អាមេរិក - ចក្រភពអង់គ្លេស

អាមេរិក និងចក្រភពអង់គ្លេសលាតត្រដាងផែនការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី


មេដឹកនាំសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកាលពីថ្ងៃចន្ទ ទី ១៣ មីនា បានបង្ហាញព័ត៌មានលម្អិតនៃផែនការផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាជំហានដ៏សំខាន់មួយពាក់ព័ន្ធនឹងការវិនិយោគរាប់រយពាន់លានដុល្លារលើវិស័យយោធាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងគោលបំណងប្រឆាំងនឹងមហិច្ឆតារបស់ចិន ដែលកំពុងរះឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបង្ហាញផែនការនាវាមុជទឹកដល់អូស្ត្រាលី រូបភាព reuters
ដោយ

ថ្លែងសុន្ទរកថានៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុង San Diego អមដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ជាមួយនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មេដឹកនាំទាំងបីបានហៅកិច្ចព្រមព្រៀងក្រោមភាពជាដៃគូការពារសន្តិសុខត្រីភាគី AUKUS ឆ្នាំ២០២១ នេះថា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នាចំពោះ «ឥណ្ឌូណេសេរីនិងបើកចំហ» ដែលមានសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត និងមានសមត្ថភាពខ្លាំក្លានៃប្រទេសម្ព័ន្ធមិត្តទាំងបីប្រទេស។

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា នៅក្រោមកិច្ចព្រមព្រៀង AUKUS សហរដ្ឋអាមេរិកមានបំណងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia របស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿង ដែលផលិតដោយក្រុមហ៊ុន General Dynamics ទៅឱ្យប្រទេសអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ជាមួយនឹងជម្រើសក្នុងការទិញពីរគ្រឿងបន្ថែមទៀត ប្រសិនបើទីក្រុងកង់បេរ៉ាចង់បាន។

ទោះយ៉ាងណា លោក Biden បានសង្កត់ធ្ងន់ថា នាវាមុជទឹកនឹងដំណើរការដោយថាមពលនុយក្លេអ៊ែរទាំងនោះ មិនមែនមានអាវុធនុយក្លេអ៊ែរទេ»។

ទោះជាបែបនេះក្ដី ប្រទេសចិនបានថ្កោលទោស កិច្ចព្រមព្រៀង AUKUS នេះថា ជាទង្វើខុសច្បាប់នៃការរីកសាយអាវុធនុយក្លេអ៊ែរ។ គួរជម្រាបដែរថា អូស្ត្រាលីក៏បានធ្វើឱ្យបារាំងខកចិត្តមិនតិចដែរ ក្រោយទីក្រុងកង់បេរ៉ាលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកធម្មតារបស់បារាំងភ្លាមៗ និងបែរទៅទិញនាវារបស់សហរដ្ឋអាមេរិកវិញនោះ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានមួយក្រុមកាលពីថ្ងៃសុក្រ លោក Jake Sullivan បានច្រានចោលការព្រួយបារម្ភរបស់ប្រទេសចិន ដោយបានលើកឡើងពីការកសាងយោធារបស់ទីក្រុងប៉េកាំង រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងសមុទ្រចិនខាងត្បូង និងឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

ដោយឡែក លោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា លោករំពឹងថា កិច្ចព្រមព្រៀង AUKUS នឹងផ្តល់ផល ៦ ពាន់លានដុល្លារលើការវិនិយោគក្នុងសមត្ថភាពឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលីក្នុងរយៈពេល ៤ ឆ្នាំខាងមុខទៀត និងបង្កើតការងារផ្ទាល់ប្រហែល ២ម៉ឺនកន្លែងក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃនិយាយថា ការដួលរលំរបស់ធនាគារអាមេរិក SVB ទំនងជានឹងមិនប៉ះពាល់ដល់ប្រទេសថៃឡើយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលោក អាខុម តឺមពីតតាយ៉ាផៃសិដ្ឋ (Arkhom Termpittayapaisith) បាននិយាយថា ក្រសួងហិរញ្ញវត្ថុថៃកំពុងតាមដានយ…

ម្ចាស់ភាគហ៊ុនធនាគារ Silicon Valley ប្តឹងនាយកប្រតិបត្តិកំពូលៗ ដោយចោទប្រកាន់ថាបានលាក់បាំងព័ត៌មាន

ការដួលរលំរបស់ធនាគារ Silicon Valley ដែលជាធនាគារដ៏ធំរបស់សហរដ្ឋអាមេរិកមានទ្រព្យសកម្មរហូតដល់ទៅ ២០៩ ពាន់លានដុល្លារ និង ប្រាក់បញ្ញើដល់ទៅជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ