ធនាគារ និងអចលនទ្រព្យចិន

ធនាគារធំៗរបស់ចិនចំនួនពាក់កណ្ដាល កាត់បន្ថយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ


មានជាងពាក់កណ្តាលនៃធនាគារដែលផ្តល់ប្រាក់កម្ចីឈានមុខគេនៅប្រទេសចិនបានកាត់បន្ថយការផ្ដល់កម្ចីរបស់ពួកគេ ចំពោះវិស័យអចលនទ្រព្យកាលពីឆ្នាំមុន នៅក្នុងនិន្នាការមួយដែលទំនងជាចង់បង្កើនការរឹតបន្ដឹងការផ្ដល់សាច់ប្រាក់របស់ខ្លួន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងតែជួបបញ្ហា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ធនាគារធំៗរបស់ចិន កាត់បន្ថយការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ
ដោយ

ការ​ផ្ដល់​ប្រាក់​កម្ចី​យ៉ាងច្រើន​ដល់​ឧស្សាហកម្ម​មួយ​នេះ​បាន​ធ្លាក់​ចុះ​កាលពី​ចុងឆ្នាំ​២០២១​បើ​ធៀប​នឹង​ឆ្នាំ​២០២០​នៅ​តាម​ធនាគារ​ចំនួន ១៧ ក្នុង​ចំណោម​ធនាគារ​ឈានមុខ​គេ​ចំនួន​៣២ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង ដែល​ក្នុង​នោះ​ក៏​មាន​ធនាគារ​របស់​រដ្ឋ​ចិន ឆៃ​ណា ស៊ី​ទិ​ក (China CITIC) និង​ធនាគារ ឆៃ​ណា មីន​សេង (China Minsheng) ដែល​ជា​ធនាគារឯកជន​ធំ​បំផុត​នៅ​ប្រទេស​ចិន​ផង​ដែរ​។

ធនាគារ​សេង ជី​ង (Shengjing) គ្រប់គ្រង​ដោយ​ក្រុមហ៊ុនមេ China Evergrande Group ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌក និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នោះ​បាន​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុម​អ្នក​អភិវឌ្ឍន៍​បន្ទាប់​ពី​ធនាគារ​នេះ បាន​បង្កើន​ការ​ផ្ដល់​កម្ចី​កើនឡើង​ជិត​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០២០​។

ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ក្នុង​តំបន់​មួយ​ចំនួន​បាន​ដកខ្លួន​ថយ​ស្ទើរ​ទាំងស្រុង​ក្នុង​ការ​ផ្ដល់​កម្ចី​ទៅ​កាន់​អ្នក​អភិវឌ្ឍន៍ ដូច​ជា​ធនាគារ China Bohai Bank មាន​មូលដ្ឋាន​នៅ​ទីក្រុង​ធៀន​ជិន (Tianjin) ដែល​បាន​កាត់​បន្ថយ​ការ​ផ្ដល់​កម្ចី ៣២%​។ ប្រាក់​កម្ចី​សរុប​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ធនាគារ​ធំ​ទាំង​បួន​របស់​ប្រទេស​ចិន​បាន​កើនឡើង​ត្រឹមតែ ប្រមាណ​៥%​ប៉ុណ្ណោះ គឺ​តិច​ជាង​ការ​ផ្តល់​កម្ចី​ជា​រួម​របស់​ពួក​គេ  ហើយ​វា​ក៏​ជា​កំណើន​យឺត បើ​ធៀប​នឹង​តួលេខ​កំណើន​ពីរ​ខ្ទង់​នៅ​ចន្លោះ​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២០​។

ស្រប​ពេល​ដែល​ការ​ផ្ដល់​ប្រាក់​កម្ចី​អចលនទ្រព្យ​ធ្លាក់​ចុះ​កាន់តែ​ច្រើន​ឡើង​ៗ​នោះ ស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​មាន​បំណង​កាត់​បន្ថយ​ហានិភ័យ ដែល​ពួក​គេ​ប្រឈម​មុខ ដោយ​ទុក​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​កំពុង​ជួប​ការ​លំបាក​នូវ​ជម្រើស​តិចតួច​បំផុត​។ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ក៏​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ដ៏​ផុយ​ស្រួយ​នេះ​។

អាជ្ញាធរ​ចិន​បាន​ចាប់ផ្តើម​បន្ថយ​កុំ​ឲ្យ​មានការ​ច្រើន​ពេក​ពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍន៍​ចាប់ពី​ឆ្នាំ​២០២០​មក ដោយ​កំណត់​«​បន្ទាត់​ក្រហម​» ចំនួន​៣​នៅ ដើម្បី​បង្អាក់​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា ដែល​មិនសូវ​មាន​ហិរញ្ញវត្ថុ​ច្រើន​។ ការ​ដាក់​កំហិត​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ និង​ការ​ណែនាំ​អំពី​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត​ផង​ដែរ​។

ទុក្ខ​លំបាក​របស់​ឧស្សាហកម្ម​នេះ​បាន​ធ្លាក់​ទៅ​លើ​ស្ថាប័ន​មួយ​ចំនួន​ដូច​ជា​ម្ចាស់បំណុល​របស់​ក្រុមហ៊ុនមេ Evergrande គឺ​ធនាគារ Minsheng ដែល​ភាគហ៊ុន​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​ចំ​ពេល​មាន​វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​។ ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​បាន​ពិនិត្យពិច័យ​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​យ៉ាង​ដិត​ដល់​ដោយសារ​ព្រួយបារម្ភ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​អាច​នឹង​ត្រូវ​រង​គ្រោះ​ដោយសារ «​បំណុល​លាក់កំបាំង​» ជា​ច្រើន​ដែល​ពួក​គេ​មិន​បាន​បង្ហាញ​។

ធនាគារ Minsheng បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ស្ដី​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២១​ថា ខ្លួន​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​តម្រូវការ​តាម​បទ​ប្បញ្ញត្តិ សម្រាប់​វិស័យ​អចលនទ្រព្យ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​គ្រប់គ្រង​ដំណើរការ​ឥណទាន​ទាំងមូល​ផង​ដែរ​។

ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍ ដែល​កំពុង​ជាប់​គាំង​រឿង​សាច់ប្រាក់ ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​មូលនិធិ​បន្ថែម​ពី​ធនាគារ​នោះ គេ​សង្កេត​ឃើញ​ថា សាច់ប្រាក់​សរុប ដែល​ក្រុមហ៊ុន​អភិវឌ្ឍន​ចំនួន​១០០​ក្រុមហ៊ុន ដែល​ទទួល​បាន​រួម​ទាំង ពី​កម្ចី​ធនាគារ និង​បំណុល​សាជីវកម្ម​ផង​នោះ មាន​ជាង​៦​ពាន់​លាន​ដុល្លារ​គិត​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ ពោល​គឺ បាន​ធ្លាក់​ចុះ​៥៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​បង្ហាញ​ដោយសារ​ប័ន​ព័ត៌មាន​អចលនទ្រព្យ​ចិន​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកឃ្មុំវៀតណាមទទួលការគាំទ្រកាន់តែមានការកើនឡើងខ្លាំង សម្រាប់ការនាំចេញទៅតៃវ៉ាន់

ព័ត៌មាន
ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់កោះតៃវ៉ាន់បានកើនឡើង ៥៧% កាលពីឆ្នាំ២០២១ ដោយមានទំហំទឹកប្រាក់ជាង១លាន៦សែន ដុល្លារអាមេរិក ដោយសារតម្លៃ…

ជាមួយអេស៊ីលីដាម៉ូបាល ការផ្ញើប្រាក់ជូនមនុស្សជាទីស្រឡាញ់គឺងាយស្រួលបំផុត! ផ្ញើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង!

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតមកដល់ហើយ តើលោកអ្នកបានផ្ញើប្រាក់ជូនដល់មនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាមួយនឹងការប្រើប្រាស់អេស៊ីលីដាម៉ូបាល អតិថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ