ទី