រដ្ឋមន្ត្រីការពារជាតិលោក Richard Marles និងរដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong របស់ប្រទេសអូស្ត្រាលី បានទៅដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី៧ ខែធ្នូនេះ ដើម្បីជួបសមភាគីអាមេរិកក្នុងអ្វីដែលជាការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-អាមេរិកលើកទី៣២ (AUSMIN) ចាប់តាំងពីលោក Anthony Albanese និងគណបក្សរបស់លោក បានជាប់ឆ្នោតក្នុងប្រទេសអូស្ត្រាលីមក។
ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសអូស្ត្រាលីបានយល់ព្រមបង្កើនល្បឿននៃអ្វីដែលគេហៅថា អន្តរកម្មយោធាជាមួយសហរដ្ឋអាមេរិក ពោលគឺបង្កើនវត្តមានយោធារបស់ប្រទេសមហាអំណាចមួយនេះនៅក្នុងប្រទេសអូស្ត្រាលី ហើយប្រទេសទាំងពីរក៏ត្រៀមអញ្ជើញសម្ព័ន្ធមិត្តជប៉ុនឱ្យចូលរួមជាមួយពួកគេផងដែរ។ បើតាមលោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិតជាសំខាន់ណាស់នូអ្វីដែលយើងកំពុងធ្វើនេះ ហើយអ្វីដែលរឹតតែសំខាន់មិនអាចខ្វះបាននោះគឺការចូលរួមពីប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់ ដោយអ្វីដែលយើងកំពុងទន្ទឹងរង់ចាំនោះគឺការចូលរួមកាន់តែស៊ីជម្រៅពីសំណាក់សម្ព័ន្ធមិត្តជប៉ុន»។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា ប្រទេសទាំងពីរបានយល់ព្រមលើកិច្ចសហប្រតិបត្តិការ «ឱ្យកាន់តែស៊ីជម្រៅ» តាមរយៈការពង្រឹងវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអូស្ត្រាលី។ លោក អូស្ទីន បាននិយាយថា «ដោយផ្អែកលើកិច្ចពិភាក្សាថ្ងៃនេះ ទីក្រុងវ៉ាស៊ិនតោននឹងបង្កើនវត្តមានកងកម្លាំងអាមេរិកនៅក្នុងប្រទេសអូស្ត្រាលី» ហើយវាក៏រាប់បញ្ចូលទាំងការដោះដូរយន្តហោះទម្លាក់គ្រាប់បែក និងការពង្រីកសមត្ថភាពទ័ពជើងទឹកអាមេរិក និងកងទ័ពផ្សេងទៀតរបស់អាមេរិកនាពេលអនាគតផងដែរ ។
លោកបានសង្កត់ធ្ងន់ថា «មិត្តភាព» របស់អូស្ត្រាលីជាមួយសហរដ្ឋអាមេរិកនឹងក្លាយជា «មូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ» ទៅអនាគត។ ហើយអូស្ត្រាលីមិនមែនជាប្រទេសដំបូងដែលរងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរបស់ចិននោះទេ ដូច្នេះហើយអាមេរិកនឹងឈរជាមួយទីក្រុងកង់បេរ៉ាប្រឆាំងនឹង «កលល្បិចដាក់សម្ពាធ» របស់ក្រុងប៉េកាំង។
ប្រទេសចិនគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីជាកម្លាំងដ៏សំខាន់ដើម្បីប្រឆាំងនឹងការពង្រីកខ្លួនរបស់ទីក្រុងប៉េកាំង។ សកម្មភាពដ៏គ្រោះថ្នាក់ និងការបង្ខិតបង្ខំរបស់ចិននៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជុំវិញកោះតៃវ៉ាន់ ឆ្ពោះទៅរកប្រទេសកោះប៉ាស៊ីហ្វិក និងនៅសមុទ្រចិនខាងកើត និងខាងត្បូងបានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់តែម្តង»។ នេះបើតាមការលើកឡើងរបស់លោក ឡ៉យដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះ ក្នុងជំនួបនោះដែរគេសង្កេតឃើញថា មិនដូចលោក អូស្ទីន នោះទេ រដ្ឋមន្ត្រីអូស្ត្រាលីទាំងពីរគឺមិនហ៊ាននិយាយឈ្មោះប្រទេសចិនចំៗនោះទេនៅក្នុងសុន្ទរកថានៃកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននោះ។ តាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បាននិយាយថា៖ មិនគួរមាន «ការផ្លាស់ប្តូរដោយឯកតោភាគីចំពោះស្ថានការដើម» លើកោះតៃវ៉ាន់នោះទេ ហើយថាអូស្ត្រាលីនឹងនៅតែបន្ត «ទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងទៅមុខទៀតជាមួយតៃវ៉ាន់»។
មែនទែនទៅ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីបានធ្វើការជាមួយគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈអ្វីដែលគេតែងហៅថាសម្ព័ន្ធចតុភាគី (Quad) រួមមានឥណ្ឌាដែរ ហើយវាត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីធ្វើការទប់ស្កាត់ការពង្រីកខ្លួនយ៉ាងរហ័សទាំងយោធា និងឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិនក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។