ក្រុមប្រទេស G20

ក្រុមប្រទេស G20៖ សេដ្ឋកិច្ចសកលកំពុងរងការគំរាមគំហែងពីមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា


ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង២០ G20 ព្រមានថា វត្តមានកូវីដ១៩ «ឌែលតា» នឹងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ហៅកាត់ថាG20 ក្រុមប្រទេសទាំងនេះ បានព្រមានពីការគម្រាមកំហែងដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោក ក្រោយវត្តមាននៃជំងឺកូវីដ-១៩បំប្លែងខ្លួន ឌែលតា កំពុងអុកឡុកពិភពលោកកាន់តែខ្លាំង ដ្បិតថាមេរោគបំប្លែងថ្មីនេះ មានកម្រិតឆ្លងខ្ពស់ជាងមេរោគដើម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមប្រទេសសមាជិកG20 ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីក្រុងវេនីស ប្រទេសអ៊ីតាលី ឆ្នាំ២០២១

កិច្ចប្រជុំ​ទល់​មុខជា​លើក​ដំបូង​ចាប់តាំងពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ កាលពី​ចុង​ស​ប្តា​ហ៍​នេះ នៅ​ប្រទេស​អ៊ី​តា​លី ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំងនេះ បាន​លើកយក​បញ្ហា​ដែល​កំពុង​កើត​ឡើងជា​ច្រើន​មក​ជជែក​ពិភាក្សា តួយ៉ាង​មាន​ដូច​ជា បញ្ហា​សេដ្ឋកិច្ច​អំឡុង​ពេល និង​ក្រោយ​ពេល​វិបត្តិ​កូ​វី​ដ​-១៩ បញ្ហា​អាកាសធាតុ និង ការ​យកពន្ធ​លើ​ក្រុមហ៊ុន​អន្តរជាតិ​។

បញ្ហា​សេដ្ឋកិច្ច​បាន​ក្លាយជា​ប្រធានបទ​ស្នូល​ក្នុង​ការ​ជជែក​ពិភាក្សា ដោយ​ប្រទេស​ទាំង​២០​បាន​សាទរ​ចំពោះ​ងើបឡើង​វិញ​ជា​វិជ្ជមាន របស់​សេដ្ឋកិច្ច​ពិភពលោក ដោយសារ​តែ​ការ​បញ្ចេញ និង​ការ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន និង​បាន​ទាន់​ពេលវេលា បូក​រួម​នឹង​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ ជា​ពិសេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

យ៉ាងណាមិញ កិច្ចប្រជុំ​បាន​ព្រមាន​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ថា​មាន​ភាព​ផុយ​ស្រួយ​មែនទែន​។ ផុយ​ស្រួយ​ក៏​ដោយសារ​តែ ការ​លេចឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ជា​ច្រើន​ប្រភេទ និង​ជា​ពិសេស​ប្រភេទ ឌែ​លតា ដែល​កំពុង​ធ្វើទុក្ខបុកម្និញ​ដល់​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ដោយសារ​តែ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​វា​។

នៅ​ចំពោះ​មុខ​បញ្ហា​នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​រីក​ចម្រើន​ទាំង​២០ បាន​សន្យា​ថា នឹង​ប្រើ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី​នេះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​អ៊ី​តា​លី ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ បាន​ព្រលយ​សម្តី​ថា ទោះជា​យ៉ាងណា​ក៏​គេ​មិន​គួរ​ជ្រើស​យក​វិធីសាស្ត្រ​បិទ​ខ្ទប់ ឬ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩​នោះ​ទេ ដោយសារ​តែ​វិធានការ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​។

សូម​ជម្រាប​ថា ក្រុម​ប្រទេស G20 សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​ពិភពលោក ដែល​រួម​ប​ញ្ជូ​ល​គ្នា​ទៅ ផលិតផល​ក្នុងស្រុក​សរុប​ឬ GDP របស់​G20​មាន​ប្រមាណ ៨០% នៃ GDP ពិភពលោក ហើយ​ស្មើនឹង​៧៥%​នៃ​ពាណិជ្ជកម្ម​សាកល​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(FTA) នឹងចូលជាធរមាននៅដើមឆ្នាំ២…

កោះភូកេត រកឃើញទេសចរមានឆ្លងកូវីដ-១៩ជាបន្ដបន្ទាប់

ព័ត៌មាន
គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់កោះភូកេតរបស់ថៃកំពុងរងសម្ពាធកាន់តែខ្លាំងឡើងហើយ ក្រោយពេលដែលមានរកឃើញភ្ញៀវទេសចរអន្តរជាតិបានឆ្លងកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ