លោកស្រី Yellen បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយគណៈកម្មា Bretton Woods ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីធ្វើឱ្យមានសមាហរណកម្មស៊ីជម្រៅជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចរះឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ខណៈអាមេរិកក៏កំពុងបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនផងនោះ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិករូបនេះបានបន្ថែមថា «សហរដ្ឋអាមេរិកដឹងថា រុស្សីកំពុងសម្រួចកាណុងពាណិជ្ជកម្មរបស់ខ្លួនដើម្បីធ្វើជាឧបករណ៍ «គំរាមគំហែងផ្នែកភូមិសាស្ត្រនយោបាយ» ហើយក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ដោយវ៉ាស៊ីនតោនសូមបញ្ជាក់ថា រុស្សីតែម្នាក់ឯងគត់ ដែលត្រូវទទួលខុសត្រូវចំពោះការលុកលុយទៅលើអ៊ុយក្រែន ព្រមទាំងជាអ្នកបិទផ្លូវនៃការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលពីប្រទេសនេះទៅកាន់ពិភពលោកជាលើកដំបូងផងដែរ។
លោកស្រី Yellen និងមន្ត្រីរដ្ឋបាលលោក បៃដិន ផ្សេងទៀត ក៏បាននិយាយអំពីភាពចាំបាច់ក្នុងការកាត់បន្ថយការពឹងផ្អែកលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន និងប្រឆាំងនឹងអ្វីដែលសេតវិមានមើលឃើញថា ជាអាកប្បកិរិយាមិនល្អរបស់ទីក្រុងប៉េកាំងចំពោះសេដ្ឋកិច្ចពិភពលោកនោះ។
ទន្ទឹមគ្នានេះ បើតាមអះអាងដោយមន្ត្រីកំពូលអាមេរិករូបនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីកាត់បន្ថយលើ «ការពឹងផ្អែកខ្លាំង» របស់ក្រុមហ៊ុនអាមេរិកលើការផលិតបន្ទះឈីបពីតៃវ៉ាន់ និងបច្ចេកវិទ្យាផ្សេងទៀត រួមទាំងបន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏ដូចជាសមាសធាតុសំខាន់ៗសម្រាប់អាគុយរថយន្តអគ្គិសនី ដែលផលិតនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀតជាដើម។
កាលពីខែកញ្ញាកន្លងទៅ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai ក៏បានលើកឡើងពីការព្រួយបារម្ភអំពី «គោលនយោបាយ និងការអនុវត្តសេដ្ឋកិច្ចទីផ្សារបើកចំហរ និងមានលក្ខណៈបង្ខិតបង្ខំ» របស់ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី Kemi Badenoch ផងដែរ៕