លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អសង្កេតឃើញថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នបានក្លាយជាលំហាត់ដ៏លំបាកមួយសម្រាប់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ។ លោកយល់ឃើញថា សកម្មភាពរបស់យោធាថៃ ដែលបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនរបស់ពលរដ្ឋខ្មែរហាក់មានបំណងអូសទាញកម្ពុជា ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធជាថ្មី ខណៈដែលនយោបាយក្នុងប្រទេសថៃ កំពុងវឹកវរយ៉ាងខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា គ្មានជម្រើសអ្វីល្អជាងការដោះស្រាយដោយសន្តិវិធីនោះទេ ប៉ុន្តែត្រូវបន្ថែមយន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធលើភាគីថៃ និងត្រូវយកចិត្តទុកដាក់ប៉ះប៉ូវផ្លូវចិត្តដល់ពលរដ្ឋដែលរងគ្រោះ។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយក៏បានយល់ឃើញស្រដៀងគ្នាដែរថា ប្រទេសថៃ កំពុងព្យាយាមរុញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែន ខណៈបញ្ហានយោបាយក្នុងប្រទេសថៃ កំពុងឡើងកម្ដៅខ្លាំងជុំវិញការបោះឆ្នោតនាពេលថ្មីនេះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងនឹងការឈ្លានពាន និងចៀសវាងការឈ្លោះប្រកែកគ្នាឯង ដែលអាចធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងអន្ទាក់សង្គ្រាមពេញបន្ទុកតាមបំណងរបស់ភាគីថៃ។ សម្រាប់អ្នកជំនាញរូបនេះ ការតវ៉ាតាមផ្លូវការទូតយ៉ាងដាច់អហង្ការ គឺជាអាវុធដ៏មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះ។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានផ្ដល់យោបល់ថា កម្ពុជា គួររុញបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះដោយតម្លាភាព។ ទន្ទឹមនឹងការដើរតាមផ្លូវច្បាប់ លោកក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការខិតខំពន្លឿនការអភិវឌ្ឍវិស័យការពារជាតិ និងការបង្រួបបង្រួមជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈការពារខ្លួនក្នុងគ្រាអាសន្នផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាយ៉ាងដាច់អហង្ការប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់យោធាថៃ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់បឹងត្រកួន និងការជីកប្រឡាយកែប្រែភូមិសាស្ត្រនៅតំបន់អូរបីជាន់។ កម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះថា ជាការប៉ុនប៉ងបង្កើតសភាពការណ៍ជាក់ស្ដែង ដើម្បីកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណានៅមានជម្រើស កម្ពុជានឹងមិនជ្រើសរើសការដោះស្រាយដោយហិង្សានោះឡើយ។ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើការដោះស្រាយតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងដែលមានស្រាប់ និងតាមរយៈយន្តការគគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ទោះបីជាការចរចានាពេលនេះនៅមានភាពស្មុគស្មាញក៏ដោយ៕
អត្ថបទ៖ ជា ម៉ារ៉ា