លោកស្រី ជេណេត យេឡិន រដ្ឋមន្ត្រីរតនាគារអាម៉េរិក គ្រោងថ្លែងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេសឆាប់ៗនេះ ដោយគេរំពឹងថា លោកស្រីអាចនឹងរិះគន់ចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលគ្រោងយកពន្ធដ៏ទូលំទូលាយលើផលិតផលនាំចូលសហរដ្ឋអាម៉េរិក។ លោកស្រីបានព្រមានថា ការយកពន្ធដែលលោក ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានគាំទ្រនេះ នឹងធ្វើឱ្យខូចប្រព័ន្ធសេដ្ឋកិច្ចអាម៉េរិក។ នេះបើតាមកាសែត New York Times។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ គ្រោងនឹងនិយាយនៅពេលនោះថា ការយកពន្ធដ៏ទូលំទូលាយដែលគ្មានកំណត់គោលដៅច្បាស់លាស់នេះ នឹងបង្កើនការចំណាយសម្រាប់ពលរដ្ឋអាម៉េរិក និងធ្វើឱ្យអាជីវកម្មរបស់អាម៉េរិក បាត់បង់ភាពប្រកួតប្រជែងដូចកាលពីមុន។
លោក ដូណាល់ ត្រាំ បានយកបញ្ហាការដំឡើងពន្ធគយ និងកាត់បន្ថយពន្ធដារធ្វើជាធាតុសំខាន់ៗសម្រាប់រៀបចំផែនការសេដ្ឋកិច្ចរបស់លោក ដើម្បីទាក់ទាញអ្នកបោះឆ្នោត ដែលពួកគេភាគច្រើនបានចាត់ទុកសេដ្ឋកិច្ចថា ជាបញ្ហាដ៏ធំបំផុត សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg កាលពីពេលថ្មីៗ លោក ត្រាំ បានការពារគោលនយោបាយពាណិជ្ជកម្ម និងសំណើសារពើពន្ធផ្សេងទៀតរបស់លោក។
បេក្ខជនប្រធានាធិបតីរូបនេះ បានអះអាងថា គោលនយោបាយពាណិជ្ជកម្មរបស់លោកនេះមិនត្រឹមតែឱ្យដំឡើងពន្ធលើទំនិញរបស់ប្រជែងចិនប៉ុណ្ណោះទេ ថែមទាំងលើទំនិញមកពីសម្ពន្ធមិត្តដូចជាសហភាពអឺរ៉ុប ផងដែរ ព្រោះលោកយល់ថា ការធ្វើបែបនេះវានឹងធ្វើឱ្យផលិតកម្មរបស់អាម៉េរិករស់ឡើងវិញ និងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយកង្វល់អំពីឱនភាពសេដ្ឋកិច្ចរបស់សហអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល