
ស្ថិតក្នុងស្ថានភាពបែបនេះ លោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្រ្តីរតនាគារ អាម៉េរិក បានព្រមានថា ក្នុងករណីគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងបន្ទាប់ពីការផ្អាក៩០ថ្ងៃផុតកំណត់ នោះពន្ធនឹងត្រូវបង់ទៅតាមកំណត់ដែលដាក់ចេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
លោក ស្តុត បេសេន រដ្ឋមន្ត្រីរតនាគារអាម៉េរិក បាននិយាយក្នុងបទសម្ភាសតាមទូរទស្សន៍ CNN កាលពីចុងសប្តាហ៍មុនថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធតាមអត្រា ដែលលោកបានប្រកាសកាលពីដើមខែមេសា លើប្រទេសដៃគូពាណិជ្ជកម្ម ដែលមិនបានចរចាដោយស្មោះត្រង់ជាមួយអាម៉េរិក។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះរដ្ឋបាលអាម៉េរិកកំពុងផ្តោតលើការចរចាជាមួយនឹងប្រទេសចំនួន១៨ តែមិនបានបញ្ជាក់ពីឈ្មោះប្រទេសទាំងនេះនោះទេ ដោយគ្រាន់តែលើកឡើងថា លទ្ធផលដាក់ពន្ធ ឬមិនដាក់ពន្ធវាអាស្រ័យលើថាតើប្រទេសទាំងនោះបានចរចាដោយស្មោះត្រង់ជាមួយអាម៉េរិក ឬយ៉ាងណា?
លោកបានព្រមានថា ក្នុងករណីពួកគេចរចាមិនស្មោះត្រង់ រដ្ឋបាលសហរដ្ឋអាម៉េរិកនឹងកំណត់ពន្ធទៅតាមអត្រា ដែលបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ដូច្នេះលោកស្នើឲ្យប្រទេសទាំងអស់ ដែលមកចរចាត្រូវធ្វើឡើងដោយភាពស្មោះត្រង់។ មកដល់ពេលនេះប្រទេសដែលរូតរះចរចាជាមួយអាម៉េរិក មានដូចជា វៀតណាម កម្ពុជា ថៃ និងឥណ្ឌូនេស៊ីជាដើម។ ពន្ធបដិការត្រូវបានសហរដ្ឋអាម៉េរិក ប្រកាសដាក់ចេញនៅថ្ងៃទី២ ខែមេសា តែនៅ៧ថ្ងៃក្រោយមកលោក ត្រាំ ក៏បានប្រកាសពន្យាពេលអនុវត្តចំនួន៩០ថ្ងៃ ដោយកំណត់យកពន្ធមូលដ្ឋាន១០%។
ការដាក់គំនាបពន្ធលើទំនិញនាំចូលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុនលក់ទំនិញរាយនានា ជាពិសេសក្រុមហ៊ុន Walmart គ្រោងដំឡើងថ្លៃទំនិញនានារាប់ចាប់តាំងពីចេករហូតដល់ផលិតផលប្រើប្រាស់ផ្សេងៗ ចាប់ពីខែមិថុនា តទៅ។ តែយ៉ាងណាលោក ត្រាំ បានចេញមកព្រមានចំពោះផែនការដំឡើងថ្លៃទំនិញនេះ៕
ដោយៈ សរ សុជាតិ