
បន្ទាប់ពីការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ នាពហុកីឡដ្ឋានអូឡាំពិកត្រូវបានផ្អាកមុនការកំណត់ដោយមូលហេតុមានភ្លៀងធ្លាក់ជាខ្លាំង វគ្គទី៥ នៃការប្រគំតន្រ្ដីដែលអ្នកគាំទ្រគ្រប់រូបទន្ទឹងរង់ចាំបានកើតឡើងជាថ្មីដោយភាពជោគជ័យ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានបញ្ចប់ដោយរលូនជាមួយស្នាមញញឹមនៃអ្នកគាំទ្រ និងភាពរីករាយនៃកីឡាករគ្រប់រូបដែលចូលរួមការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកនេះ បានចាប់ផ្ដើមឡើងជាថ្មីម្តងទៀត ដោយសារតែ Baramey Production បានសម្ដែងការខកចិត្តរបស់ខ្លួន ដែលមិនអាចបញ្ចប់ការប្រគំតន្ត្រីតាមការគ្រោងទុកបាន រហូតធ្វើឱ្យស្រាបៀរ Tiger មិនអាចឱបដៃឈរមើលដៃគូសហការមានអារម្មណ៍សោកស្ដាយ ក៏បំផុសជាគំនិតបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងសាជាថ្មីជាមួយការចូលរួមយ៉ាងពេញទំហឹងពីលោកវណ្ណដាដែលបង្ហាញជាផ្លូវការលើបណ្ដាញសង្គមថា “Let’s go. Let’s do it.”។

បរិយាកាសនៅកោះពេជ្រគឺពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងទស្សនីយភាពនៃការប្រកួតដ៏ស្វិតស្វាញពីកីឡាករនៅក្នុងវគ្គផ្តាច់ព្រ័ត Tiger Street Football អមជាមួយនឹងវត្តមានកំពូលតារារ៉េបលោក វណ្ណដា។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធី ជាមួយនឹងការតម្រង់ជួររង់ចាំចូលទៅកាន់តំបន់ពិសេស Tiger Roar Zone ជាកន្លែងមួយដែលត្រូវបានរៀបចំឡេីងសម្រាប់អ្នកគាំទ្រអាចទទួលបាននូវបទពិសាធន៍នៃការប្រគំតន្ត្រីដ៏អស្ចារ្យមួយ។ សន្ទុះនៃការគាំទ្ររបស់អ្នកគាំទ្រគឺពុំអាចរកអ្វីប្រៀបផ្ទឹមបាន ជាមួយនឹងសម្លេងទះដៃ និងហ៊ោកញ្ជ្រៀវពេញមួយរាត្រី ខណៈពេលដែលវណ្ណដាបានបំពេញបំណងរបស់អ្នកគាំទ្រដោយបាននាំយកមកនូវការសម្តែងបញ្ចប់Act 5 ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ។
អ្វីដែលបានកើតឡើងគឺលើសពីការប្រគំតន្ត្រី ដែលមិនត្រឹមតែមានតារាចម្រៀង និងតន្ត្រីរបស់ខ្លួនប៉ុណ្ណោះទេ តែវាគឺជាការនាំយកមកវិញនូវយុគនៃចម្រៀងដ៏អស្ចារ្យ ដែលដក់ក្នុងចិត្តអ្នកគាំទ្រគ្រប់រូប។ ចម្រៀងដែលមិនទាន់បានច្រៀង ត្រូវបានយកមកច្រៀង និងសម្តែងនៅក្នុង ការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ ដោយពោរពេញដោយថាមពល នៅឯទីក្រុងកោះពេជ្រ និងមានអ្នកទស្សនារាប់ជាងមួយម៉ឺននាក់ ដែលបានក្លាយជាសាក្សីនៃការសម្តែងចម្រៀងដ៏អស្ចារ្យមួយនេះ រហូតគ្រប់គ្នាពោលសរសើរមិនដាច់ពីមាត់ និងសឹងតែក្លាយជាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំប្រចាំទសវត្សរ៍។

ការវិលត្រលប់មកសារជាថ្មីនៃវគ្គទី៥នៃការប្រគំតន្ត្រីនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាង វណ្ណដា ស្រាបៀរ Tiger និង Baramey Production ដែលជាដៃគូសហការក្នុងការលើកតម្កើងតន្ត្រី កីឡា និងវប្បធម៌ជាតិ។
ស្នាមញញឹម និងកម្លាំងចិត្តដែលអ្នកគាំទ្រគ្រប់រូបបានបង្ហាញតាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានបញ្ជាក់យ៉ាងច្បាស់ថា តន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនបានដើរថយក្រោយទេ គឹយើងកំពុងបង្កើតការចាប់ផ្ដើមថ្មីដ៏អស្ចារ្យជាមួយគ្នា។