វិស័យកសិកម្មសេដ្ឋកិច្ចនៅកម្ពុជា

USAID ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនចំនួន៣ក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា


ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនក្នុងផ្នែកវិស័យកសិកម្មកម្ពុជា រួមមាន ប៊ីអអិម អាហ្គ្រោ ឯ.ក, សហករណ៍សរីរាង្គខ្មែរ និងសហគ្រាស លាង ឡេង ក្នុងការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងលទ្ធភាពអាចជ្រៀតចូលទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិរបស់កសិករខ្នាតតូច។
USAID ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនចំនួន៣ក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ចំនួនទុនវិនិយោគសរុបរបស់ក្រុមហ៊ុនទាំងបី និងមូលនិធិដែលគាំទ្រពី USAID មានតម្លៃរហូតដល់ ៤លាន៤សែនដុល្លារ ហើយជាងពាក់កណ្តាលនៃទុននេះ គឺបានមកពីទុនវិនិយោគរបស់ក្រុមហ៊ុនដោយផ្ទាល់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា អ្នកស្រី Hanh Nguyen នាយិកាស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានប្រសាសន៍ថា ការធ្វើការជាដៃគូជាមួយក្រុមហ៊ុនថ្មីទាំងបីនេះ បានគាំទ្រដោយផ្ទាល់ចំពោះគោលដៅរបស់ (USAID) ក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុក្រុមហ៊ុន ដែលហ៊ានសាកល្បង និងអនុវត្តដំណោះស្រាយប្រកបដោយនវានុវត្ត ដែលលើកទឹកចិត្តក្នុងការវិនិយោគលើវិស័យកសិកម្ម ជួយបង្កើនចំណូលដល់កសិករ និងបង្កើនភាពអាចរកបាននូវផលិតផលកសិកម្មកម្ពុជាប្រកបដោយគុណភាព និងសុវត្ថិភាពនៅទូទាំងទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំ ក្រុមហ៊ុន ប៊ីអអិម អាហ្គ្រោ ឯ.ក. (BRM Agro) ដែលវិនិយោគលើដំណាំស្រូវ និងម៉ាស៊ីនស្រូវដែលមានទីតាំងនៅខេត្តកំពង់ធំ នឹងដំណើរការលើឡសម្ងួត ដែលអាចឲ្យក្រុមហ៊ុន ប៊ីអអិម បង្កើនបរិមាណនាំចេញអង្ករក្រអូប ប្រកបដោយគុណភាពខ្ពស់ដែលទិញពីកសិករខ្នាតតូចៗ ដោយផ្តល់នូវប្រភពច្បាស់លាស់ និងទុកចិត្តដល់អ្នកប្រើប្រាស់ ។

យ៉ាងណាមិញ សហករណ៍សរីរាង្គខ្មែរ (KOC) ដែលជាក្រុមហ៊ុនធុរកិច្ចកសិកម្មសង្គម ដែលផលិតនិងលក់ផលិតផលកសិកម្មសរីរាង្គនិង ការអនុវត្តកសិកម្មល្អ (GAP) ដែលនឹងពង្រីកកន្លែងទុកដាក់ត្រជាក់និងវេចខ្ចប់ដើម្បីបង្កើនសមត្ថភាពក្នុងការកែច្នៃ ទុកដាក់ និងដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកលើផលិតផលសរីរាង្គ ដោយផលិតផលទាំងនេះ មានកុងត្រាទិញចេញពីកសិករខ្នាតតូចក្នុងស្រុក។ ការខិតខំប្រឹងប្រែងនេះនឹងជួយដល់កសិករកម្ពុជាជាច្រើនទៀតតាមរយៈការបណ្តុះបណ្តាល និងចុះកិច្ចសន្យាទិញពីពួកគាត់, ហើយតាមរយៈមធ្យោបាយនេះ នឹងជួយបង្កើនចំណូលកសិករ និងអ្នកទិញអាចរកទិញបាននូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព ហើយចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេសផងដែរ។

ដោយឡែក សហគ្រាស លាង ឡេង ជាសហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងប្រេងខ្យងសម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន ផ្សារទំនើប និងគ្រួសារ នឹងវិនិយោគលើប្រព័ន្ធផលិតកម្មទឹកម្ទេសដោយកុងត្រាទិញពីកសិករ ព្រមទាំងពង្រីកទីផ្សារទៅកាន់ខេត្តចំនួន៥ នៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីផ្តូចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) គឺជាកម្មវិធីផ្តូចផ្តើមជាសាកលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងគ្រោះអត់ឃ្លាន និងសន្តិសុខស្បៀង និងគាំទ្រយ៉ាងទូលំទូលាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិក្នុងប្រទេសកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈធ្វើការជាមួយវិស័យឯកជន៕




អត្ថបទបន្ទាប់


មូលនិធិ IFAD បន្តផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារទៀត សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្ម…

ការបោះផ្សាយលក់មូលបត្រនៅថៃមានដល់ជាង ៣ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ជាកម្រិតខ្ពស់បំផុតក្នុងតំបន់

ទីផ្សារមូលបត្រនៅក្នុងប្រទេសថៃ ទទួលបានការបោះផ្សាយលក់មូលបត្រ ឬ IPO នៅក្នុងទំហំដើមមូលនិធិសរុប ៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ដែលជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ